សិស្សសាលារៀនភ្នំកុយ​ រកកល់ដួលសន្លប់ត្រូវបានសង្គ្រោះ

​ប៉ៃលិន​ ៖​ មានករណីក្មេងសិស្សសាលារកកល់សន្លប់ ចំនួន ០២ នាក់ នៅចំណុចសាលារៀនភ្នំកុយ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបានបញ្ជូន ទៅពិនិត្យព្យាបាលនៅមណ្ឌលសុខភាពភ្នំស្ពង់ភ្លាមៗ ក្រោយកើតហេតុកាលពីវេលាម៉ោង​០៧​ និង១០​នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨​នេះ​។

​តាមការ បំភ្លឺរបស់ក្មេងស្រីទាំងពីរ បានឱ្យដឹងថា ក្មេងស្រីទីមួយឈ្មោះ ​ភិន ស្រីប៉ៃ អាយុ​១៤ឆ្នាំ រៀនថ្នាក់ទី៦ រស់នៅភូមិឃុំកើតហេតុខាងលើ បានប្រាប់ថា ខ្លួនមានអាការៈរាគ លាមក ហើយពេលមករៀនខ្លួនមិនបានញ៉ាំអ្វីសោះ ក៏កើតអាការៈអស់កម្លាំង វិលមុខ ខណៈកំពុងរៀនក៏បានរកកល់នឹងសន្លប់តែម្តង​។

​ចំណែកក្មេងស្រីទី០២ ឈ្មោះ ប៉េង ស្រីអ៊ី អាយុ​១៣ឆ្នាំ រៀនថ្នាក់​ទី៦ ជាមួយគ្នារស់នៅភូមិឃុំកើតហេតុខាងលើ បាន បញ្ជាក់ថា ខ្លួនបានហាត់កីឡាអស់កម្លាំងខ្លាំងពេកកាលពីថ្ងៃម្សិលមិញ​។ ​លុះមកដល់ថ្ងៃកើតហេតុ ខ្លួនបានញ៉ាំបាយ តែបីម៉ាត់ ប៉ុណ្ណោះ រួចហើយក៏ចូលរៀន ពេលឃើញឈ្មោះ ភិន ស្រីប៉ៃ រកកល់សន្លប់ ខ្លួនក៏កើតអាការៈ វិលមុខ រកក្អួតរកកល់នឹងសន្លប់ដែរ​។

​បើតាមការសន្និដ្ឋាន របស់លោកគ្រូពេទ្យបានឱ្យដឹងថា ក្មេងស្រីទាំងពីរខាងលើគឺបណ្ដាលមកពីរបបអាហារមិនគ្រប់គ្រាន់​៕

 

adverise with khmeread