តោះ! មកមើលការប្រៀបធៀបលក្ខណៈពិសេសរបស់ OPPO F7 ជាមួយនឹង iPhone X បន្តិចមើល៌យ៉ាងម៉េចដែរ?

1. រូបរាង និងរចនាបថ

ជាដំបូងយើងមកមើលរូបរាងរបស់ទូរសព្ទទាំង ២ នេះសិន អាចនិយាយបានថា OPPO F7 និង iPhone X ពិតជាស្រស់ស្អាតទាន់សម័យ។ ដោយ iPhone X ត្រូវបានក្រាលផ្ទៃខាងក្រោយដោយកញ្ចក់ និងស៊ុមជាលោហៈធាតុ Stainless Steel និងមានកាមេរ៉ាលៀនចេញមកបន្ដិច ចំណែកឯ OPPO F7 ក៏បានផ្លាស់ប្ដូរខ្នងខាងក្រោយមកជាកញ្ចក់ដែរ និងស្រោបមកដល់មុខ ជាប្រភេទ Uni-Body ប៉ុន្តែកាមេរ៉ាមិនលៀនមកច្រើនទេ ហើយក៏ឃើញមានស៊េនស័រស្កេនម្រាមដៃផងដែរ។ iPhone X មានកម្រាស់ ៧.៧ មីលីម៉ែត្រ និងទំងន់ដល់ ១៧៤ ក្រាម ខណៈពេលដែរ OPPO F7 មានកម្រាស់ ៧.៨ មីលីម៉ែត្រ និងទំងន់ ១៥៨ ក្រាម។ ទៅលើការ រចនាយើងអាចឲ្យពិន្ទុទៅ OPPO F7 ច្រើនជាង iPhone Xដោយសារតែវាមានរូបរាងសាមញ្ញទម្លាប់ចាស់ កាមេរ៉ាក៏មិនលៀនចេញខ្លាំង ហើយវាក៏មានទំងន់ស្រាល ងាយស្រួលកាន់ជាងផងដែរ បើទោះជាអេក្រង់របស់វាធំជាង iPhone X ឆ្ងាយក៏ដោយ។ ប៉ុន្តែសម្រាប់ប្រិយមិត្តមួយចំនួន ប្រហែលជាស្រលាញ់រូបរាង Compact របស់ iPhone X ជាងដោយមិនខ្វល់ពីទំងន់ទេ វាក៏អាស្រ័យទៅតាមអ្នកប្រើប្រាស់ដែរ។

2. អេក្រង់ និងកម្រិតបង្ហាញភាពច្បាស់

iPhone X និង OPPO F7 សុទ្ធតែជាទូរសព្ទមានអេក្រង់ឆកដូចគ្នា ដោយ OPPO F7 បានប្រើប្រាស់នូវអេក្រង់ LTPS IPS LCD មានទំហំ ៦.២៣ អ៊ីញ លាតប្រហែល ៨២.៥% នៃផ្ទៃខាងមុខ ជាអេក្រង់ទ្រវែងមានវិមាត្រ 19:9 Ratio មានកម្រិតបង្ហាញ Full HD+ (2280 x 1080 ភិចស៊េល) និងដង់ស៊ីតេអេក្រង់ ៤០៥ ppi។ ចំណែកឯ iPhone X វិញមានអេក្រង់ OLED ទំហំ ៥.៨ អ៊ីញលាតប្រហែល ៨២.៩% នៃផ្ទៃខាងមុខ កម្រិតបង្ហាញក្បែនឹង Quad HD ដែរគឺ (1125 x 2438 ភិចស៊ែល) និងដង់ស៊ីតេអេក្រង់ 458 ppi។ ទៅលើទំហំអេក្រង់គឺ OPPO F7 ធំជាងប្រមាណជិតកន្លះអ៊ីញដែរ ប៉ុន្តែអេក្រង់ OLED របស់ iPhone X ជាអេក្រង់ល្អជាង មានដង់ស៊ីតេខ្ពស់ បង្ហាញបានច្បាស់ម៉ត់ជាង ព្រមទាំង HDR10 ទៀតផង អញ្ចឹងពិន្ទុអេក្រង់ iPhone X គឺប្រាកដជាទទួលបានមេដៃ។  

