Jonny Evans: កីឡាកររបស់ West Brom ស្រក់ទឹកភ្នែក បន្ទាប់ពីប្រកួតចាញ់ក្រុម Bournemouth

          កីឡាករ Jonny Evans បាន​បង្ហើបប្រាប់ថា កីឡាករមួយចំនួន​បានស្រក់ទឹកភ្នែក បន្ទាប់ពីក្រុម West Brom ប្រកួត​ចាញ់​ក្រុម Bournemouth ។

          ក្រុម West Brom ចាញ់​ក្រុម Bournemouth ២-១ កាលពីថ្ងៃសៅរ៍​ ក្រោយពី​របូត​គ្រាប់បាល់​ពីរ​លើក​ក្នុង​រយៈ​ពេល​១៣​នាទី​ និងបន្ទាប់ពីគ្រូបង្វឹកប្តូរ Evans ចេញ​ដោយសារមាន​បញ្ហា​របួស​ ដែលធ្វើ​ឲ្យ​ក្រុម​របស់​លោក Alan Pardew មាន​១០ពិន្ទុ​ពីលើ​តំបន់កាត់ចេញ​ខណ:​នៅសល់​៧ប្រកួត​ក្នុង​ដៃ។

          នៅពេលនេះក្រុម West Brom ប្រកួត​ចាញ់​៧ប្រកួត​​ជាប់ៗគ្នានៅក្របខណ្ឌ EPL​ ហើយ​ឈ្នះ​ត្រឹមតែ១ប្រកួតប៉ុណ្ណោះតាំងពី​ខែសីហាមក​ ប៉ុន្តែខ្សែ​ការ​ពារ Evans នៅតែអះអាងថា ក្រុម​ West Brom មិន​ទាន់​បាត់បង់ឱកាស​នៅឡើយ​ទេ។

          Evans បាននិយាយថា​​ “​ខ្ញុំ​គិត​ថា នៅមាន​សង្ឃឹម។ មាន​ការមិនសប្បាយចិត្ត​ក្រោយបញ្ចប់​ការ​ប្រកួត​ជាមួយ​ក្រុម Bournemouth ។ វាមិនទាន់​ដល់ចំណុច​ដែល​យើង​ទទួល​យក​ការ​កាត់ចេញនៅឡើយ​ទេ”។

          Evans បន្តថា “​មាន​មនុស្ស​ជា​ច្រើន​បានសរសេរថា យើង​ចប់ហើយ​។ ប៉ុ​ន្តែខ្ញុំជឿថា ស្ថិតក្នុងស្ថានភាពនេះ យើង​ពិតជា​មាន​ការពិបាកនឹង​រំដោះខ្លួន។ ​មានការស្រក់ទឹកភ្នែក​បន្តិចបន្តួច​ បន្ទាប់ពី​ការ​ប្រកួត​​កាល​ពីចុងសប្តាហ៍ ពី​ព្រោះ​ថា យើងឈាន​ជើង​ចូល​រួម​ការ​ប្រកួត​នេះ​ប្រកប​ដោយទំនុកចិត្ត​និង​សុទិ​ដ្ឋិនិយម​ថា យើងនឹង​ទទួលបាន​អ្វីមួយ​ពីការ​ប្រកួត​នេះ​”។

          Evans បន្ថែមថា “​យើង​នាំមុខមុន ប៉ុន្តែ​ការប្រកួត​នេះ​បែរជា​ផ្លាស់ប្តូរ​ក្នុង​​​  ​រយៈ​ពេល​១៥នាទីចុងក្រោយ​ ហើយ​ខ្ញុំ​គិតថា វាគឺជា​រឿងដ៏អាក្រក់នៅ​រដូវ​កាល​នេះ”៕

adverise with khmeread