អគ្គនាយកក្រុមហ៊ុនផលិតស្រូវធម្មជាតិនាំចេញធំជាងគេ ប្រតិកម្មចំពោះបណ្តាញព័ត៌មានមួយចំនួនដែលផ្សាយព័ត៌មានមិនពិត ​និងពោលថា...

កណ្តាល​ ៖ អគ្គនាយកក្រុមហ៊ុនដែលផលិតស្រូវក្រអូបធម្មជាតិនាំចេញធំជាងគេ នៅប្រទេសកម្ពុជាបានបញ្ចេញប្រតិកម្មចំពោះ បណ្តាញព័ត៌មានមួយចំនួនតូចដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត​ ដោយចោទប្រកាន់ថា​ ក្រុមហ៊ុនដាក់កងកម្លាំងប្រដាប់អាវុធការពារគម្រោង​ មិនឱ្យពលរដ្ឋរកត្រី (ឆក់ត្រី)​ រកអុស​ ​បង្កបង្កើនផល និង​ មិនឱ្យឈូសឆាយដី​នោះលោកអគ្គនាយកសូមទាត់ចោលទាំងស្រុង​នូវព័ត៌មាននោះ​។

​លោកឧកញ៉ា​ ឌី​ ប៉ូ​ អគ្គនាយកក្រុមហ៊ុន អេង​ ឌីប៉ូអភិវឌ្ឍន៍​ បានបញ្ចេញប្រតិកម្មខាងលើនេះ​ធ្វើឡើង នៅតំបន់អភិឌ្ឍន៍ដំណាំស្រូវ​ ស្ថិតនៅឃុំកំពង់អុស​ ស្រុកពញាឮ​ ខេត្តកណ្តាល​ កាលពីថ្ងៃទី២២ មីនា ឆ្នាំ២០១៨​ ដោយមានការចូលរួមពីប្រជាពលរដ្ឋជាច្រើនគ្រួសារដែលបានសម្របសម្រួលថ្លៃដីអាស្រ័យផលជូនដល់ក្រុមហ៊ុនជាច្រើនឆ្នាំកន្លងមក។

​លោកឧកញ៉ា​ ឌី​ ប៉ូ​ បានថ្លែងបន្តថា​ ការចោទប្រកាន់ដល់ក្រុមហ៊ុនថាមានការដាក់កម្លាំងអាវុធហត្ថ​ និង​ សមត្ថកិច្ចប៉ូលិសដើម្បីការពារគម្រោងដីកសិកម្មនេះ​ លោកសូមបដិសេធទាំងស្រុង​ ព្រោះគ្មានការចាំបាច់ ត្រូវប្រើប្រាស់កងកម្លាំងសម្រាប់ចាប់អ្នកឆក់ត្រី​ ឬការពារស្រូវនោះទេ។ ប៉ុន្តែសម្រាប់កងការពាររូបលោកឧកញ៉ាផ្ទាល់និងកូនរបស់លោកដែលមានងារ​« ជាឧកញ៉ា​ ​» លោកត្រូវមានកម្លាំងការពារសន្តិសុខផ្ទាល់ខ្លួន​​។

​លោកឧកញ៉ា​ ឌី​ ប៉ូ​ ថ្លែងបន្តថា​ ​យោងតាមការចុះផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុក និង​ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកខ្លះ​ ដែលចោទប្រកាន់ថា​ក្រុមហ៊ុនមិនឱ្យរកត្រី (ឆក់ត្រី)​ រកអុស​ បង្កបង្កើនផល និង​ មិនឱ្យឈូសឆាយដីនៅឃុំសំបួរមាស​ ស្រុកមុខកំពូល​ គឺខុស​ការពិតច្រើនណាស់​។ ​លោកសូមបដិសេធ​ ហើយទទួលទទួលខុសត្រូវទាំងស្រុងជុំវិញការអះអាងខាងលើ។

