ចៅក្រមអាមេរិកសម្រេចឱ្យហាងកាហ្វេ Starbucks នៅរដ្ឋ California ត្រូវតែព្រមានអតិថិជនខ្លួនថា សារធាតុផ្សំមួយរបស់ខ្លួនមានជាតិគីមីបង្កមហារីក

ក្រុមប្រឹក្សាសម្រាប់ការអប់រំនិងស្រាវជ្រាវលើសារធាតុពុល (Council for Education and Research on Toxics) មានមូលដ្ឋាននៅរដ្ឋ California បានប្ដឹងហាងកាហ្វេ Starbucks និងក្រុមហ៊ុនជាច្រើនទៀត ដោយពួកគេមិនបានផ្តល់ការព្រមានដល់អតិថិជនថា កាហ្វេរបស់ពួកគេមានផ្ទុកសារធាតុ Acrylamide កម្រិតខ្ពស់ ហើយវាគឺជាប្រភេទជាតិពុលមួយ និងជាគីមីបង្កមហារីក។

ចៅក្រុមទីក្រុង Los Angeles បានសម្រេចឱ្យ ហាងកាហ្វេ Starbucks និងហាងកាហ្វេជាច្រើនទៀតត្រូវតែព្រមានអំពីជំងឺមហារីកលើកាហ្វេដែលលក់ក្នុងរដ្ឋ California និងអាចផាកពិន័យក្រុមហ៊ុនទាំងនោះរាប់លានដុល្លារទៀតផង។ នេះបើយោងតាមវេបសាយ Channel News Asia ចេញផ្សាយកាលពីថ្ងៃទី ៣០ មីនា។

អង្គការមិនសូវស្គាល់មួយបានប្ដឹងហាងកាហ្វេលក់រាយចំនួន ៩០ ក្នុងនោះមានទាំងក្រុមហ៊ុន Starbucks ដែរ ដោយសម្អាងថាពួកគេបានរំលោភលើច្បាប់រដ្ឋ California ដែលតម្រូវឱ្យក្រុមហ៊ុនទាំងនោះធ្វើការព្រមានដល់អតិថិជនអំពីសារធាតុគីមីក្នុងផលិតផលកាហ្វេរបស់ខ្លួន ដែលអាចបង្កមហារីក។

សារធាតុគីមីមួយក្នុងចំណោមសារធាតុទាំងនោះ គឺ Acrylamide ដែលជាផលិតផលគ្រាប់កាហ្វេលីងមានសារធាតុគីមីកម្រិតខ្ពស់នៅក្នុងវា។

ចៅក្រមតុលាការជាន់ខ្ពស់ Los Angeles លោក Elihu Berle បានឱ្យដឹងក្នុងសេចក្តីសម្រេចមួយកាលពីថ្ងៃពុធថា ក្រុមហ៊ុន Starbucks និងក្រុមហ៊ុនផ្សេងទៀតមិនបានបង្ហាញថា មានហានិភ័យខ្ពស់ពីសារធាតុបង្កមហារីកដែលផលិតក្នុងដំណើរការចម្រាញ់កាហ្វេនោះទេ។

ក្រុមហ៊ុនជាប់ចោទ Starbucks និងក្រុមហ៊ុនដទៃទៀតមានពេលរហូតដល់ថ្ងៃទី ១០ ខែមេសាដើម្បីធ្វើការជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការ។

ក្រុមហ៊ុន Starbucks បានបដិសេធមិនធ្វើការអត្ថាធិប្បាយទេដោយស្នើឱ្យអ្នកយកព័ត៌មានទៅមើលសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយសមាគមកាហ្វេជាតិ (NCA) ដែលបានលើកឡើងថា ឧស្សាហកម្មនេះកំពុងពិចារណាលើការប្តឹងឧទ្ទរណ៍និងវិធានការផ្លូវច្បាប់បន្ថែមទៀត។

សេចក្តីថ្លែងការណ៍របស់ NCA បាននិយាយថា "ស្លាកសញ្ញាព្រមានអំពីជំងឺមហារីកលើកាហ្វេអាចនាំឱ្យមានការយល់ច្រឡំ។ គោលការណ៍ណែនាំរបបអាហារផ្ទាល់ខ្លួនរបស់រដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថា កាហ្វេអាចជាផ្នែកមួយនៃជីវិតរស់នៅដោយមានសុខភាពល្អ"។

យ៉ាងណាមិញ ហាងកាហ្វេ Starbucks មិនបានបង្ហាញកម្រិតសារធាតុ Acrylamide លើផលិតផលរបស់ពួកគេទេ ដែលវាគឺជាសារធាតុបង្កមហារីក៕

adverise with khmeread