ឌីជេចាក់ភ្លេងម៉ាឡេស៊ី ត្រូវសង្សាវាយបែកក្បាលហូរឈាមកក្លាក់ អំឡុងពេលកំពុង Live លើហ្វេសប៊ុក

បើទោះត្រូវគេដឹងឮថាបានកែសម្ផស្សជាច្រើនកន្លែងក្ដី នាង Leng Yein គឺជាឌីជេដ៏ល្បីល្បាញមួយរូបនៅប្រទេសម៉ាឡេស៊ីដែលត្រូវគេស្គាល់ថាមានជំនាញខាងចាក់ភ្លេង។ កេរ្តិ៍ឈ្មោះរបស់នាងនៅអាស៊ីក៏មិនធម្មតាផងដែរ ដោយនាងបានចូលរួមក្នុងកម្មវិធីជាច្រើននៅតៃប៉ិ និងម៉ាកាវ។

ទោះយ៉ាងណា កាលពីយប់មិញនាងបានផ្សាយផ្ទាល់វីដេអូមួយដោយប្រាប់ក្រុមអ្នកគាំទ្ររបស់ខ្លួនថានាងកំពុងស្ថិតក្នុងទុក្ខព្រួយដ៏ធំធេង ដោយថាមានមនុស្សម្នាក់ព្យាយាមចូលក្នុងបន្ទប់របស់នាង ហើយថាបានបិទ Wi-Fi ទៀតផង។

ក្រោយពីផ្សាយវីដេអូ នាងបានបង្ហោះរូបភាពជាច្រើនសន្លឹកប្រហែលពីរម៉ោងក្រោយដោយបង្ហាញពីការរងនូវទារុណកម្មពីសង្សាររបស់នាង ដែលបានរស់នៅជាមួយគ្នាពីរឆ្នាំ។

នាងបានសរសេរនៅលើបណ្ដាញសង្គម Facebook ថា មិត្តប្រុសរបស់នាងគឺជាមេធាវី និងមានខ្នងបង្អែកធំដែលជិតស្និទ្ធនឹងប្រព័ន្ធច្បាប់ ហើយតែងបានប្រើប្រាស់អំពើហិង្សាមកលើនាង និងបានគំរាមកំហែងមកលើនាងនាពីរឆ្នាំមកនេះ។ នាងក៏បានសរសេរថា មិត្តប្រុសរបស់ខ្លួននិងឪពុករបស់គេថែមទាំងបានគំរាមសម្លាប់នាងនិងប្អូនស្រីរបស់ខ្លួនទៀតផង។

នាងបានសរសេរថា មុននឹងនាងរងការបៀតបៀនរាងកាយ នាងបានបែកគ្នាជាមិត្តប្រុសរបស់ខ្លួនគឺមុននឹងទទួលការវះកាត់ ហើយក្រោយពីការវះកាត់ មិត្តប្រុសរបស់នាងមិនព្រមចាកចេញពីនាង និងបានបង្កអំពើហិង្សាមកលើនាង។

នាង Leng Yein បានសម្រេចបង្ហោះរូបភាពរបួសរបស់ខ្លួនដើម្បីចង់ឱ្យពិភពលោកបានដឹងនិងរកយុត្តិធម៌ឱ្យខ្លួនបើទោះជាមិត្តប្រុសរបស់ខ្លួនហាក់មានសិទ្ធិអំណាចធំសម្បើម និងដើម្បីបញ្ឈប់ស្រ្តីដទៃទៀតពីការរងនូវអំពើហិង្សាដូចរូបនាង៕


adverise with khmeread