3. កម្លាំងម៉ាស៊ីន

កម្លាំងម៉ាស៊ីន យើងដឹងយ៉ាងច្បាស់ណាស់ថា iPhone X ខ្លាំងមិនធម្មតាទេ ព្រោះវាប្រើឈីប A11 Bionic រ៉េមដល់ ៣ ជីកាបៃ ទំហំផ្ទុក ៦៤ ឬ ១២៨ ជីកាបៃ និងដំណើរការដោយ iOS 11។ ចំណែកឯ OPPO F7 ប្រើប្រាស់ឈីប Helio P60 ទើបនឹងចេញថ្មី មានរ៉េមទំហំ ៤ ឬ ៦ ជីកាបៃ អង្គផ្ទុកទិន្នន័យ ៦៤ ឬ ១២៨ ជីកាបៃ ហើយវាក៏មានសមត្ថភាពបន្ថែម microSD បានដល់ ២៥៦ ជីកាបៃផងដែរ។ F7 ដំណើរការដោយ Android Oreo និងប្រើប្រាស់ផ្ទៃអ៊ីធើហ្វេស ColorOS5.0 ជំនាន់ចុងក្រោយ។ ទៅលើកម្លាំង iPhone X ប្រាកដជាកប់ហើយ ប៉ុន្តែ OPPO F7 ក៏មិនអន់ដែរ ព្រោះឈីប HelioP60 គឺជាឈីបតូច និងមានបច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត AI ជំនួយគ្នាទៅលើល្បឿន ម្យ៉ាងទៀតវាក៏មានរ៉េមធំ និងអាចបន្ថែមមេម៉ូរីខាងក្រៅបានផងដែរ ដូចនេះវាក៏ស្ថិតនៅលើលំដាប់លើសបង្គួរផងដែរ។

4. កាមេរ៉ា

iPhone X គឺជាទូរសព្ទដែលមានកាមេរ៉ាល្អបំផុតរបស់ Apple ជាពិសេសកាមេរ៉ាភ្លោះនៅខាងក្រោយ ដែមានទំហំ ១២ មេហ្គាភិចស៊ែលទាំង ២ គ្រាប់កម្រិត Aperture f/1.8 និង f/2.4 និងមានមុខងារទប់លំនឹង OIS ទាំង ២ គ្រាប់ដូចគ្នា ជំនួយទៅដល់ការថតវីឌីអូ 4K ល្បឿន ៦០ ហ្វ្រេមបានយ៉ាងល្អ។ ចំណែកកាមេរ៉ាក្រោយរបស់ OPPO F7 មានទំហំ ១៦ មេហ្គាភិចស៊ែល Aperture f/1.8 ធំផងដែរ និងថតវីឌីអូត្រឹម Full HD ប៉ុណ្ណោះ។ ផ្នែកាមេរ៉ាក្រោយ គឺមិនអាចប្រជែងជាមួយ និងកាមេរ៉ាភ្លោះរបស់ iPhone X បានទេព្រោះវាគឺជាកាមេរ៉ាលំដាប់កំពូលទៅហើយ ប៉ុន្ដែ OPPO F7 ក៏ជាកាមេរ៉ាល្អក្នុងលំដាប់បង្គួរដែរ ព្រោះវាក៏មានមុខងារ Portrait ថតព្រាល នៅលើលេនតែមួយគ្រាប់ប៉ុណ្ណោះ ហើយក៏មានមុខងារ Vivid Mode ចាប់រូបភាពមានពណ៌លេចស្រស់ និងមាន Scene ថតរូប ១៦ សំរាប់អ្នកមិនសូវចេះកំណត់ប្លង់ផងដែរ ដូចជាថតរូបអាហារ, ថ្ងៃលិច, នៅកន្លែងពន្លឺទាប, បែបទេសភាព ។ល។

អ្វីដែល OPPO ព្យាយាមខ្លាំងគឺកាមេរ៉ាខាងមុខ វាគឺជាកាមេរ៉ាប្រើប្រាស់ស៊េនស័រធំបំផុតដំបូងគេ របស់ក្រុមហ៊ុន Sony គឺស៊េនស័រ IMX576 ដែលចាប់រូបភាពក្នុងទំហំ ២៥ មេហ្គាភិចស៊ែល កម្រិត Aperture f/2.0 ប្រើប្រាស់លេនទូលាយល្អ និងមុខងារ HDR ចាប់រូបភាបស្រស់ស្អាតជាមួយមុខងារជំនួយសម្រស់ជំនាន់ ២.០។ ឯកាមេរ៉ាមុខរបស់ iPhone X មានទំហំ ៧ មេហ្គាភិចស៊ែល Aperture f/2.2 ថតរូបភាពបានស្អាតល្អ និងថតព្រាលផ្ទៃខាងក្រោយបានផងដែរ។ 

ពិន្ទុកាមេរ៉ាមុខគឺ OPPO F7 ទទួលបានល្អជាង ដោយសារតែស៊េនស័រចាប់រូបភាពធំជាង iPhone X ប្រហែល ៣.៥ ដង ហើយក្រុមហ៊ុនបំពាក់នូវបច្ចេកវិទ្យាបញ្ញាសប្បនិមិត្តដែលធ្វើការបានប្រសើរមែនទែន វាចាប់យកមុខមនុស្សយើងចំនួន ២៩៦ ចំណុចនៅពេលថត ដែលគណនាដឹងនូវ ភេទ, អាយុ, ទម្រង់មុខ, ប្រភេទស្បែក, ពណ៌ស្បែក ហើយក៏ធ្វើការកែកុនមុខរបស់អ្នក ឲ្យទៅជាស្រស់ស្អាត មិនប្លែកពីធម្មតាច្រើនឡើយ ជាមួយនឹងបច្ចេកវិទ្យាជំនាញខាងសម្រស់ ដែលគណនាទម្រង់មុខបានដល់ ៨ លានប្រភេទឯណោះ។ មិនត្រឹមតែផ្ទៃមុខទេ ផ្ទៃខាងក្រោយដែលអ្នកបានថត ក៏អាចថតព្រាលបានផងដែរ ឬចង់បើក HDR និង Vivid Mode ដើម្បីឲ្យចាប់ពណ៌បានភ្លឺស្រស់ មានគុណភាពខ្ពស់ ដោយសារស៊េនស័រធំច្បាស់ ថតបានទូលាយ និងមុខងារជំនួយច្រើន។

5. ថាមពលថ្ម

ថ្មរបស់ iPhone X មានថាមពល ២,៧១៦ មីលីអំពែ ដែលអាចប្រើប្រាស់បានយូរ និងអាចសាកថ្មបានលឿន ព្រមទាំងមានបច្ចេកវិទ្យាសាកថ្មឥតខ្សែទៀតផង។ ចំណែកឯ OPPO F7 មានថាមពលថ្ម ៣,៤០០ មីលីអំពែ ដែលមើលទៅលើចំនួនលេខ វាធំជាងច្រើនគួរសមដែរ ហើយ OPPO ក៏បានបំពាក់នូវមុខងារ AI Battery Management ផងដែរ សម្រាប់សន្សំថ្មនៅពេលប្រើប្រាស់ ហើយការទុកចោលច្រើងម៉ោងក៏វាមិនស្រកថ្មច្រើននោះទេ។ វាមិនមានបច្ចេវិទ្យាសាកថ្មឥតខ្សែមកជាមួយនោះទេ ប៉ុន្តែក្រុមហ៊ុនជំនួសមកវិញ នូវបច្ចេកវិទ្យាសាកថ្មលឿន Quick Charge ព្រមទាំងបានភ្ជាប់មកនូវក្បាលសាកលឿនក្នុងប្រអប់មកជាស្រេច។

6. តម្លៃ

តម្លៃគឺជាចំណុចដែលមានអ្នកពិចារណាច្រើនជាងគេ ដោយសារតែមួយជាស្មាតហ្វូនលំដាប់កំពូល និងជាស្មាតហ្វូនពិសេសក្នុងខួប ១០ ឆ្នាំរបស់ Apple ផងដែរ។ ចំណែកឯមួយទៀត គឺជាស្មាតហ្វូនស៊េរីថ្មីរបស់ OPPO ដែលបានផ្លាស់ប្ដូររូបរាងថ្មី ជាមួយនឹងអេក្រង់លាតធំជាងមុន និងមានក្បាលឆកដូចគ្នា។ iPhone X មិនមែនតម្លៃទាបឡើយ តម្លៃរបស់គឺ ១,០៥០ ដុល្លារសម្រាប់ម៉ូឌែល ៦៤ ជីកាបៃ និងតម្លៃ ១,១៥០ ដុល្លារចំពោះម៉ូឌែល ២៥៦ ជីកាបៃ ហើយវាក៏ជាស្មាតហ្វូនដែលមិនមានធានានោះទេ ប្រសិនបើចង់បានធានា ១ ឆ្នាំពីក្រុមហ៊ុនវាកាន់តែថ្លៃទៅទៀត ដល់តម្លៃ ១,២២៨ ដុល្លារ និងម៉ូឌែល ២៥៦ ជីកាបៃ តម្លៃលោតទៅដល់ ១,៤០៨ ដុល្លារឯណោះ។ ខណៈពេលដែល OPPO F7 មានតម្លៃខ្ទង់ ៣០០ ដុល្លារប៉ុណ្ណោះសម្រាប់ម៉ូឌែលរ៉េម ៤ ជីកាបៃ និងទំហំផ្ទុក ៦៤ ជីកាបៃ ចំណែកម៉ូឌែលរ៉េម ៦ ជីកាបៃ និងទំហំផ្ទុក ១២៨ ជីកាបៃ តម្លៃនៅខ្ទង់ ៤០០ ដុល្លារ។ 

ដូច្នះ ជារួម OPPO F7 និង iPhone X សុទ្ធតែមានចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួន។ ចុះចំណែកលោកអ្នកវិញ យល់យ៉ាងម៉េចដែរ?

adverise with khmeread