adverise with khmeread Next generation01

វិស្វករ​ជប៉ុន​កំពុង​ខ្នះខ្នែង​ផលិត​យន្តហោះ​ដឹក​អ្នកដំណើរ​លឿន​ជាង​សំឡេង​ប្រើពេល​ហោះ​តែ​៣​ម៉ោង​កន្លះ​ពី​ជប៉ុន​ទៅ​សិង្ហ​បុរី​

​    ​សង្ឃឹម​ចង់បាន​យន្តហោះ​លឿន​ជាង​សំឡេង​ធ្វើដំណើរ​រយៈពេល ៣ ម៉ោង​កន្លះ​ពី​តូ​ក្យូ​មក​សិង្ហ​បុរី​ទេ​? វា​ស្តាប់ទៅ​ពិបាក​ថា​ជាការ​ពិតណាស់ ប៉ុន្តែ​យន្តហោះ​បែបនេះ​អាច​នឹងមាន​ពិតប្រាកដ​ក្នុង​រយៈពេល មួយ ឬ​ពីរ​ទសវត្សរ៍​ទៀត ដោយហេតុថា​ការអភិវឌ្ឍ​កំពុង​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​វិស្វករ​នៅ​ទីភ្នាក់ងារ​រុករក​អវកាស​ជប៉ុន (JAXA)​។ 

​    ​បណ្តា​យន្តហោះ​ដែល​អាច​ហោះ​ក្នុង​ល្បឿន Mach 1 ឬ​ល្បឿន ១.២២៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​អាចធ្វើ​បំលាស់​ទី​បាន​លឿន​ជាង​រលក​សំឡេង​ធ្វើដំណើរ​ទៅទៀត ដូច្នេះហើយ​ទើប​ពួកវា​ត្រូវបាន​គេ​ហៅថា​យន្តហោះ​លឿន​ជាង​សំឡេង​។ សឹងតែ​គ្រប់​យន្តហោះ​ចម្បាំង​ទាំងអស់​គឺ​សុទ្ធតែជា​ប្រភេទ​យន្តហោះ​លឿន​ជាង​សំឡេង​តាម​និយមន័យ​នេះ ដូច្នេះ​បច្ចេកវិជ្ជា​ភាគច្រើន​បាន​មាននៅ​ក្នុង​ដៃ​រួច​អស់​ទៅហើយ​។ ប៉ុន្តែ​យន្តហោះ​អ្នកដំណើរ​តម្រូវឱ្យមាន​ការហោះហើរ​ដែលមាន​សំឡេង​ស្ងាត់​ល្អ ដោយ​ពុំ​បញ្ចេញ​សំឡេង​លាន់​ខ្លាំង​អម​មក​ជាមួយនឹង​ការហោះហើរ​នោះទេ​។ សំឡេង​ថ្លង់​បាន​បង្កើត​បញ្ហា​ចម្រូងចម្រាស​សម្រាប់​យន្តហោះ​លឿន​ជាង​សំឡេង Concorde ដែល​អាច​បើក​ក្នុង​ល្បឿន​អតិបរមា​ដល់​ទៅ​កម្រិត Mach 2 ឬ ២.៤៧០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​យន្តហោះ​នេះ​បាន​ចូលនិវត្តន៍​កាលពី​ឆ្នាំ ២០០៣ បាត់ទៅហើយ​។ 

​     ទីភ្នាក់ងារ JAXA បាន​កំពុងធ្វើការ​ងារ​ដើម្បី​រចនា​ម៉ូត​ប្រភេទ​យន្តហោះ​ដឹក​អ្នកដំណើរ​លឿន​ជាង​សំឡេង​ដែលមាន​សភាព​ស្ងាត់​ល្អ ហើយ​ការធ្វើ​តេស្ត​ថ្មីៗ​នេះ​ជាមួយនឹង​យន្តហោះ​គំរូ​នៅ​ស៊ុយអែត​បានលើកឡើង​ថា ទីភ្នាក់ងារ​ជប៉ុន​មួយ​នេះ​កំពុងស្ថិត​លើផ្លូវ​ត្រូវ​ហើយ​។ 

​    ​ដោយ​រៀបចំឡើង​កាលពី​ចុងខែ​កក្កដា​កន្លងទៅ​នៅ​មជ្ឈមណ្ឌល​អវកាស​អេស​រេ​ង (Esrange Space Center) នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ុយអែត​ជាមួយនឹង​ការជួយជ្រោមជ្រែង​ពី​ក្រុមហ៊ុន​រដ្ឋ Swedish Space Corp., ការធ្វើ​តេស្ត​ទម្លាក់​យន្តហោះ​ពី​អាកាស​នៃ​គម្រោង D-SEND#2 បាន​ប្រើប្រាស់​បា​ឡុង​មួយ​ដើម្បី​យោង​យន្តហោះ​គំរូ S3CM របស់​ទីភ្នាក់ងារ JAXA ទៅ​រយៈកម្ពស់ ៣០.០០០ ម៉ែត្រ រួចហើយ​ទម្លាក់​វា​ចុះមក​ក្រោម​វិញ​។ កាមេរ៉ា Sensor ត្រូវបាន​ប្រើប្រាស់​ដើម្បី​វាស់​រលក​រំ​ញ័រ​ដែល​ចុះចត​ដល់​ដី នៅពេល​យន្តហោះ​នេះ​ទទួលបាន​ល្បឿន​កំពូល​ដល់​ទៅ​កម្រិត Mach ១,៣៩ ឬ​ស្មើនឹង ១.៧១៦ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ពេល​ទម្លាក់ខ្លួន​ចុះមក​ក្រោម​ដោយ​សេរី​។​

​     លោក ខេន​ជី យ៉ូ​ស៊ី​ដា (Kenji Yoshida) អ្នកគ្រប់គ្រង​គម្រោង D-SEND#2 បាន​និយាយថា "​ការកាត់បន្ថយ​សំឡេង​លាន់​ខ្លាំង​គឺជា​បញ្ហា​ធំ​បំផុត ដែល​យើង​កំពុង​ប្រឈម​ជាមួយនឹង​យន្តហោះ​លឿន​ជាង​សំឡេង ហើយ​បច្ចេកវិជ្ជា​របស់​យើង​បាន​សបញ្ជាក់​មក​យ៉ាង​ដូច្នេះ​"៕  

adverise with khmeread
ប្រភព៖ nikkei

មតិយោបល់