ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ថ្នាំ​ញៀន​នៅស្រុក​លើក​ដែក

​​កណ្ដាល​ ៖​ ប៉ូលិសស្រុក​លើក​ដែក​ធ្វើការ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់​ យក​មក​អធិការដ្ឋាន​​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ខណៈ​ដែល​ជនសង្ស័យ​រូប​នេះ​ បាន​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​​កាលពី​វេលា​ម៉ោង​១១ ​និង​១០​នាទី​ ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៨​ ត្រង់​ចំណុច​ផ្លូវលំ​មាត់ទន្លេ​ ស្ថិត​ក្នុងភូមិ​តា​ហ៊ីង​ ឃុំ​ព្រែក​ដាច់​ ស្រុក​លើក​ដែក​ ខេត្តកណ្តាល​។​

​ប៉ូលិសបានឱ្យដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ យ៉ុ​ន​ សុខ​ចេ​ន​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កសិករ​ មាន​ទីលំនៅ​ភូមិ​ព្រែក​តូច​ ឃ​ក​ព្រែ​កក​ដាច់​ ស្រុក​លើក​ដែក​ ខេត្តកណ្តាល​​។ រីឯ​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ​ ផាង​ យ៉ាំ​ង​តឹ​ម​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​យួ​ន​ មុខរបរ​ កសិករ​ ស្នាក់​នៅ​ភូមិ​តា​ហ៊ីង​ ឃុំ​ព្រែក​ដាច់​ ស្រុក​លើក​ដែក​ ខេត្តកណ្តាល​ (​រត់គេច​ខ្លួន​)​​។​

​ដោយឡែក​វត្ថុ​តាង​ដកហូត​បាន​មាន​៖​ ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ម៉ាក​ទឹកកក​ចំនួន​១​កញ្ចប់​,​ ម៉ូតូ​១​គ្រឿង​ម៉ាក​ YAMAHA​ Exeiter​ ពណ៌​ខៀវ​-​ស​​,​ ទូរស័ព្ទ​ដៃ​១​គ្រឿង​​,​ បារី​១​កញ្ចប់​,​ ដែកកេស​ចំនួន​១​ និង​ប្រាក់​រៀល​ចំនួន​៥០០​រៀល​ផង​ដែរ​។​

​ប៉ូលិសបន្ដ​ថា​ ​ដំបូង​ប៉ុស្ដិ៍​រដ្ឋបាល​ព្រែក​ដាច់​បាន​ទ​ទូល​ព័ត៌មាន​ថា​ ជនសង្ស័យ​ឈ្មោះ​ យ៉ុ​ន​ សុខ​ចេ​ន​ កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំ​ញៀន​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​​។​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ កម្លាំង​ប៉ូលិសប៉ុស្ដិ៍​រដ្ឋបាល​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ ភ្លាម​នោះ​ក៏​ឃើញ​ជនសង្ស័យ​ឈ្មោះ​ យ៉ុ​ន​ សុខ​ចេ​ន​ បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​​។ ឃើញ​ដូច្នោះ​សមត្ថកិច្ច​ក៏​បាន​ស្ទាក​ឱ្យឈ​ប់រូច​សុំ​ធ្វើការ​ឆែកឆេរ​ រហូត​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​១​កញ្ចប់​និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​យក​មក​ប៉ុស្ដិ៍​ព្រែក​ដាច់​ ដើម្បី​ធ្វើការ​សាកសួរ​​។​

​ក្រោយ​ពី​ធ្វើការ​សាកសួរ​រូ​ច​ ជនសង្ស័យ​សារភាព​ថា​ ថ្នាំ​ញៀន​ខាងលើ​នេះ​ខ្លួន​បាន​​ទិ​ញ​ពី​ឈ្មោះ​ ផាង​ យ៉ាំ​ង​តឹ​ម​ ក្នុង​តម្លៃ​៤​ម៉ឺន​រៀល​ ដើម្បី​យក​ទៅ​ប្រើប្រាស់​។​ ភ្លាម​នោះ​ សមត្ថកិច្ច​ក៏​បន្ដ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ផាង​ យ៉ាំ​ង​តឹ​ម​ តែ​ជនសង្ស័យ​ដឹងខ្លួន​ទាន់​ក៏​បាន​រត់គេច​ខ្លួន​បាត់​តែម្តង​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ ឈ្មោះ​ យ៉ុ​ន​ សុខ​ចេ​ន​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​អធិការដ្ឋាន​​ស្រុក​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​​៕


 

adverise with khmeread