ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនបរទេសបានសំរេច តែសំណាងមិនល្អ ត្រូវបានកងរាជអាវុធហត្ថខណ្ឌដូនពេញកំពុងល្បាតប្រទះឃើញ ប្រដេញឃាត់ខ្លួនបាននៅផ្លូវ៣៦០ កែងនឹងផ្លូវលេខ៦៣ កាលពីវេលាម៉ោង១យប់ ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៨ កើតហេតុស្ថិតតាមបណ្តោយផ្លូវ៥១ កែងនឹងផ្លូវ២២២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ប៊ុន សុវណ្ណរ៉ា (អ្នកធ្វើសកម្មភាពឆក់ ) ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើករថយន្តទឹកសុទ្ធ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ០៨ ផ្លូវលំ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ និងជនសង្ស័យទី២ ឈ្មោះ សុធា នេត្រា អាយុ១៨ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ផ្លូវ៣១០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។
មន្ត្រីដដែលបន្ត ថា ជនគ្រោះជាជនជាតិដេនណាម៉ាក៣នាក់ ក្នុងនោះមានប្រុសម្នាក់ ស្រី២នាក់ បានចេញពីក្លឹបកំសាន្ត 2nd ហើយដើរនៅតាមបណ្តោយផ្លូវ៥១ បម្រុងទៅក្លឹបកំសាន្តមួយទៀត ដោយនារីជនជាតិដេនណាម៉ាកម្នាក់ខាងលើ បានដើរផងចុចទូរស័ព្ទផង ដើម្បីមើលទិសដៅ លុះដើរមកដល់ចំណុចផ្លូវកែងនឹងលេខ២២២។
ស្រាប់តែមានជនសង្ស័យប្រុសម្នាក់ជិះដឹកនារីម្នាក់ពីក្រោយ ដែលជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ សេរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GW-3648 បានជិះមកអែប ដែលបុរសជាអ្នកដឹកបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីដេនណាម៉ាកខាងលើភ្លាមៗ ហើយបានជិះបម្រុងគេចខ្លួន។
ខណៈពេលនោះត្រូវបានកងរាជអាវុធហត្ថខណ្ឌដូនពេញកំពុងល្បាត ប្រទះឃើញ បានប្រដេញពីក្រោយរហូតដល់ផ្លូវ៣៦០ កែងនឹងផ្លូវ៦៣ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង២នាក់បានសម្រច នាំខ្លួនមកមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ។
បច្ចុប្បន្នជនសង្ស័យទាំងពីរ និងវត្ថុតាង ត្រូវបានកំលាំងកងរាជអាវុធហត្ថឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕
