នៅពេលអ្នកបានជួបមនុស្សថ្មីម្នាក់ រឿងមួយដែលអ្នកកត់សម្គាល់មុនគេគឺរូបរាងមុខ និងទម្រង់មុខរបស់គេ។ វិទ្យាសាស្ត្រមួយដែលគេស្គាល់ថា Physiognomy ឬ វិជ្ជាសិក្សាអំពីទម្រង់មុខអាចវិភាគដឹងអំពីចរិកលក្ខណៈរបស់មនុស្សផ្អែកតាមរូបរាងកាយរបស់ពួកគេ។ ពាក្យ Physiognomy ត្រូវបានលើកយកមកនិយាយដំបូងបំផុតនៅក្នុងសៀវភៅរបស់លោកអារីស្តូត។ លោកជឿថា មនុស្សមានចរិកលក្ខណៈជាក់លាក់មួយ ដែលបង្ហាញឱ្យដឹងនៅលើទឹកមុខរបស់ពួកគេ។
សព្វថ្ងៃ វិទ្យាសាស្ត្រនេះត្រូវបានប្រើប្រាស់ក្នុងផ្នែកអាជីវកម្មជាច្រើន នៅពេលស្វែងរកប្រភេទមនុស្សនានាផ្អែកតាមទម្រង់មុខសម្រាប់បម្រើការនៅតាមបណ្តាក្រុមហ៊ុនសាជីវកម្មធំៗ និងស្ថាប័ននានា។
ខាងក្រោមនេះគឺជារបៀបដែលអ្នកសិក្សាអំពីទម្រង់មុខប្រើប្រាស់ដើម្បីស្វែងរក និងមើលឱ្យដឹងអំពីចរិកលក្ខណៈរបស់មនុស្ស។
១. ទម្រង់មុខខូង ឬផត
ទម្រង់មុខនេះអាចសម្គាល់បានតាមរយៈថ្គាមលយទៅមុខទាបចុះក្រោម និងបបូរមាត់ទេរចុះក្រោម ប៉ុន្តែមានថ្ងាសពយមកក្រៅ។ មនុស្សដែលមានទម្រង់មុខបែបនេះគឺមានលក្ខណៈស្ពឹកស្រពន់ក្នុងការនិយាយស្តី ធ្វើសកម្មភាព និងគិតគូរពិចារណា ប៉ុន្តែមានការប្តេជ្ញាចិត្ត និងចាប់អារម្មណ៍ខាងទ្រឹស្តី។ មនុស្សបែបនេះចូលចិត្តសញ្ជឹងគិត និងឧស្សាហ៍ភ្លេចភ្លាំងច្រើន។ ពួកគេក៏ពូកែខាងគំនិតទស្សនៈគ្រប់យ៉ាងផងដែរ។ ពួកគេជាមិត្តភក្តិស្មោះត្រង់ និងជាមនុស្សគួរឱ្យទុកចិត្ត មានការអត់ធ្មត់ខ្ពស់ និងមានថាមពលប្រកបដោយតុល្យភាព។ ចរិកលក្ខណៈមួយទៀតរបស់ពួកគេគឺភាពនឹងធឹងល្អ ស្ងប់ចិត្ត គិតច្រើន ប៉ុន្តែជួនកាលស្ពឹកស្រពន់ណាស់។ ទោះបីពួកគេអាចគ្រប់គ្រងខ្លួនឯងបានល្អ និងអាចរក្សាភាពស្ងប់ស្ងាត់ក្នុងចិត្ត ក៏ប៉ុន្តែពួកគេឆាប់បាក់ទឹកចិត្ត និងឆាប់មានការហត់នឿយអស់កម្លាំង។ លើសពីនេះទៅទៀត ពួកគេអាចបង្ហាញឥទ្ធិពលរបស់ខ្លួន និងពូកែខាងការរៀបចំទុកដាក់។ ការចងចាំរបស់ពួកគេដំណើរការបានល្អ និងអាចប្រមូលសឹងតែបានគ្រប់ព័ត៌មានទាំងអស់ឡើងវិញ។ ពួកគេមិនមែនជាមនុស្សពិបាករាប់អាននោះទេ ប៉ុន្តែជួនកាលពួកគេចូលចិត្តចងគំនុំណាស់។
២. ទម្រង់មុខត្រង់
មនុស្សបែបនេះមានក្តីសង្ឃឹមខ្ពស់។ ទោះពួកគេមើលទៅហាក់ដូចជាមនុស្សស្ងប់ស្ងាត់និងឆ្លាតវៃ ប៉ុន្តែពួកគេក៏អាចជាមនុស្សក្បាលរឹង និងពូកែអំណត់អត់ធន់ផងដែរ។ ពួកគេមិនដែលទទួលស្គាល់បរាជ័យនោះទេ និងតែងចាប់អារម្មណ៍ចង់ដឹងពីអត្ថន័យនៃអ្វីៗគ្រប់យ៉ាង។ មនុស្សទម្រង់មុខត្រង់គឺជាមនុស្សដែលមានហេតុផលគ្រប់ពេល កាច និងចូលចិត្តនិយាយអ្វីចំៗ។ ពួកគេតែងតែបញ្ចប់នូវអ្វីៗដែលពួកគេបានចាប់ផ្តើម បើទោះបីជាពួកគេត្រូវបោះបង់ចោលអ្វីមួយក៏ដោយ។ ដោយសារចរិកពីធម្មជាតិមកគឺពោរពេញដោយមហិច្ឆតា មនុស្សបែបនេះមិនដែលឈប់នៅពាក់កណ្តាលទីនោះឡើយ។
៣. ទម្រង់មុខប៉ោង
មនុស្សទម្រង់មុខប៉ោង (មើលរូបចុងក្រោយគេ) គឺជាប្រភេទមនុស្សគិតបានរហ័ស និងក៏ឆាប់បញ្ចេញប្រតិកម្មដែរ។ ពួកគេគឺជាមនុស្សពូកែអង្កេតដ៏អស្ចារ្យ ចូលចិត្តអនុវត្តជាក់ស្តែង និងពូកែវោហាស័ព្ទ។ ពួកគេមានភាពស្វាហាប់ ឆេវឆាវ ធ្វើអ្វីមួយតែតាមសន្ទុះចិត្ត និងជាបុគ្គលិកចំណានមានសមត្ថភាពខ្ពស់អស្ចារ្យ។ ពួកគេជាមនុស្សដែលមានភាពរីករាយ និងជឿជាក់លើភាពជោគជ័យ។ ភាគច្រើនបំផុត ពួកគេចូលចិត្តនៅដាច់ពីគេ ហើយជួនកាលក៏ចូលចិត្តជំទាស់ប្រឆាំងនឹងគេឯងដែរ។ ពួកគេចង់ថែទាំអ្នកដទៃ និងគួរឱ្យស្រឡាញ់និងគួររាប់រកណាស់។ ពួកគេជាមនុស្សឆ្លាត ប៉ុន្តែភាពឆេវឆាវគឺជាចរិកលក្ខណៈអវិជ្ជមានក្នុងការធ្វើទំនាក់ទំនង។ ពួកគេមិនមែនជាមនុស្សពូកែស្តាប់នោះទេ ដោយសារពួកគេខ្វះការផ្តោតអារម្មណ៍។ ទោះយ៉ាងណា ពួកគេចូលចិត្តជជែកគ្នាណាស់៕