​លោកឧកញ៉ា​ ឌី​ ប៉ូ​ បានថ្លែងបញ្ជាក់ថា​ លោកបានសុំដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ដោយយោងតាមអនុក្រិត្យលេខ០៦ ​និងលេខ៣៥ ស្តីពីដីរដ្ឋ ដែលជាអតីតដីឡូត៍នេសាទលេខ១៦​ មានចំនួនសរុបជាងមួយម៉ឺនហិកតា​ ហើយលោកសុំវិនិយោគតែចំនួន១៦៩០ហិកតាប៉ុណ្ណោះតាំងពីឆ្នាំ២០០៦មកម្លេះ។ ដីកន្លែងណាដែលប្រជាពលរដ្ឋអាស្រ័យផលលើដីរដ្ឋ​ លោកបានសម្របសម្រួលជូនគាត់បញ្ចប់អស់ទើបបន្តការដាំដុះស្រូវក្រអូបធម្មជាតិរហូតសព្វថ្ងៃនេះ។ លោកបន្ថែមថាអត់មានទិញដូរលើដីរដ្ឋបានទេ​ ព្រោះអីអ្នកទិញក៏មានទោស​ អ្នកលក់ក៏មានទោសដែរ។ ចំពោះករណីនេះលោកបានគោរពគោលការណ៍របស់រាជរដ្ឋាភិបាល១.២.៣​...មិនលើសនោះឡើយ​។

​លោកអគ្គនាយកបានលើកឡើងជាឧទាហរណ៍ថា​ ប្រសិនលោកបានឈូសឆាយដីប្រជាពលរដ្ឋមែននោះ​ ប្រហែលជាអ្នកសារព័ត៌មានប្រតិកម្មក្រោយម្ចាស់ដី​ហើយ ព្រោះពេលនោះគ្រឿងចក្រដែលឈូសឆាយដីគាត់នឹងឆេះអស់បាត់ទៅហើយ។

ដូច្នេះសូមអ្នកសារព័ត៌មានមេត្តាជួយរកការពិតមកផ្សព្វផ្សាយ​ ដើម្បីកុំឱ្យសាធារណៈមតិក្នុងនិងក្រៅប្រទេសមានការយល់ច្រឡំ។ លោកសំនូមពរដល់ប្រព័ន្ធ​ផ្សព្វផ្សាយព័ត៌មាន មុននឹងផ្សាយ​ ឬ​ ឡាយ (Live) ត្រូវស្វែងរកការពិតឱ្យឃើញសិន​ ទើបលោកគាំទ្រ។

​ចំពោះការកាន់កាប់ដីរបស់រដ្ឋ​ លោកឧកញ៉ា​ ឌី​ ប៉ូ​ បានបញ្ជាក់ថា​ ​គ្មានបុគ្គលណាម្នាក់យកដីរដ្ឋធ្វើជាកម្មសិទ្ធិបានឡើយ​, អ្នកដែលមានកម្មសិទ្ធិរួចហើយមិនដឹងថាគាត់ចេញតាមច្រកណានោះទេ​។ ដីសាធារណៈរបស់រដ្ឋ ត្រូវបំប្លែងដីនេះទៅជាអនុប្បយោគទៅជាដីឯកជនរបស់រដ្ឋសិន។ ​ករណីនេះលោកបានស្នើសុំទៅក្រសួងកសិកម្ម ដើម្បីធ្វើអនុប្បយោគទៅជាដីឯកជនរបស់រដ្ឋទើបមានសិទ្ធិជួលដីពីរដ្ឋ។

​លោកឧកញ៉ា​ ឌី​ ប៉ូ​ បន្តថា​ ចាប់តាំងពីក្រុមហ៊ុនមកអភិវឌ្ឍន៍នៅតំបន់នេះ​ ប្រជាពលរដ្ឋនៅតំបន់នេះកាន់តែងាយស្រួល​ ក្នុងការដឹកជញ្ជូនកសិផល​ ហើយក្រុមហ៊ុនបានផ្តល់ទឹកជូនប្រជាពលរដ្ឋធ្វើស្រែប្រាំងដោយមិនគិតលុយឬប្រេងឡើយ។ បច្ចុប្បន្ននេះក្រុមហ៊ុនបានធ្វើស្រែលើផ្ទៃដីជាង៩០០ហិកតាលើផ្ទៃដីសរុប១៦៩០ហិកតា​ ដោយសារនៅមានប្រជាពលរដ្ឋអាស្រ័យផលមួយចំនួនតូច៕

adverise with khmeread