ក្រុមហ៊ុន Volkswagen យករថយន្តរាប់សែនគ្រឿងទៅទុកចោលនៅវាលខ្សាច់រដ្ឋកាលីហ្វ័រញ៉ា ដោយសារមូលហេតុ...

ខាងក្រោមនេះគឺជារូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលដោយបង្ហាញពីរថយន្តរាប់ម៉ឺនគ្រឿងនៅវាលខ្សាច់រដ្ឋកាលីហ្វ័រញ៉ា បន្ទាប់ពីក្រមហ៊ុន Volkswagen ត្រូវបានបង្ខំឱ្យប្រមូលទិញរថយន្តចំនួន ៣៥០.០០០ គ្រឿងដែលមានតម្លៃប្រមាណ ៧,៤ ពាន់លានដុល្លារ ជុំវិញរឿងអាស្រូវម៉ាស៊ូត។

អ្នកនាំពាក្យក្រុមហ៊ុន Volkswagen លោកស្រី Jeannine Ginivan បានថ្លែងក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃពុធសប្ដាហ៍នេះយ៉ាងដូច្នេះថា ទីលានចតរថយន្តនៅទីក្រុង Victorville ក្នុងរដ្ឋកាលីហ្វ័រញ៉ា គឺស្ថិតក្នុងចំណោមទីលានចំនួន ៣៧ នៅសហរដ្ឋអាមេរិក ដើម្បីធានាឱ្យបានគុណភាពទីតាំងសម្រាប់រថយន្តដែលត្រូវបានប្រមូលទិញមកវិញ ក្រោមកិច្ចព្រមព្រៀងទីតាំងសម្រាប់រថយន្តម៉ាស៊ូតរបស់ Volkswagen។

លោកស្រី Jeannine បានថ្លែងថា "រថយន្តទាំងនេះកំពុងត្រូវទុកដាក់ជាបណ្ដោះអាសន្ន និងត្រូវបានថែទាំជាប្រចាំដើម្បីធានាគុណភាពនិងប្រតិបត្តិការយូរអង្វែងរបស់រថយន្ត ដូច្នេះរថយន្តទាំងនេះប្រហែលជាចូលទៅទីផ្សារវិញឬក៏នាំចេញនៅពេលនិយ័តករសហរដ្ឋអាមេរិកអនុម័តការកែប្រែការបំភាយសមស្របមួយ"។

ជាសរុបក្រុមហ៊ុន Volkswagen បានយល់ព្រមចំណាយជាង ២៥ ពាន់លានដុល្លារនៅសហរដ្ឋអាមេរិកសម្រាប់ការទាមទាររបស់ម្ចាស់រថយន្ត និយ័តករបរិស្ថាន រដ្ឋ និងអ្នកលក់រថយន្ត និងបានស្នើទិញរថយន្តបំពុលបរិស្ថាននៅអាមេរិកប្រមាណ ៥០០.០០០ គ្រឿង។ ការប្រមូលទិញនេះនឹងបន្តដល់ចុងឆ្នាំ ២០១៩។

ក្ដីបារម្ភជុំវិញការបំភាយអាសូតឌីអុកស៊ីត (NO2) បានកើនឡើងចាប់តាំងពីក្រុមហ៊ុន Volkswagen ត្រូវបានរកឃើញក្នុងខែកញ្ញា ឆ្នាំ ២០១៥ ថាបានលួចបន្លំការធ្វើតេស្តការបំពុលខ្យល់ចំពោះរថយន្តម៉ាស៊ូតចំនួន ១១ លានគ្រឿងជុំវិញពិភពលោក៕

adverise with khmeread
Loading ad ...