ចិនព្រមានសងសឹកអាមេរិករឿងដំឡើងពន្ធនាំចូល

ប្រទេសចិនបានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនត្រៀមរួមរាល់ដើម្បីសងសឹកខណៈប្រធានាធិបតី ដូណាល់ត្រាំ ត្រៀមប្រកាសទណ្ឌកម្មប្រឆាំងក្រុងប៉េកាំងចំពោះការលួចកម្មសិទ្ធិបញ្ញា។

ក្រសួងពាណិជ្ជកម្មចិនបានថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយយ៉ាងដូច្នេះថា "ចិននឹងមិននៅស្ងៀមហើយទុកឱ្យសិទ្ធិស្របច្បាប់និងផលប្រយោជន៍របស់ខ្លួនឱ្យខូចខាតឡើយ ហើយប្រាកដណាស់នឹងចាត់រាល់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិស្របច្បាប់និងផលប្រយោជន៍របស់ខ្លួនយ៉ាងម៉ឺងម៉ាត់"។

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហ័រឈុនយីង បានថ្លែងក្នុងសន្និសីទកាសែតនៅក្រុងប៉េកាំងថា ចិនសង្ឃឹមថាខ្លួនអាចរៀបចំការពិភាក្សាជាមួយសហរដ្ឋអាមេរិកដើម្បីសម្រេចបានដំណោះស្រាយឈ្នះឈ្នះ ដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មរវាងប្រទេសសេដ្ឋកិច្ចធំទាំងពីរ។

ប្រធានាធិបតី ដូណាល់ត្រាំ ត្រូវគេរំពឹងថានឹងប្រកាសអំពីពន្ធបន្ថែមលើការនាំចូលរបស់ចិននៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការស៊ើបអង្កេតអំពីកម្មសិទ្ធិបញ្ញាមួយកាលពីសីហាកាល ឆ្នាំមុន៕
 

adverise with khmeread