ក្រុមហ៊ុនចិនផលិតឡានពាសដែកការពារគ្រាប់ ស៊ីសាំងតិច តម្លៃត្រឹមជាង ២ លានដុល្លារ

រថយន្តប្រភេទ SUV ថ្លៃបំផុតនៅលើពិភពលោកកំពុងត្រូវបានដាក់លក់ តែវាតម្រូវឱ្យអ្នកស្រឡាញ់ចូលចិត្តរថយន្តទាំងឡាយមានកាបូបលុយធំដែរទើបអាចទិញបាន គឺតម្លៃ ១,៥៦ លានផោន (២,២១ លានដុល្លារអាមេរិក)។

រថយន្តម៉ាក Karlmann King តែ ១០ គ្រឿងប៉ុណ្ណោះនឹងត្រូវផលិតឡើង។ នេះបើយោងទៅតាមក្រុមហ៊ុនផលិតរថយន្តនេះនៅប្រទេសចិន។ ហើយនៅពេលក្រឡេកមើលទៅខាងក្រៅរថយន្តពណ៌ខ្មៅនេះ វាហាក់ដូចជាចេញមកពីសៀវភៅគំនូរជីវចល DC (រឿងមនុស្សប្រចៀវ) យ៉ាងអ៊ីចឹង។

ហើយខណៈដែលផ្នែកខាងក្រៅរបស់រថយន្តនេះមើលទៅដូចជារថយន្តមនុស្សប្រចៀវ នៅខាងក្នុងវិញគឺផ្តល់ជូននូវរូបរាងរលើបរលោងជាមួយនឹងកៅអីប្រណីត ក្បាលចាក់ហ្គេម និងទូទឹកកកដាក់ស្រាសាំប៉ាញ។

លក្ខណៈពិសេសផ្នែកខាងក្នុងភាគច្រើនត្រូវបានគ្រប់គ្រងបញ្ជាតាមរយៈកម្មវិធីទូរស័ព្ទ រួមមានកៅអី ឧបករណ៍បន្សុទ្ធខ្យល់ ទូរទស្សន៍អេក្រង់សំប៉ែត និងពន្លឺភ្លើងណេអុងនៅខាងក្នុង។

ក្រៅពីទូទឹកកកដាក់ស្រាសាំប៉ាញ រថយន្ត Karlmann King ក៏មានម៉ាស៊ីនឆុងកាហ្វេ និងក្បាលហ្គេម PlayStation 4 មួយផងដែរ។

ល្បឿនអតិបរមារបស់រថយន្តនេះគឺ ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង និងតួខាងក្រៅនៃរថយន្តត្រូវបានផលិតចេញពីជាតិសរសៃកាបូន និងដែកថែប។

រថយន្តនេះមានទម្ងន់ ៤,៥ តោន ប៉ុន្តែអ្នកទិញនឹងត្រូវផ្តល់ជូននូវការដំឡើងសាក់ស៊ីថ្មីដើម្បីឱ្យរថយន្តនេះមានសមត្ថភាពការពារគ្រាប់កាំភ្លើង ដែលនឹងធ្វើឱ្យវាមានទម្ងន់រហូតដល់ទៅ ៦ តោន៕

adverise with khmeread