អ្នកចម្រៀងហាងបារាំងម្នាក់ ត្រូវរថយន្តព្រូសបុកម៉ូតូកង់បី បណ្ដាលឱ្យស្លាប់ និង២នាក់ទៀតរបួសធ្ងន់

​ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បើករថយន្តព្រូសក្នុងល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួន បានជ្រុលទៅបុកម៉ូតូកង់បី (ឥណ្ឌា) បណ្ដាលឱ្យភ្ញៀវអ្នកជិះម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងពីរនាក់ទៀងរងរបួសធ្ងន់​។

​ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១ និង៤០នាទីយប់ រំលងអធ្រាត្រ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៦៣ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

​សមត្ថកិច្ចនិយាយថា ស្រ្តីរងគ្រោះស្លាប់ឈ្មោះ កាក់ ចាន់នី អាយុ៣៨ឆ្នាំ មុខរបរ អ្នក ចម្រៀង រ៉ុកខេនរ៉ូល នៅហាងបារាំង។​ រីឯនារីអ្នកបើករថយន្តម៉ាកព្រុសឈ្មោះ ងន ស្រីនិច អាយុ១៩ឆ្នាំ មុខរបរនៅរៀន​។

​យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញនារីវ័យក្មេងពីរនាក់ បើករថយន្តព្រូស មួយគ្រឿងពណ៌ប្រផេះ មិនមានស្លាកលេខ បើកពីលិចទៅកើត បោះពួយយ៉ាងលឿន​។

​លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូកង់បី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GX-9234 (​បើកដោយបុរសម្នាក់រួមដំណើរនិងប្រុសស្រីពីរនាក់) កំពុងឆ្លងផ្លូវចំពាក់កណ្ដាល ពេញទំហឹង បណ្ដាលឱ្យស្ត្រីជាភ្ញៀវបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងម្ចាស់កង់បីរួមទាំងភ្ញៀវម្នាក់ទៀត រងរបួសធ្ងន់ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ​។

​ក្រោយកើតហេតុសមត្ថកិច្ច ជំនាញមកវាស់វែងយករថយន្ត និងកង់បី ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។
ចំណែកសាកសព ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតស្ថិតនៅ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង៕

adverise with khmeread