adverise with khmeread 3

ប៉េ​អ៊ឹម​ផ្សព្វផ្សាយ​មេរៀន​សម្រក​ទម្ងន់ សម្រក​ក្បាលពោះ និង​បច្ចេកទេស​ថែទាំ​កាយសម្បទា​

     ភ្នំពេញ ៖ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​វគ្គ​ផ្សព្វផ្សាយ​មេរៀន​សម្រក​ទម្ងន់ សម្រក​ក្បាលពោះ និង​បច្ចេកទេស​ថែទាំ​កាយសម្បទា​កាលពី ថ្ងៃទី ២២​កុម្ភៈ ឆ្នាំ​២០១៦ តាម​គោលការណ៍​ណែនាំ​របស់ លោក ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធ ហត្ថលើ​ផ្ទៃ​ប្រទេសនិង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដល់​កម្លាំង​អាវុធ ហត្ថ​ក្នុង​ទីបញ្ជាការ​និង​តាម​បណ្តា​ខណ្ឌ​ទាំង​១២ សរុប​ចំនួន ១០២​នាក់​។​

    កម្មវិធី​ខា​លើ​នេះ​រៀបចំឡើង​ក្រោម​ការបង្ហាត់បង្ហាញ​ផ្ទាល់ ពី​លោក វរៈសេនីយ៍ត្រី សៀ ទីន ដែល​គេ​ស្គាល់​ថា​ជា​កូនប្រុស​ច្បង​របស់ លោក​ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង ផងដែរ ។​

    លោក​វរសេនីយ៍ត្រី សៀ ទីន បាន​លើកឡើងថា កម្មវិធី​សម្រក​ទម្ងន់ សម្រក​ក្បាលពោះ និង​បច្ចេកទេស​ថែរក្សា​កាយសម្បទា​ឱ្យបាន​រឹងមាំ​នេះ មិនមែន​សម្រាប់តែ​អ្នក​ដែល​លើស​ទម្ងន់​នោះទេ គឺ​សម្រាប់​មនុស្ស​ទូទៅ ដែល​ចង់បាន កាយសម្បទា​រឹងមាំ និង​សុខ​ភាពល្អ ។​

    លោក វរសេនីយ៍ត្រី សៀ ទីន បាន​បន្ថែមថា មូលហេតុ​នៃ​ការ​លើស​ទម្ងន់​គឺ​បណ្ដាលមកពី​កត្តា​មួយចំនួន ដូចជា​៖ កង្វះ​តុល្យភាព​នៃ​ការប្រើ​ថាមពល​, អសកម្ម​ភាព​ក្នុង​ជីវភាព​រស់នៅ​, បរិយាកាស​ជុំវិញ​, ការប្រើ​ឱសថ​, បញ្ហា​ផ្លូវ​អារម្មណ៍ និង វ័យ​ចំណាស់ ។​ល​។ ដែល​កត្តា​ទាំងអស់នេះ នឹង​នាំទៅរក​ជម្ងឺ​មួយចំនួន​ដូចជា ជម្ងឺលើសឈាម ជម្ងឺ​ទឹកនោមផ្អែម ជម្ងឺ​បេះដូង ជម្ងឺ​សន្លាក់ ជម្ងឺ​ផ្លូវដង្ហើម និង មហារីក ដែលនាំឱ្យ​មានការ​ប៉ះពាល់​ផ្លូវចិត្ត ការងារ ការរកចំណូល និង​កត្តា​ផ្សេងៗ​ទៀត​។​

    ដូច្នេះ​កម្មវិធី​ផ្សព្វផ្សាយ​វិធី​សម្រក​ទម្ងន់ សម្រក​ក្បាលពោះ និង​ថែទាំ​កាយសម្បទា នៅថ្ងៃនេះ មិន​ត្រឹមតែ​ជួយ​ឲ្យ​យើង​គ្រប់គ្នា មាន​សុខ​ភាពល្អ​ប៉ុណ្ណោះ​ទេ គឺអាច​ឈានទៅរក​ការកាត់បន្ថយ​ភាពក្រីក្រ ដែល​បណ្ដាលមកពី​ការចំណាយ​ថវិកា និង​ពេលវេលា​ច្រើន​ក្នុង​ការមើល​ជម្ងឺ ផងដែរ​។​

     ដើម្បី​លើកទឹកចិត្ត​ដល់​កម្លាំង​អាវុធហត្ថ​ដែល​ចូលរួម​កម្មវិធី​សម្រក​ទម្ងន់ សម្រក​ក្បាលពោះ និង​បច្ចេកទេស​ថែទាំ​កាយសម្បទា នេះ លោក សៀ ទីន បាន​បង្កើត​ឲ្យ​មានកម្ម​វិធី ប្រលងប្រជែង ក្នុង​រយៈពេល​៦​ខែ អ្នកណា​ដែល​បាន​ប្រឹងប្រែង​សម្រក​ទម្ងន់ សម្រក​ក្បាលពោះ បានល្អ​ជាងគេ នឹង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ដែល​ក្នុងនោះ​រួមមាន​៖

  លេខ​មួយ​ទទួលបាន ៨០​ម៊ឺ​ន​រៀល​,​លេខ​ពីរ ទទួលបាន ៦០​ម៊ឺ​ន​រៀល​,​លេខ​បី ទទួលបាន ៤០​ម៊ឺ​ន​រៀល​,​លេខ​បួន និង​លេខ​ប្រាំ ទទួលបាន ២០​ម៊ឺ​ន​រៀល​៕​

adverise with khmeread

មតិយោបល់