Galaxy S9 Plus ចេញក្រោយតែញាក់សាច់ ធៀបជាមួយ iPhone X ខុសគ្នាមេឃដី

អ្នកដែលប្រញាប់ចំណាយ ១.៩០០ ដុល្លារទិញ iPhone X ច្បាស់ជាសោកស្តាយខ្លាំងណាស់ហើយ ដែលមិនអាចទ្រាំរង់ចាំទូរស័ព្ទដ៏មហាខ្លាំង Galaxy S9 Plus របស់ Samsung ចេញសិន។

ប្រសិនបើលបស្តាប់ស្ងាត់ៗ អ្នកច្បាស់ជាស្តាប់ឮសំឡេងរអ៊ូរបស់ពួកអ្នកគាំទ្រ Apple ដែលខកចិត្តជាខ្លាំងចំពោះសមត្ថភាពខ្ពស់របស់ទូរស័ព្ទ Samsung Galaxy S9 Plus។

ពួកគេគួរតែទទួលស្គាល់ចំពោះសមត្ថភាពអន់ជាងរបស់ iPhone X បើធៀបទៅនឹង S9 Plus។ ខាងក្រោមនេះជាមូលហេតុដែល S9 Plus ខ្លាំងជាង iPhone X ដាច់ហៅលែងឮ។

១. ការរចនាតួទូរស័ព្ទ

ទូរស័ព្ទនេះមើលទៅមិនខុសគ្នាពី S8 Plus នោះទេ ប៉ុន្តែតើវាជាបញ្ហាមែនទេ នៅពេលអ្នកនិយាយអំពីស្មាតហ្វូនទាន់សម័យបំផុតនៅលើទីផ្សារ?

ទោះបីជាមានការបន្ថយវិមាត្រពីរបីមិល្លីម៉ែត្រនៅខាងលើនិងខាងក្រោមក្តី ក៏រូបរាងនិងអារម្មណ៍នៃម៉ូតទូរស័ព្ទឡូយឆាយ ដែលស្រោបកញ្ចក់និងដែក មិនត្រូវបានផ្លាស់ប្តូរនោះទេ។

ការផ្លាស់ប្តូរដ៏ធំបំផុតអាចរកឃើញគឺនៅផ្នែកខាងក្រោយនៃទូរស័ព្ទ ដែលក្រុមហ៊ុន Samsung បានប្តូរឧបករណ៍ស្កែនក្រយៅដៃពីចំហៀងកាមេរ៉ា មកនៅពីក្រោមវិញម្តង។

រឹតតែពិសេសគឺ ការបន្ថែមរន្ធដោតកាសទំហំ ៣,៥​ មិល្លីម៉ែត្រ និង កន្លែងដោតមេមម៉ូរីកាត បន្ថែមដល់ទៅ ២៥៦ជីហ្គាបៃ ដែលមិនអាចរកបានឡើយនៅលើ iPhone X។

ទូរស័ព្ទ S9 Plus បំពាក់ដោយអេក្រង់កោងប្រភេទ Super AMOLED ដែលមានអនុបាតរូបភាព ១៨.៥:៩ ស្តង់ដារសម្រាប់ទូរស័ព្ទអេក្រង់ធំ ៦,២ អ៊ីញនេះ។

ទោះបីដាក់ឱ្យវាសន្សំសំចៃថាមពលថ្មជាប្រភេទ Full HD+ ឬ Quad HD+ ក៏គុណភាពពណ៌ធម្មជាតិរបស់វា មិនស្រកចុះនោះដែរ។

២. គុណភាពថតរូបរបស់កាមេរ៉ា S9 Plus

នៅពេលក្រឡេកមើលគុណភាពថតពេលយប់ និង កន្លែងភ្លឺ គេងាយនឹងមានទំនុកចិត្តណាស់ក្នុងការជម្រើសរើសយក S9 Plus។ កាមេរ៉ារបស់វាគឺប្រើ Len ភ្លោះ ដែលមាន Aperture ដល់កម្រិត ១,៥ និង ២,៤ ដែលជួយឱ្យការថតនៅកន្លែងងងឹតមានភាពច្បាស់ល្អបែបធម្មជាតិ។ ជាមួយកាមេរ៉ាទំហំ ១២ មេហ្គាភិសែល បូកជាមួយ Aperture កម្រិតបែបនេះទៀត វានឹងជំនួយដល់ការថតរូបបែបព្រិលពីក្រោយ កាន់តែស្រស់ស្អាត ដែល iPhone X មិនអាចធ្វើបាននោះឡើយ។

ដោយបំពាក់ជាមួយ Len ប្រភេទ Telephoto ទូរស័ព្ទ Samsung ​មួយនេះអាចផ្តល់ជូននូវការហ្ស៊ូមរូបភាពពីទីឆ្ងាយដោយមិនបែកសាច់រូបនោះឡើយ។

ទូរស័ព្ទ S9 Plus មានសមត្ថភាពថតវីដេអូប្រភេទ 4K នៅកម្រិត ៦០ ស៊ុមក្នុងមួយវិនាទី (fps)។ ទោះយ៉ាងណា វីរបុរសពិតប្រាកដរបស់កាមេរ៉ានេះគឺ សមត្ថភាពថតវីដេអូចលនាយឺតៗ Super Slow Mo ដែលអាចថតបានដល់កម្រិត ៩៦០fps ដែលជាបច្ចេកវិជ្ជាទិញពី Sony។

៣. ចំណុចផ្សេងៗទៀត

ទូរស័ព្ទ S9 Plus បំពាក់ជាមួយថ្មកម្លាំង ៣៥០០ មិល្លីអំពែរម៉ោង ដែលអាចប្រើបានពេញមួយថ្ងៃ ប្រសិនបើមិនប្រើវាខ្លាំងក្លាពេកនោះទេ។ ហើយកុំបារម្ភ ពេលអស់ថ្ម ឆ្នាំងសាកលឿនរបស់វានឹងបញ្ចូលថាមពលរហ័សទាន់ចិត្តបំផុត។

ទូរស័ព្ទ S9 Plus ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo បំពាក់ដោយប្រព័ន្ធដំណើរថ្មីទាំងស្រុង ប្រភេទ Exynos 9 Series 9810 មានរ៉េម ៦ ជីហ្គាបៃ និង អង្គចងចាំក្នុងតួ គឺ ៦៤ ជីហ្គាបៃ៕


adverise with khmeread
Loading ad ...