សំណេរនៅដង្ហើមចុងក្រោយរបស់លោក Steve Job ត្រូវបានទម្លាយ...អានហើយស្រណោះជាពន់ពេក

ក្នុងឆ្នាំ ២០១៥ មានពាក្យចចាមអារ៉ាមជាច្រើនរីករាលដាលពេញបណ្ដាញសង្គម នៅពេលស្ថាបនិកក្រុមហ៊ុន Apple លោក Steve Job លាចាកលោកទៅក្នុងឆ្នាំ ២០១១ នៅអាយុ ៥៦ ឆ្នាំ គាត់បានបន្សល់ទុកនូវសំណេរមុនស្លាប់មួយអំពីជីវិតរបស់គាត់។ ហើយសំណេរទាំងនោះបានបែកធ្លាយនៅលើវេបសាយ gkindshivani ក្រោមចំណងជើងថា "តើអ្នកដឹងទេថា ពាក្យចុងក្រោយរបស់ Steve Jobs ជាអ្វី" ហើយខាងក្រោមនេះគឺជាអ្វីដែលសំណេរលោក Steve Job បានសរសេរ៖

ខ្ញុំបានឈានមកដល់ចំណុចកំពូលនៃភាពជោគជ័យក្នុងពិភពជំនួញ។ នៅក្នុងក្រសែភ្នែកអ្នកដទៃ ជីវិតរបស់ខ្ញុំ គឺជាគំរូមួយនៃភាពជោគជ័យ។

ប៉ុន្តែទោះជាយ៉ាងណា ក្រៅពីជីវិតការងារ ខ្ញុំមានសេចក្តីសុខតិចតួចប៉ុណ្ណោះនៅក្នុងជីវិត។ ហើយនៅទីបញ្ចប់ ទ្រព្យសម្បត្តិ គ្មានន័យអ្វីទេសម្រាប់ជីវិតខ្ញុំ។

ក្នុងខណៈពេលនេះ ខ្ញុំកំពុងទម្រេតខ្លួននៅលើគ្រែអ្នកជំងឺ ហើយរំលឹកពីជីវិតរបស់ខ្ញុំទាំងមូលឡើងវិញ។ ខ្ញុំភ្ញាក់រឮកថា រាល់ការទទួលស្គាល់ពីអ្នកដទៃ និងទ្រព្យសម្បត្តិទាំងអស់ ដែលខ្ញុំតែងមានមោទនភាពខ្លាំងបំផុតកន្លងមក បានសាបរលាបបន្តិចម្តងៗ ហើយប្រែជាខ្សោះអស់ន័យ នៅចំពោះមុខសេចក្តីមរណៈដែលកំពុងតែកើតមានឡើង។

នៅក្នុងស្បៃអន្ធការដ៏ខ្មៅងងឹត ភ្នែកទាំងគូរបស់ខ្ញុំសម្លឹងមើលទៅកាន់ភ្លើងពណ៌បៃតងពីជ្រុងម្ខាងនៃម៉ាស៊ីនទ្រទ្រង់ជីវិត ហើយឮស្នូររហ៊ឹមៗរបស់រលកសំឡេងមេកានិច។ ខ្ញុំមានអារម្មណ៍ថា ដង្ហើមនៃយមរាជកាន់តែខិតមកជិតដល់ហើយ ...។

ឥឡូវនេះទើបខ្ញុំដឹងថា នៅពេលដែលយើងរកបានទ្រព្យសម្បត្ដិសមល្មមនឹងបន្តជីវិតរស់នៅហើយនោះ យើងគួរតែបន្តស្វះស្វែងរករបស់ផ្សេងទៀតដែលមិនទាក់ទងទៅនឹងភោគសម្បត្ដិទាំងនោះ ...។

វាគួរតែជាអ្វីមួយដែលសំខាន់ជាងហ្នឹង ប្រហែលជាទំនាក់ទំនងស្នេហា, សិល្បៈ ឬមួយជាក្តីសុបិនដែលយើងមានពីវ័យក្មេងមក ...។

ការប្រមាញ់រកទ្រព្យសម្បត្តិមិនចេះឆ្អែតឆ្អន់ គឺមានតែអូសទាញមនុស្សឱ្យធ្លាក់ខ្លួនចូលទៅក្នុងភាពអន្តរាយទ្រុឌទ្រោមនៃសុខភាពដូចជាខ្ញុំប៉ុណ្ណោះឯង។

