រថយន្តស៊េរីទំនើបពន្លះគ្នាពេញមួយទំហឹងខ្ទេចទាំងសងខាង, ភាគីបង្កធានាសង

ភ្នំពេញ​ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើបម៉ាក BMW យ៉ាងលឿន ខណៈមកដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្ន បានជ្រុលទៅបុករថយន្តលុចស៊ីស RX300 ពីចំហៀងពេញមួយទំហឹង បណ្ដាលឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួស។

​គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចកណ្ដាលស្តុប រតនៈ ​ស្រីម៉ៅ តាមបណ្ដោយផ្លូវលេខ២៨៩ កែងផ្លូវលេខ៥១៦ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

​យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុបានឱ្យ​ដឹងថា ដំបូង គេឃើញរថយន្តម៉ាក លុចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-7873 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៩ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនល្មម។

​ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានបើកឆ្លងស្ទុប ស្របពេលនោះ មានរថយន្តស៊េរីទំនើបម៉ាក BMW ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-1088 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១៦ ទិសដៅពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន។

​ពេលមកដល់ស្តុបមិនបន្ថយល្បឿនក៏ជ្រុលទៅបុករថយន្តលុចស៊ីស RX300 ពីចំហៀង យ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តលុចស៊ីស ខ្ទាតវិលមួយជុំ រងការខូចខាតទ្វារមួយចំហៀងខាងឆ្វេង​។ ចំណែកឯរថយន្តបង្កម៉ាក BMW វិញ ក៏បានរងការខូចខាតផ្នែកខាងមុខទាំងស្រុង។

​ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅខាងសមត្ថកិច្ចខាងចរាចរណ៍មកធ្វើការវាស់វែង។ ​ប៉ុន្តែភាគីខាងរថយន្ត BMW សុំសងថ្លៃការខូចខាតទាំងស្រុង ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab