រថយន្ត វីស្តូ បើកលឿនជ្រុលចូលផ្លូវអទិភាព បុករថយន្តកុងតឺន័រ ខ្ទេចរបួសធ្ងន់ស្រាល៣នាក់

​ភ្នំពេញ ៖ បុរសជនជាតិចិនចំនួន៣នាក់ បើកបររថយន្តយ៉ាងលឿន វ៉ាជែងបានជ្រុលចូលផ្លូវអទិភាពម្ខាងត្រូវរថយន្តកុងតឺន័រ បុកពេញទំហឹង វិលរថយន្ត មួយជុំបណ្តាលឱ្យរងរបួសធ្ងន់ជនជាតិចិន២នាក់ធ្ងន់ និងម្នាក់រងរបួសស្រាល ចំណែករថយន្តវីស្តូខ្ទេចស្ទើរទាំងស្រុង​។

​ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩យប់ ថ្ងៃទី១៦ មីនា ២០១៨ នៅលើកំណាត់ផ្លូវជាតិ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​។

​យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្តបង្កម៉ាក វីស្តូពណ៌លឿងស្លាកលេខភ្នំពេញ 2AR-2208 បើកបរដោយជនជាតិចិនម្នាក់រួមដំណើរជាមួយមិត្តភក្តិ២នាក់ទៀត បើកបរក្នុងទិសដៅពីជើងទៅត្បូង​។

​ចំណែករថយន្តកុងតឺន័រ ក្បាលពណ៌សពាក់ស្លាកលេខ 3E-1563 ​បើកបរបញ្ច្រាស់ទិសគ្នា ក្នុងទិសដៅពីត្បូងទៅជើង​។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត វីស្កូ វ៉ាជែងរថយន្តមួយគ្រឿងទៀត បានជ្រុលចង្កូតចូលទៅផ្លូវអទិភាពរបស់រថយន្តកុងតឺន័រ ក៏បុកគ្នាពេញទំហឹង វិល រថយន្តវីស្តូ១ជុំ កៀបជាប់អ្នកបើករងរបួសធ្ងន់​។

​ចំណែកអ្នកជិះក្បែររងបួសធ្ងន់ រីឯអ្នកជិះក្រោយរបួសស្រាល ហើយរថយន្តខ្ទេចមើលលែងយល់​។ ចំណែករថយន្តកុងតឺន័រខូចខាតបន្តិចតែប៉ុណ្តោះ​។

​ក្រោយកើតហេតុ ប្រជាពលរដ្ឋបានជួយយកជនជាតិចិនរងរបួសចេញពីរថយន្ត ឡើងរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់ នៅក្លីនិកឯកជន រស្មី​។ រីឯមធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ វាស់វែងយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ​៕

adverise with khmeread