Donald Trump បណ្តេញរដ្ឋមន្ត្រីការបរទេសផុយៗ បន្ទាប់ពីឡើងកាន់តំណែងទើបបានជាងមួយឆ្នាំស្តើង

លោក Donald Trump កាលពីថ្ងៃអង្គារបានបណ្តេញអ្នកការទូតជាន់ខ្ពស់របស់លោក គឺលោក Rex Tillerson និងបានតែងតាំងលោក Mike Pompeo ដែលជាប្រធានបច្ចុប្បន្នរបស់ CIA ឱ្យឡើងស្នងតំណែងជំនួសលោក ដោយបញ្ចប់សព្វគ្រប់នូវការកាន់តំណែងដ៏សង្កៀសចិត្តដោយសេដ្ឋីក្រុមហ៊ុនប្រេងរដ្ឋតិចសាសរូបនេះ ដែលត្រូវបានបញ្ឈរជើងនៅលើឆាកពិភពលោកដោយប្រធានាធិបតីឆាប់ប្រែប្រួលចិត្តរូបនេះ។

រដ្ឋមន្រ្តីក្រសួងការបរទេសត្រៀមចេញពីតំណែងរូបនេះដែលទើបត្រឡប់មកវិញមុនពេលថ្ងៃរះពីដំណើរទៅកាន់ទ្វីបអាហ្វ្រិក មិនបាននិយាយទៅកាន់លោកប្រធានាធិបតីទេ មុនពេលការបណ្តេញចេញនេះត្រូវបានប្រកាសនិងមិនដឹងពីមូលហេតុនៃការបណ្តេញចេញភ្លាមៗនេះទេ។

មន្រ្តីជាន់ខ្ពស់ម្នាក់របស់សេតវិមានបាននិយាយថាលោកប្រធានាធិបតីចង់ផ្លាស់ប្តូរក្រុមរបស់លោកដើម្បីបើកការចរចាជាមួយកូរ៉េខាងជើង បន្ទាប់ពីការប្រកាសដ៏ភ្ញាក់ផ្អើលកាលពីសប្តាហ៍មុនអំពីកិច្ចប្រជុំរវាងលោក Trump និងលោក Kim Jong Un។

Trump មានពាក្យសរសើរតិចតួចប៉ុណ្ណោះសម្រាប់លោក Tillerson ដែលតាមពាក្យចចាមអារ៉ាម គឺត្រៀមចេញពីតំណែងយូរមកហើយ។

លោក Trump បានថ្លែងថា "កិច្ចការដ៏អស្ចារ្យត្រូវបានសម្រេចក្នុងរយៈពេល ១៤ ខែចុងក្រោយនេះ ហើយខ្ញុំសូមជូនពរឱ្យគាត់និងក្រុមគ្រួសារគាត់ជួបតែសេចក្តីសុខ។ សូមអរគុណសម្រាប់ការបម្រើរបស់គាត់"។

ប៉ុន្តែពេលថ្លែងទៅកាន់អ្នកយកព័ត៌មានមុនពេលចេញដំណើរទៅកាន់រដ្ឋកាលីហ្វ័រញ៉ា លោក Trump បាននិយាយដោយបើកចំហអំពីការខ្វែងគំនិតរបស់គាត់ជាមួយអតីតប្រធានក្រុមហ៊ុនប្រេង Exxon រូបនេះ រួមទាំងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ខណៈពេលដែលគាត់បានពន្យល់ពីការសម្រេចចិត្តរបស់គាត់ដើម្បីជំនួសតំណែងលោក Tillerson ។

លោក Trump បានថ្លែងថា "យើងប្រាស្រ័យទាក់ទងគ្នាបានយ៉ាងល្អ ប៉ុន្តែយើងមិនយល់ស្របគ្នាលើរឿងជាច្រើន។ នៅពេលដែលអ្នកសម្លឹងមើលកិច្ចព្រមព្រៀងអ៊ីរ៉ង់ ខ្ញុំគិតថាវាគួរឱ្យភ័យខ្លាចណាស់ តែគាត់គិតថាវាមិនអីទេ។ ខ្ញុំចង់លុបចោលវាឬធ្វើអ្វីផ្សេង គាត់មានអារម្មណ៍ផ្សេងពីនេះ។ ដូច្នេះយើងមិនបានគិតដូចគ្នានោះទេ"។

នៅថ្ងៃបណ្តេញលោក Tillerson ផងដែរនោះ លោក Trump បានកើតសរសើរយ៉ាងខ្លាំងដល់លោក Pompeo អតីតមន្ត្រីយោធាអាមេរិក និង សមាជិកសភា ដែលបានដឹកនាំ CIA ជិត ១៤ ខែ ដោយនិយាយថា គាត់នឹងធ្វើការងារ "បានអស្ចារ្យបំផុត!"៕ ប្រភព៖បរទេស

adverise with khmeread