ព្រះជាម្ចាស់បានប្រទានឱ្យយើងនូវសតិសម្បជញ្ញៈ ដើម្បីឱ្យយើងមានសេចក្ដីស្រឡាញ់នៅក្នុងបេះដូងរបស់មនុស្សរាល់គ្នា មិនមែនជាការបំភ័ន្តដែលបង្កឡើងដោយទ្រព្យសម្បត្តិនោះទេ។

ទ្រព្យសម្បត្តិដែលខ្ញុំមានទាំងប៉ុន្មានក្នុងជីវិត ខ្ញុំមិនអាចនាំយកជាប់ខ្លួនរហូតទេ។ អ្វីដែលខ្ញុំអាចយកទៅជាមួយបានគឺមានតែអនុស្សាវរីយ៍ ឬ ការចងចាំដែលបានមកឱ្យដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ។

នោះហើយគឺជាទ្រព្យសម្បត្ដិដ៏ពិតប្រាកដដែលនឹងនៅជាមួយអ្នក, អមដំណើរអ្នក, ហើយឱ្យកម្លាំងដល់អ្នក និងជាពន្លឺបំភ្លឺអ្នកឱ្យបន្តដំណើរទៅមុខទៀត។
សេចក្ដីស្រឡាញ់អាចធ្វើដំណើរបានរាប់ពាន់យោជន៍។ ជីវិតគ្មានដែនកំណត់នោះទេ។ ចូរទៅកន្លែងដែលអ្នកចង់ទៅ។ ឡើងឱ្យដល់កម្ពស់ដែលអ្នកចង់ឈានទៅដល់។ អ្វីទាំងអស់គឺស្ថិតនៅក្នុងបេះដូង និងកណ្តាប់ដៃរបស់អ្នកហើយ។

តើគ្រែអ្វីដែលជាគ្រែដ៏មានតម្លៃថ្លៃបំផុតនៅក្នុងពិភពលោក? - នោះគឺ "គ្រែអ្នកជំងឺ"...។

អ្នកអាចជួលនរណាម្នាក់ឱ្យបើករថយន្តឱ្យអ្នក, ឱ្យរកប្រាក់សម្រាប់អ្នក, ប៉ុន្តែអ្នកមិនអាចជួលនរណាម្នាក់ឱ្យមកឈឺជំនួសអ្នកទេ។

ទ្រព្យសម្បត្ដិដែលបាត់បង់ទៅហើយអាចរកមកវិញបាន។ ប៉ុន្តែមានរបស់ម្យ៉ាងក្នុងលោកយើងនេះដែលយើងគ្មានថ្ងៃរកវាមកវិញបានទេនៅពេលដែលវាបាត់បង់ - នោះគឺជា "ជីវិត" ។

នៅពេលដែលមនុស្សម្នាក់ចូលទៅក្នុងបន្ទប់វះកាត់ គេនឹងភ្ញាក់ខ្លួនថានៅមានសៀវភៅមួយក្បាលដែលគេមិនទាន់បានអានចប់- នោះគឺជា "សៀវភៅនៃជិវិតដ៏មានសុខភាពល្អ" ។
មិនថាឈុតឆាកមួយណានៃជីវិតដែលយើងកំពុងតែស្ថិតនៅឥឡូវនេះទេ, ជាមួយនឹងពេលវេលា យើងនឹងប្រឈមមុខនូវថ្ងៃមួយដែលវាំងននជីវិតរបស់យើងបិទធ្លាក់ចុះមកក្រោមជាមិនខាន។

ដូច្នេះ ចូរសាងកំណប់ក្ដីស្រឡាញ់សម្រាប់ក្រុមគ្រួសារអ្នក, ស្នេហាដ៏បរិសុទ្ធសម្រាប់ដៃគូជីវិតរបស់អ្នក, និងសេចក្ដីស្រឡាញ់ចំពោះមិត្តភក្តិរបស់អ្នក ...។

"មើលថែខ្លួនឯងឱ្យបានល្អ ហើយស្រឡាញ់មនុស្សជុំវិញខ្លួនឱ្យបានច្រើន"៕

adverise with khmeread