ប៉ូលិសបើកការស៊ើបអង្កេត ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ប្រើអំពើហិង្សាលោកបណ្ឌិតស៊ុយ សារ៉េត សាស្រ្តាចារ្យ សាកលវិទ្យាល័យកម្ពុជា របួសធ្ងន់ធ្ងរ

​ភ្នំពេញ ៖ លោកបណ្ឌិត ស៊ុយ សារ៉េត សាស្រ្តាចារ្យ ​សាកលវិទ្យាល័យកម្ពុជា របួសធ្ងន់ធ្ងរដោយសារហ្វូងមនុស្សវាយនឹងដុំថ្ម​ ​បន្ទាប់ពីលោកបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយបើកគេចវេសមិនទទួលខុសត្រូវ​ ឥឡូវកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសវៀតណាម​។

​យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅវេលាម៉ោង​៥ និង២៥នាទីល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវ ២៦១ កែងផ្លូវ១៦០​ សង្កាត់ទឹកល្អក់១​ ខណ្ឌទួលគោក រវាងរថយន្ត ម៉ាកGS5 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2AP-9719 ​និងម៉ូតូ១គ្រឿង ម៉ាកឃ្លីច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2FM-2402 បណ្តាលឱ្យអ្នកបើកម៉ូតូរបួស (មិនទាន់ស្គាល់ឈ្មោះ)​​។

​សមត្ថកិច្ចបានបន្តថា ដំបូងរថយន្តបើកតាមបណ្តោយផ្លូវ១៦០ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានបុកម៉ូតូដែលបើកបរពីលិចមកកើត បណ្តាលឱ្យរងរបួសធ្ងន់ សម្រាក
នៅពេទ្យ ហុងហាក់​។ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា មូលហេតុដែលផ្តើមឱ្យមានគ្រោះ ថ្នាក់ចរាចរណ៍នេះ ដោយសារថយន្តបើកលឿនខ្វះការប្រុងប្រយ័ត្ន ហើយបើកគេចវេសមិនទទួលខុសត្រូវ​​។

​សមត្ថកិច្ចបានបន្តថា អ្នកបើកបររថយន្តគឺលោកបណ្ឌិត ស៊ុយ សារ៉េត សាស្រ្តាចារ្យ ​សាកលវិទ្យាល័យកម្ពុជា​ មានទីលំនៅផ្ទះលេខ៦៩​ ផ្លូវលេខ២៧១​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រងរបួសធ្ងន់ដោយសារហ្វូងមនុស្សវាយនឹងដុំថ្ម​ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសវៀតណាម​។

​ដោយឡែកប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ភាគីរថយន្តបន្ទាប់ពីបង្កគ្រោះថ្នាក់ ចរាចរណ៍ហើយ មិនព្រមឈប់ទទួលខុសត្រូវ ដោយព្យាយាមបើករត់គេចពីសំណាញ់ច្បាប់ បើទោះបីប្រជាពលរដ្ឋជិះដេញតាមស្នើឱ្យរថយន្តឈប់ក៏ដោយ​។ រថយន្តបានបើករហូតដល់ ចំណុចម្តុំក្រោយមន្ទីរពេទ្យលោកសង្ឃ ទើបហ្វូងរបស់មហាជនព័ទ្ធចាប់បាន រហូតទំនាស់ ពាក្យសម្តីគ្នាទៅវិញទៅមករវាងមហាជននិងអ្នកបើកបរ រួចបង្កជាអំពើហិង្សាធ្ងន់ធ្ងរតែម្តង​។

​លោក ទីន​ វ៉ាន់ស៊ី​ នាយផ្នែកវាស់វែងគ្រោះថ្នាក់ចរាចរណ៍​ នៃ​ ការិយាល័យចរាចរណ៍រាជធានីភ្នំពេញ​ បានឱ្យដឹងថា​ កម្លាំងរបស់លោកគឺដោះស្រាយតែករណីគ្រោះថ្នាក់ចរាចរណ៍ទៅតាមផ្លូវច្បាប់​។ ចំណែកអ្នកបង្កអំពើហិង្សាវាយម្ចាស់រថយន្ត និងវាយបំផ្លាញរថយន្ត​ ខាងប៉ូលិសព្រហ្មទណ្ឌជាអ្នកបើកការស៊ើបអង្កេត​ កោះហៅជនសង្ស័យមកសាកសួរ​។

​ក្រឡេកមើលការបញ្ចេញមតិរបស់មហាជនក្នុងសង្គមហ្វេសបុកវិញម្តង ក្រោយពីបានឃើញរូបភាពវីដេអូដែលបង្ហាញក្នុងអំពើហិង្សាមកលើអ្នកបើកបរនោះ គឺម្នាក់ៗបាន បញ្ចេញទស្សនៈរៀងៗខ្លួន អ្នកខ្លះលើកឡើងថា ការប្រើប្រាស់អំពើហិង្សារបស់មហាជនបែប នេះ គឺជាអំពើខុសច្បាប់ទាំងស្រុង ត្រូវតែវែកមុខក្រុមទាំងនេះយកមកផ្តន្ទាទោសតាមច្បាប់ ឱ្យខាងតែបាន​។

​អ្នកខ្លះលើកឡើងថា ​សមតែនឹងវាយបែបនេះ ព្រោះបុកគេហើយមិន ព្រមឈប់ដោះស្រាយទទួលខុសត្រូវ ហើយខ្លួនជាបណ្ឌិតសាស្រ្តាចារ្យទៀត ហេតុអីគ្មានឧត្តមគតិនិងមិនស្គាល់ពីច្បាប់បែបនេះ​។

​អ្នកខ្លះលើកឡើងថា ដោយសារការអនុវត្តច្បាប់របស់ សមត្ថកិច្ចអ្នកច្បាប់មួយចំនួនតូច ហាក់បីធ្វើឱ្យពលរដ្ឋរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ អស់ជំនឿចិត្ត ដោយទទួលសំណងមិនសាកសម ឬ កប់បាត់រាប់សិបឆ្នាំក៏មាន​។

​ទោះជាយ៉ាងណា ស្នងការប៉ូលិសរាជធានីភ្នំពេញ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែង នៅព្រឹកថ្ងៃទី១២នេះថា លោកបានបញ្ជាឱ្យសមត្ថកិច្ចតាមរកអ្នក ពាក់ព័ន្ធដែលវាយប៉ងសម្លាប់ អ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ នៅម្តុំមន្ទីរពេទ្យលោកសង្ឃថ្ងៃម្សិលមិញ មកដាក់ទោសតាមច្បាប់។

​លោកបញ្ជាក់ថា ករណីនេះ អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលរត់គេចពីកន្លែងកើតហេតុ គឺច្បាប់ជាអ្នកអនុវត្ត​។ ប៉ុន្តែចំពោះអ្នកដែលវាយអ្នកបើកបរ ក៏ត្រូវតែទទួលទោសផងដែរ ព្រោះវាជាអំពើអសីលធម៌ក្នុងសង្គម និងមិនគួរឱ្យមានកើតឡើងក្នុងរូបភាពបែបនេះទៀត៕

adverise with khmeread