បុរសម្នាក់បើករថយន្តលឿនបុកជាមួយរថយន្តហាយឡែនឌ័រខ្ទេចទាំងសងខាង

ភ្នំពេញ ៖​​ រថយន្តស៊េរីទំនើបម៉ាក មែកសឺដែស មួយគ្រឿង បានបើកបរយ៉ាងលឿនទៅបុកជាមួយរថយន្តហាយឡែនឌ័រ ដែលបត់ឆ្លងផ្លូវ ចំពីចំហៀងពេញទំហឹង បណ្ដាលឱ្យ
ខ្ទាតទៅបុករថយន្តព្រូសដែលចតចោលលើចញ្ចើមផ្លូវ រងការខូចខាតរថយន្តទាំង៣គ្រឿងយ៉ាងដំណំ កាលពីវេលាម៉ោង១២ និង១០នាទីអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវលេខ៤៧ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ​។

​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅពេលកើតហេតុ រថយន្តហាឡែនឌ័រ ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AN-9727 ដែលបើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ 47 ទិសដៅពីត្បូងទៅជើងក្នុងល្បឿនល្មម​។

​លុះមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងចូលកន្លែងចត ស្របពេលនោះក៏មានរថយន្តស៊េរីទំនើប មែកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BD-9899 ដែលបើកបរដោយបុរសម្នាក់ និងមានអ្នករួមដំណើរ៣នាក់ទៀតក្នុងរថយន្តជាមួយ ធ្វើដំណើរស្របគ្នាតាមក្រោយយ៉ាងលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តហាយឡែនឌ័រ ចំពីចំហៀងយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តហាយឡែនឌ័រខ្ទាតទៅបុករថយន្តព្រូសគ្មានស្លាកលេខ ដែលចតចោលលើចិញ្ចើមផ្លូវ​រងការខូចខាតរថយន្តទាំង៣គ្រឿងយ៉ាងដំណំ និងបង្កឱ្យមានអ្នកបើករថយន្តហាយឡែនឌ័ររងរបួសស្រាល។

​ក្រោយពេលកើតហេតុ ភាគីម្ចាស់រថយន្តម្ចាស់រថយន្តមែកសឺដេស ​​​​​​មិនបានចរចាគ្នានៃការខូចខាតនោះទេ ដោយទុករថយន្តចោលនៅនឹងកន្លែងកើតហេតុ​។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅជំនាញចរាចរណ៍ក្រុង មកធ្វើការវាស់វែងយករថយន្តបង្ក និងរថយន្តរងគ្រោះទាំង២គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំឱ្យម្ចាស់រថយន្តទាំង៣គ្រឿងចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់នាពេលក្រោយ​៕

adverise with khmeread