ពួកចោរប្លន់ប្រដាប់អាវុធ​២នាក់ភ្ជង់ កាំភ្លើងប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច

​ភ្នំពេញ​ ៖ ពួកចោរប្លន់ប្រដាប់អាវុធ២នាក់ជិះម៉ូតូហុងដាមួយគ្រឿង បានធ្វើសកម្មភាព​ដកកាំភ្លើងខ្លី ភ្ជង់ប្លន់យកម៉ូតូ ZoomerX មួយគ្រឿង​ស្លាកលេខភ្នំពេញ​ 1GB-5161​ បានសម្រេច នៅច្រកផ្លូវឌឿងហែម​បន្ទាប់ពីឌុបនារីម្នាក់ដល់ទីនោះ រួចពួកចោរជិះម៉ូតូចែកផ្លូវគ្នាគេចខ្លួនបាត់។

​អំពើ ប្លន់ប្រដាប់អាវុធដែលសមត្ថកិច្ចមិនអាចត្រួតត្រាបាន​ ខាងលើនេះកើតឡើងនៅវេលាម៉ោង២កន្លះរំលងអធ្រាត្រ​ ឈានចូលថ្ងៃសុក្រ​ ទី​២៣ ខែមីនា​ ឆ្នាំ​២០១៨នេះ នៅចំណុចនៅច្រកផ្លូវឌឿងហែម​ មុខផ្ទះលេខ៣៤៣អឺសូន្យហ្សិត​ ផ្លូវលេខ២១៧​ ក្រុម២១​ ភូមិ៤​ សង្កាត់អូរឫស្សីទី២​ ខណ្ឌ៧មករា​។

​សមត្ថកិច្ចនិយាយថា​ ជនរងគ្រោះឈ្មោះ ណាំ​ លាងស្រី​​ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូឌុប​ ស្នាក់នៅផ្ទះគ្មានលេខ​ ផ្លូវលេខ២៧១​ សង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក។ បាត់បង់ម៉ូតូម៉ាក ZoomerX មួយគ្រឿង​ពណ៌ស​ ស្លាកលេខភ្នំពេញ​ 1GB-5161​។

​ណាំ​ លាងស្រី​ បានបំភ្លឺប្រាប់ប៉ូលិសថា​ ដំបូងគាត់បានឌុបនារីម្នាក់ពីម្តុំសំណង់១២​ មកដល់ចំណុចឌៀងហែមខាងលើ​ ស្រាប់តែមានពួកចោរ២នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ​ ជិះតាមពីក្រោយរួចដកកាំភ្លើងខ្លីភ្ជង់ដណ្តើមយកម៉ូតូជិះគេចខ្លួនតែម្តង​។

​បច្ចុប្បន្នជនរងគ្រោះដែលជាម្ចាស់ម៉ូតូ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលអូរឫស្សីទី២ ដើម្បីឱ្យសមត្ថកិច្ចជ្រាវស្រាវវែកមុខជនប្រដាប់អាវុធនោះ យកមក​ផ្ដន្ទាទោស​តាមផ្លូវច្បាប់៕
 

adverise with khmeread