រថយន្តសាំងយ៉ុងបើកបុកលោកតាម្នាក់ដើរឆ្លងផ្លូវស្លាប់

កណ្តាល​ ៖​ លោកតាម្នាក់បានដើរឆ្លងផ្លូវត្រូវរថយន្តមួយគ្រឿងបើកលឿនបុកស្លាប់ នៅ​ល្ងាច​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ២១ ស្ថិតក្នុង​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល​។

​ប៉ូលិសនិយាយថា រថយន្ត​បង្ក​ម៉ាក​សាំ​ងយ៉ុង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2S-5164 អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ រត់គេចខ្លួន​បាត់​។ ចំណែក​ជនរងគ្រោះ​បាត់​បង់ជីវិត​ឈ្មោះ សិត សារ៉េត ហៅ​ទូច ភេទ​ប្រុស អាយុ៦៨ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល​។

​សាក្សី​បានឃើញ​ជនរងគ្រោះ​ជា​អ្នក​ថ្មើរជើង បាន​ដើរ​ឆ្លងផ្លូវ​ក្នុងទិសដៅ​ពី​កើតមក​លិច​។ លុះ​ដើរ​ឆ្លងផ្លូវ​ផុត​ដល់​លើ​ចិញ្ចើមផ្លូវ​ខាងលិច ស្រាប់តែ​រថយន្ត​បង្ក​បាន​ជ្រុល​ចង្កូត​មក​បុក​ជនរងគ្រោះ បណ្ដាល​​ឱ្យ​ជនរងគ្រោះ​ដួល​បោក​ទៅនឹង​ផ្លូវស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ​។ ចំណែកឯ​រថយន្ត ក្រោយពី​បុក​រួច អ្នកបើកបរ​រថយន្ត​បាន​ព្យាយាម​បើករថយន្ត​គេច​រហូតមកដល់​គល់​ស្ពាន​លេខ១៣ ភូមិ​ស្វាយ​តានី ក៏​ទុក​រថយន្ត​ចោល​រួច​គេចខ្លួនបាត់​តែម្ដង​។

​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​ពិនិត្យ និង​វាស់វែង​កន្លែងកើតហេតុ រួច​កសាង​ឯកសារ​ដកហូត​រថយន្ត​បង្ក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​​ស្រុកដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread