adverise with khmeread Untitled 1

ការប្រកួត​ប្រដាល់​របស់​ប៉ាក​គី​អៅ​ជាមួយ​ប្រ៊ែ​ត​លី​អាច​នឹង​ផ្អាក​ដោយសារ​ការតវ៉ា​ពី​គូប្រជែង​បោះឆ្នោត​

    ​គណៈកម្មការ​បោះឆ្នោត​ហ្វ៊ី​លី​ពី​ន​នឹង​សម្រេច​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​តើ​ការប្រកួត​ប្រដាល់​រវាង​មែន​នី ប៉ាក​គី​អៅ ដែល​កំពុង​ឈរឈ្មោះ​ការបោះឆ្នោត​ខែឧសភា និង ជើងឯក​ប្រដាល់​ខ្សែក្រវាត់​ទម្ងន់​មធ្យម​អាមេរិក ធី​ម៉ូ​ធី ប្រ៊ែ​ត​លី បាន​រំលោភច្បាប់​បោះឆ្នោត​ឬក៏​អត់​។

​    ​នៅ​ថ្ងៃទី ៩ ខែឧសភា ប្រជាជន​ហ្វ៊ី​លី​ពី​ន​ជាង ៥៤ លាន​នាក់​ក្នុងប្រទេស​ហ្វ៊ី​លី​ពី​ន​នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី អនុ​ប្រធានាធិបតី សមាជិកសភា ៣០០ នាក់ និង​តំណែង​មន្ត្រី​រដ្ឋាភិបាល​តាម​មូលដ្ឋានចំនួន​រាប់ពាន់​ទៀត​។

​    ​ប៉ាក​គី​អៅ​ដែល​បាន​មាន​ភាពចម្រូងចម្រាស​ជាមួយនឹង​ការអត្ថាធិប្បាយ​ប្រឆាំង​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា បាន​កំពុង​ឈរឈ្មោះ​សម្រាប់​កៅអី​ទំនេរ ១ ក្នុងចំណោម ១២ នៅក្នុង​ព្រឹទ្ធសភា​។​

​    ​ប៉ាក​គី​អៅ អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ៨ ស្ថាប័ន បាន​និយាយថា លោក​នឹង​ធ្វើការ​បង្ហាញមុខ​ក្នុងការ​ប្រកួត​ចុងក្រោយ​នៅ​ថ្ងៃទី ៩ ខែមេសា ក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស​ជាមួយ​ប្រ៊ែ​ត​លី ដែលជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ពិភពលោក​របស់​ស្ថាប័ន WBO​។​

​    ​លោក វ៉​ល​ឌិន ប៊ែ​ល​ឡូ (Walden Bello) អតីត​សមាជិកសភា បាន​ស្នើឱ្យ​គណៈកម្មាការ​បោះឆ្នោត​ធ្វើការ​ស៊ើបអង្កេត​ថា​តើ​ការប្រកួត​ប្រដាល់​ផ្តល់​ប្រៀប​ឈ្នះ​ដល់​ប៉ាក​គី​អៅ​ហួសហេតុ​នៅ​ការបោះឆ្នោត​ពេក​ឬក៏​អត់ ព្រោះតែ​ការផ្សាយពាណិជ្ជកម្ម​ដ៏​សន្ធឹក និង​ការចាប់អារម្មណ៍​របស់​សាធារណជន​ជុំវិញ​ការប្រកួត​ប្រដាល់​នេះ​។

​    ​ប្រធាន​គណៈកម្មាការ​បោះ​ឆ្នោត លោក អង់​ត្រេស បូ​ទី​ស្តា (Andres Bautista) បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា គណៈកម្មាការ​របស់លោក​នឹង​ពិភាក្សា​ករណី​របស់​ប៉ា​គី​អៅ​នៅ​ថ្ងៃ​អង្គារ​នេះ​។

​    ​ជា​អ្នកនយោបាយ​ឆ្វេងនិយម និង​ជា​គូប្រជែង​របស់​ប៉ាក​គី​អៅ​សម្រាប់​កៅអី​ព្រឹទ្ធសភា លោក​ប៊ែ​ល​ឡូ​បាន​និយាយថា លោក​មិន​ចង់ឱ្យ​គណៈកម្មាការ​ដកសិទ្ធិ​អ្នក​ប្រដាល់​រូបនេះ​ទេ និង​ជំរុញ​ឱ្យ​ប៉ាក​គី​អៅ​ផ្អាក​ការប្រកួត​នេះ​សិន​។

​    ​លោក​ប៊ែ​ល​ឡូ​បាន​និយាយថា "​ការផ្អាក​គឺជា​ជម្រើស​មួយ​សម្រាប់​មែន​នី ប្រសិនបើ​គាត់​ចង់​បន្ត​ឈរឈ្មោះ​សម្រាប់​សមាជិក​ព្រឹទ្ធសភា​"​។

​    ​គ្មាន​ការអត្ថាធិប្បាយ​ភ្លាមៗ​ពី​ប៉ាក​គី​អៅ​នៅឡើយ​ទេ​។ ក្រុម​អ្នកជំនាញ​ប្រដាល់​បាន​និយាយថា វា​ពិបាក​ណាស់​ក្នុង​ការផ្អាក​ការប្រកួត​នេះ​ព្រោះ​ភាគី​ទាំង​ពីរបាន​ចុះកិច្ចសន្យា​រួចហើយ​។

​    ​កាលពី​សប្តាហ៍​មុន​ក្រុមហ៊ុន​សម្លៀកបំពាក់​ធំ​បំផុត​មួយ​របស់​ពិភពលោក គឺ​ក្រុមហ៊ុន Nike Inc, បានបញ្ចប់​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​ជាមួយ​ប៉ាក​គី​អៅ បន្ទាប់ពី​អ្នក​ប្រដាល់​ហ្វ៊ី​លី​ពី​ន​រូបនេះ​ចាត់ទុក​មនុស្ស​ភេទ​ទី​បី "​អាក្រក់​ជាង​សត្វ​"​។

​    ​ប៉ាក​គី​អៅ​នៅតែមាន​ប្រជាប្រិយភាព​ក្នុងប្រទេស​ហ្វ៊ី​លី​ពី​ន ទី​ដែល​ការបោះឆ្នោត​ស្ទង់​មតិ​បង្ហាញ​គាត់​ឈរ​នៅ​លេខ ៨ ក្នុងចំណោម​បេក្ខភាព​ជាង ៤០ នាក់​ដែល​ឈរឈ្មោះ​សម្រាប់​កៅអី​ព្រឹទ្ធសភា​៕

adverise with khmeread

មតិយោបល់