អ្នកជំនាញអូស្ត្រាលីនិយាយថា យន្តហោះម៉ាឡេស៊ី MH370 តាមពិតរកឃើញយូរហើយ និងមានស្នាមគ្រាប់ឡើងសុះ តែគេខំលាក់ឱ្យជិត ព្រោះ...

វាជាអាថ៌កំបាំងដែលពិភពលោកនៅតែឆ្ងល់ តើហេតុអ្វីបានជាយន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីនៅតែបាត់រកមិនឃើញអ៊ីចឹង?

ឥឡូវនេះវិស្វករមេកានិចអូស្ត្រាលីម្នាក់អះអាងថាបានតាមដានយន្តហោះនេះឃើញនៅជិតប្រទេសម៉ូរីស ហើយនិយាយថា អាជ្ញាធរបានលាក់បាំងដំណឹងនេះពីភ្នែកសាធារណជន។

លោក Peter McMahon ដែលធ្វើការងារខាងស៊ើបអង្កេតយន្តហោះធ្លាក់អស់ជាង ២៥ ឆ្នាំមក​នេះ បានតាមស្វែងរកយន្តហោះ MH370 ដែលបានបាត់កាលពីឆ្នាំ ២០១៤។

លោក McMahon អាយុ ៦៤ ឆ្នាំនិយាយថាគាត់បានរកឃើញអ្វីដែលគាត់ជឿថាជាយន្ដហោះម៉ាឡេស៊ីនេះ ដោយប្រើប្រាស់រូបភាពរបស់អង្គការ NASA និង Google Earth ហើយបានកំណត់ទីតាំងរបស់វានៅចម្ងាយ ១៦ គីឡូម៉ែត្រ ភាគខាងត្បូងកោះមូល (Round Island) និងភាគខាងជើងនៃប្រទេសម៉ូរីស។

វាជាតំបន់ដែលមិនទាន់ត្រូវបានស៊ើបអង្កេតដោយអ្នកស៊ើបអង្កេតនៅឡើយទេ។

កាសែត Daily Star របស់អង់គ្លេសបានរាយការណ៍ថា នៅក្នុងរូបភាពមួយ ផ្នែកនៃយន្តហោះអាចមើលឃើញក្រោមទឹកផ្ទៃទឹកតែបន្តិចប៉ុណ្ណោះ។

នៅកន្លែងផ្សេងទៀត អ្វីដែលហាក់ដូចជាក្បាលយន្តហោះត្រូវគេមើលឃើញនៅភាគខាងត្បូងនៃកោះរ៉ូឌ្រីហ្គេស (Rodrigues Island) ដែលនៅជិតនោះ។

គាត់បានអះអាងថា គាត់បានបញ្ជូនភស្តុតាងរបស់គាត់ទៅកាន់ការិយាល័យដឹកជញ្ជូននិងសុវត្ថិភាពអូស្ត្រាលី (ATSB) ដែលបានបញ្ជាក់ថាវាអាចជាយន្តហោះដែលបាត់នោះ។

ទោះយ៉ាងណាក៏ដោយ លោកបានចោទប្រកាន់ថា មន្រ្តីសហរដ្ឋអាមេរិកបានបដិសេធស្វែងរកតំបន់នោះ ហើយលាក់ព័ត៌មាននេះ។

លោក McMahon និយាយថា "ជនជាតិអាមេរិក ៤ នាក់ត្រូវបានគេបញ្ជូនទៅប្រទេសអូស្រ្តាលីដើម្បីត្រួតពិនិត្យការរកឃើញយន្តហោះ MH370។ ពួកគេបានធ្វើឱ្យប្រាកដថាព័ត៌មានទាំងអស់ដែលបានទទួល ត្រូវតែលាក់បាំងពីសាធារណជន សូម្បីតែរដ្ឋាភិបាលរបស់យើង - ប៉ុន្តែហេតុអ្វី?"។

លោក McMahon និយាយថា "... (ពួកគេ) គេមិនចង់ឱ្យរកឃើញយន្តហោះនេះទេ ព្រោះវាពោរពេញទៅដោយរន្ធគ្រាប់កាំភ្លើងឡើងសុះសាច់។ បើរកឃើញវា គឺបានត្រឹមតែនាំឱ្យមានការស៊ើបអង្កេតស្មុគស្មាញមួយទៀតតែប៉ុណ្ណោះ"។

យន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីបានបាត់ពីប្រព័ន្ធរ៉ាដានៅលើផ្លូវពីទីក្រុងគួឡាឡាំពួទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃទី ៨ ខែមីនាឆ្នាំ ២០១៤។ គ្មានសញ្ញាឬសារគួរឱ្យព្រួយបារម្ភណាមួយត្រូវបានបញ្ជូននោះទេ ហើយអ្នកដំណើរនិងអាកាសយានិកទាំងអស់ ២៣៩ នាក់នៅលើយន្តហោះ Boeing 777 នេះត្រូវបានសន្មតថាស្លាប់៕

adverise with khmeread