លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវសារភាពថា «​ខ្លួនមានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី ចេវ សុវឌ្ឍនា មែន»

​ភ្នំពេញ​ ៖ ​អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានទទួលសារភាពនៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី ចេវ សុវឌ្ឍនា នារីដែលគេប្រទះឃើញស្លាប់ក្នុងរូបភាពចងកក្នុងគេហដ្ឋាននៅក្រុងដូនកែវកាលពីខែមករា ឆ្នាំ២០១៨កន្លងទៅ​ ពិតមែន​​។

​លោក ឡាយ វណ្ណៈ បានបញ្ជាក់នៅលើហេ្វសប៊ុករបស់លោក ថា «ខ្ញុំសូមបញ្ជាក់អះអាងថា រូបខ្ញុំ និងប្អូនស្រី ចេវ សុវឌ្ឍនា មានទំនាក់ទំនងស្នេហា ស្រឡាញ់គ្នាជាមួយគាត់ពិតប្រាកដមែនក្នុងរយៈពេលជាង ១ ឆ្នាំកន្លងមកនេះ។ ក្រោយមកដោយភរិយាខ្ញុំបានដឹង ខ្ញុំបានសុំកាត់ផ្តាច់ទំនាក់ទំនងជាមួយគាត់ ដែលធ្វើឱ្យគាត់ខឹងសម្បានឹងខ្ញុំរហូតដល់គាត់គិតខ្លីធ្វើអត្តឃាដខ្លួនឯង។ នេះជារឿងពិត ប៉ុន្តែខ្ញុំសូមបដិសេដទាំងស្រុងនូវរាល់ការចោទប្រកាន់ដែលថារូបខ្ញុំនិងបងប្រុសខ្ញុំ បានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនា»។

​បន្ទាប់ពីមានការដាក់សង្ស័យថា លោក ឡាយ វណ្ណៈ ជាប់ពាក់ព័ន្ធនឹងការធ្វើឃាតលើអ្នកស្រី ចេវ សុវឌ្ឍនា នៅពេលដែលបងប្រុសរបស់លោក គឺលោក ឡាយ ណារិទ្ធ រួមនិងមនុស្សពាក់ព័ន្ធ៤នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួននោះ លោក ឡាយ វណ្ណៈ បានចេញមកច្រានចោលនូវការសង្ស័យនេះ។ តែលោកបានឆ្លើយសារភាពថា លោកធ្លាប់មានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី ចេវ សុវឌ្ឍនា។

​ចំណែក របាយការណ៍កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងនោះមាន​ឈ្មោះ ​ចាន់ ​រី ​ភេទ​ស្រី ​និង​ប្តី​ឈ្មោះ ​ជឹម ​វុ​ធ ​ជា​អ្នកបំរើ​នៅផ្ទះ​នាង​ ចេ​វ ​សុ​វ​ឌ្ឍ​នា​, ​ឈ្មោះ​ មេន​ សម័យ ​អ្នកបើក​ឡាន​ឱ្យលោក ​ឡាយ ​វណ្ណៈ ​និង​ឈ្មោះ ​តាក់ ​រតនា ​ជា​អ្នកបើក​ឡាន​ឱ្យ​លោក ​ឡាយ ​ណា​រិ​ទ្ធ​ គឺ​របាយការណ៍​បាន​ចោទប្រកាន់​ពីបទ​លាក់បាំង​បទល្មើស​មិន​រាយ​ការណ៍​ឱ្យសមត្ថកិច្ច។

​យ៉ាងណាក៏ដោយសមត្ថកិច្ចបានបើកការស៊ើបអង្កេត ករណីឃាតកម្មលើស្រ្តីស្រស់នៅក្រុងដូនកែវ ឈ្មោះ ចេវ សុវឌ្ឍនា អាចជាប់ពាក់ព័ន្ធនឹងលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ។ ករណីនេះគេរង់ចាំការសាកសួររបស់តុលាការសិន៕

adverise with khmeread