​រថយន្តទំនើបពីរគ្រឿងប្រលះគ្នានៅលើផ្លូវបំបែកជាបួនរងការខូចខាតទាំងសងខាង

​ភ្នំពេញ ៖ ​នារីរូបស្រស់ម្នាក់ បើកបររថយន្តស៊េរីទំនើប​ AUDI Q7 បោះពួយក្នុងល្បឿនយ៉ាងលឿន ទៅបុកជាមួយរថយន្ត Alphard មួយគ្រឿង​ទៀតដែលកំពុងបើកលឿនដូចគ្នាពេញទំហឹង បណ្ដាលឱ្យខ្ទេចរថយន្តទាំង២គ្រឿងតែម្ដង ចំណែករថយន្ត Q7 បានរេចង្កូតបុកចូលហាងកាហ្វេ Gloria Jean ខ្ទេចទៅមុខលែងរួចបង្កការភ្ញាក់ផ្អើលទាំងយប់។

​គ្រោះថ្នាក់គួរឱ្យភ្ញាក់ផ្អើលនេះ​​កើតឡើង​វេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី២៣ ខែមិនា​ ឆ្នាំ២០១៨នេះ ត្រង់ចំណុចផ្លូវបំបែកជាបួន មុខហាង Gloria Jean's Coffee តាមបណ្តោយផ្លូវ​ប៉ាស្ទ័រ​(ផ្លូវលេខ៥១) កែងផ្លូវ​៣១០​ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

​ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងគេឃើញមានរថយន្តស៊េរីទំនើប​មួយគ្រឿង​ ម៉ាក​ ALPHARD ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ 2AF-1978 បើកបរដោយបុរសម្នាក់ ធ្វើដំណើរ​ពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿនដូចហោះ ។

​លុះមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជាបួនស្រាប់តែមានរថយន្តស៊េរីទំនើប មួយ​គ្រឿងទៀត ម៉ាក AUDI Q7 ពាក់ស្លាកលេខភ្នំពេញ​ 2AP-9997 ធ្វើដំណើរតាមផ្លូវលេខ៥១ ពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន​ដូចគ្នា បានទៅបុកគ្នាពេញទំហឹងតែម្ដង បណ្ដាលឱ្យរថយន្ត AUDI Q7 រេចង្កូតទៅបុករះតូបយាមរបស់សន្តិសុខ ខ្ទាតសម្ភារៈតុកៅអី​ និងប៉ាណូហាងរបាត់រប៉ាយពេញផ្លូវ​។

​ចំណែកប៉ាណូខ្ទាតទៅប៉ះកញ្ចក់ហាងកាហ្វេ Gloria Jean's Coffee ខ្ទេចពេញមុខហាង ហើយរថយន្ត ALPHARD មិនទាន់អស់ល្បឿន បានជ្រុលទៅហួសហាងកាហ្វេប្រហែល៤០ម៉ែត្រទៀត បើកទៅមុខលែងរួច​។

​ពិតជាសំណាងណាស់ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏សាហាវនេះ មិនបណ្ដាលឱ្យមនុស្សរងរបួសនោះទេ​។ ចំណែកនារីរូបស្រស់ទាំង២នាក់នោះបានទាក់ទង បងប្អូនឱ្យមកជួយដោះស្រាយគ្នាជាមួយម្ចាស់រថយន្តម្ខាងទៀត នៅកន្លែងកើតហេតុ​ភ្លាមៗផងដែរ។

​ក្រោយកើតហេតុសមត្ថកិច្ចបានទាក់ទងសមត្ថកិច្ចជំនាញចុះវាស់វែង និងស្ទូចរថយន្តយកទៅរក្សាទុក នៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តមកដោះស្រាយតាមផ្លូវច្បាប់​៕

adverise with khmeread