តុអាហាររបស់ Obama នៅហាងបាញ់ហយក្នុងក្រុង Hanoi ក្លាយជាសារៈមន្ទីរ

ហាងតាមផ្លូវមួយកន្លែងក្នុងប្រទេសវៀតណាម បានអភិរក្សកៅអី តុ និងចានចង្កឹះ ដែលអតីតប្រធានាធិបតីអាមេរិកលោក Barack Obama ធ្លាប់ប្រើវា នៅពេលទៅរកអាហារបរិភោគនៅទីនោះកាលពី ២ ឆ្នាំមុន។

លោក Obama បានទៅហាង Bún Chả Hương Liên មានទីតាំងក្នុងទីក្រុង Hanoi សម្រាប់អាហារពេលល្ងាចជាមួយនឹងមេចុងភៅលោក Anthony Bourdain នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៦ សម្រាប់កម្មវិធីទូរទស្សន៍មួយឈ្មោះថា "Parts Unknown"។

អ្នកទាំងពីររូបបានទៅហាងប្រពៃណីវៀតណាមនោះដើម្បីបរិភោគសាច់ជ្រូកដុត ជាមួយនឹងបាញ់ហយ និងបន្លែ។

ម្ចាស់ហាងឈ្មោះ Nguyen Thi Lien បានដឹងថា ទូរទស្សន៍បរទេសមួយនឹងចូលមកហាងខ្លួន ប៉ុន្ដែលោកស្រីមិនដែលគិតដល់ថា ប្រធានាធិបតីអាមេរិកចូលមកហាងគាត់នោះទេ។

លោកស្រីបានប្រាប់ទៅទីភ្នាក់ងារសារព័ត៌មាន AFP នៅពេលនោះថា "លោក Obama គឺល្អណាស់ គាត់ញញឹម រីករាយជាខ្លាំង ហើយនិងមានប្រជាប្រិយសម្រាប់មនុស្សគ្រប់គ្នា។ វត្តមានរបស់គាត់ក្នុងហាងរបស់ខ្ញុំ គឺគួរឱ្យភ្ញាក់ផ្អើលពេកក្រៃសម្រាប់គ្រួសារខ្ញុំទាំងមូល ដែលមិនអាចស្រមៃនឹកឃើញដល់ថារឿងនេះកើតឡើង សូម្បីតែក្នុងសុបិន"។

Obama និង Bourdain បានបង់ប្រាក់ចំនួន ៦ ដុល្លារ មុនពេលចេញទៅក្រៅវិញ ជាកន្លែងដែលហ្វូងមនុស្សប្រមូលផ្ដុំគ្នារីករាយជាមួយពួកគាត់។

Nguyen ត្រូវបានគេរាយការណ៍ថា នឹករូបភាពកាលថតជាមួយនឹងលោក Obama ណាស់ ប៉ុន្ដែការចូលហាងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់ ធ្វើឱ្យមានការផ្លាស់ប្ដូរក្នុងហាងគាត់តាំងពីពេលនោះ។

អ្នកលេងបណ្ដាញសង្គមប្រទះឃើញរូបភាពតុ កៅអី ចាន កែវ ទុកដាច់ឆ្ងាយសម្រាប់ឱ្យអ្នកចូលហាងមើល ហើយអាហារដែលលោក Obama បរិភោគ ត្រូវបានថៅកែស្រីកែឈ្មោះក្នុងម៉ឺនុយថា "Combo Obama" ដែលរួមបញ្ចូលអាហារទាំងអស់ ដែលលោក Obama បានបរិភោគនៅពេលនោះទៀតផង៕

adverise with khmeread