សព​បុរស​ម្នាក់ ត្រូវបាន​ពលរដ្ឋ​ប្រទះ​ឃើញ​អណ្ដែត​តាម​ដង​ទន្លេ​បាសាក់

​កណ្ដាល ៖ សាកសព​បុរស​ម្នាក់ ត្រូវបាន​ប្រជាពល​រដ្ឋប្រទះ​ឃើញអណ្ដែត​ទឹកតាម​ដងទន្លេ​បាសាក់ ដោយ​សភាពហើម​រលួយ​ បានបង្ក​ឱ្យមាន​ការភ្ញាក់​ផ្អើលឡើង​កាលពី​វេលាម៉ោង​២ និង៣០នាទី​រសៀល ថ្ងៃ​ទី១២ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុង​ភូមិពោធិ៍ក្រោម​ ឃុំត្រើយស្លា​ ស្រុកស្អាង ខេត្តកណ្តាល​។

​មន្រ្ដី​ប៉ូលិសផ្នែក​កោសល្យ​វិច័យបច្ចេក​ទេសនិងវិទ្យា​សាស្រ្ដ​ស្រុកស្អាង​បានឱ្យ​ដឹងថា សាកសព​ជនរង​គ្រោះឈ្មោះ យ៉ាន បូរ៉ា ហៅចី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំ​នៅភូមិ​ព្រៃគុយ​ ឃុំត្រពាំងស្រែ​ ស្រុកមេសាង​ ខេត្តព្រៃវែង​។ បច្ចុប្បន្ន​មកស្នាក់នៅភូ​មិត្រពាំងឈូក​ ឃុំព្រែកគយ ស្រុកស្អាង​ ខេត្តកណ្តាល​​។

​ប៉ូលិស ​បន្ដថា កាលពី​អំឡុ​ងខែកុម្ភៈ ឆ្នាំ២០១៨ ជនរង​គ្រោះបាន​ចាកចេញ​ពីស្រុក​កំណើត​របស់ខ្លួន មកស្នាក់​នៅក្នុង​ភូមិត្រពាំងឈូក ឃុំព្រែកគយ ដើម្បីធ្វើ​ការសំណង់​។ លុះរហូត​មកដល់​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ជនរង​គ្រោះបាន​បាត់ខ្លួន​ពីកន្លែង​ស្នាក់នៅដោយ​ពុំដឹងថា ទៅទីណា​នោះទេ​។

​រហូតមក​ដល់ថ្ងៃទី១២ មីនា ឆ្នាំ២០១៨ ស្រាប់តែ​មានប្រជាពលរដ្ឋ​ បានប្រទះ​ឃើញសាក​សពជន​រងគ្រោះ​អណ្ដែតទឹក​តាមដង​ទន្លេបាសាក់​ក្នុងសភាពហើមរលួយ​។ ក្រោយពីសាក​សពត្រូវ​បានគេប្រទះ​ឃើញ ភ្លាមនោះក៏​បានរាយការណ៍​ជូនសមត្ថកិច្ច​​ប៉ុស្ដិ៍រដ្ឋបាល​ត្រើយស្លា ដើម្បីធ្វើ​ការពិនិត្យ​​។

​ក្រោយពី​សមត្ថកិច្ច​ប៉ុស្ដិ៍រដ្ឋបាល​ត្រើយស្លា​ទទួលបាន​ព័ត៌មាន​ខាងលើ ក៏រាយការណ៍បន្ដ​ទៅប៉ូលិស​ជំនាញស្រុ​កចុះធ្វើការ​ពិនិត្យ រួចបញ្ជាក់ថា ជនរង​គ្រោះគឺស្លាប់​ដោយសារ​លង់ទឹក ពុំមាន​ជាប់ពាក់​ព័ន្ធទៅនឹង​បទល្មើស​អ្វីផ្សេង​ឡើយ​។

​បន្ទាប់ពី ​ពិនិត្យចប់ សាកសពជនរង​គ្រោះត្រូវ​បានសមត្ថកិច្ច​ជំនាញប្រគល់​ទៅឱ្យ​ក្រុម​គ្រួសារយក​ទៅចាត់ចែង​ធ្វើបុណ្យ​តាមប្រពៃណី​៕

adverise with khmeread