គីម ជុងអ៊ុន ទស្សនាតារា K-pop ស្អាតៗ សម្តែងនៅព្យុងយ៉ាងជាលើកដំបូង

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និង ភរិយា រី សូលជូ បានទស្សនាក្រុមតារាចម្រៀង K-pop សម្តែងក្នុងក្រុងព្យុងយ៉ាងកាលពីថ្ងៃអាទិត្យ ទី១ មេសា ជាលើកដំបូងក្នុងរយៈពេលជាង ១ ទសវត្សរ៍មកនេះ ខណៈដែលភាពតានតឹងរវាងប្រទេសទាំង២ចាប់ធូរស្រាលឡើងវិញ។

នេះជាលើកទី១ហើយដែលមេដឹកនាំកូរ៉េខាងជើងចូលរួមមើលការសម្តែងរបស់កូរ៉េខាងត្បូងក្នុងរដ្ឋធានីព្យុងយ៉ាង។ គីម ជុងអ៊ុន បានទះដៃតាមចង្វាក់បទចម្រៀងខ្លះ និង ក្រោយមក បានថតរូបជាមួយតារាកូរ៉េខាងត្បូង បន្ទាប់ពីកម្មវិធីប្រគុំតន្ត្រី។

ការប្រគុំតន្ត្រីរយៈពេល ២ ម៉ោងនៅព្យុងយ៉ាង អមជាមួយការសម្តែងក្បាច់តៃក្វាន់ដូមុននេះកាលពីពេលព្រឹកថ្ងៃអាទិត្យ បានធ្វើឡើង ខណៈដែលកូរ៉េខាងត្បូងនិងខាងជើងចូលរួមបង្កើនការទាក់ទងគ្នាខ្លាំងឡើង ចាប់តាំងពីលោកគីម ជុងអ៊ុន បង្ហាញឆន្ទៈឱ្យមានការប្រាស្រ័យទាក់ទងគ្នារវាងប្រទេសទាំង ២។

អត្តពលិកកូរ៉េខាងត្បូងនិងខាងជើងបានហែក្បួនក្រោមទង់រួបរួមតែមួយនៅពិធីបើកកីឡាអូឡាំពិកក្រុងព្យឹងចាងកាលពីខែកុម្ភៈ ហើយការធូរស្រាលខាងទំនាក់ទំនងអន្តរកូរ៉េបាននាំឱ្យពួកគេកំណត់កាលបរិច្ឆេទប្រជុំកំពូលជាលើកដំបូងក្នុងរយៈពេលជាង១ទសវត្សរ៍មកនេះ នៅថ្ងៃទី ២៧ មេសា។

រដ្ឋមន្ត្រីក្រសួងវប្បធម៌កូរ៉េខាងត្បូងនិយាយថា គណៈប្រតិភូកូរ៉េខាងត្បូងរួមមាន តារាសិល្បៈ បុគ្គលិករៀបចំឆាក អ្នកសម្តែងតៃក្វាន់ដូ អ្នកកាសែត និងមន្ត្រីរដ្ឋាភិបាល។ ពួកគេធ្វើដំណើរទៅព្យុងយ៉ាងកាលពីថ្ងៃសៅរ៍ ដើម្បីជាការឆ្លើយតបទៅនឹងការសម្តែងរបស់តារាកូរ៉េខាងជើងនៅកូរ៉េខាងត្បូងកាលពីខែកុម្ភៈ។

រដ្ឋមន្ត្រីវប្បធម៌កូរ៉េខាងត្បូង លោក ដូ ជុងវ៉ាន់ និយាយប្រាប់អ្នកកាសែតថា "គីម ជុងអ៊ុន បង្ហាញការចាប់អារម្មណ៍ខ្លាំងអំឡុងការសម្តែងនេះ និងសួរសំណួរអំពីបទចម្រៀងនិងទំនុកច្រៀង"។

ការប្រគុំតន្ត្រីនៅសាល Pyongyang Taekwondo Hall កាលពីថ្ងៃអាទិត្យ ទាក់ទាញទស្សនិកជនកូរ៉េខាងជើង ២.៣០០ នាក់ឱ្យមកចូលរួមទស្សនា ក្នុងនោះរួមមានទាំងលោក ចូ វី ប្រធានគណៈកម្មាធិការណែនាំកីឡាជាតិរបស់កូរ៉េខាងជើងផងដែរ។

នាង Seohyun សមាជិកតារាក្រុមចម្រៀង Girls' Generation ឡើងច្រៀងបទប៉ុបរបស់កូរ៉េខាងជើង ចំណងជើងថា "Blue Willow Tree"។ នាងបានច្រៀងជាមួយក្រុមចម្រៀង Samjiyon របស់កូរ៉េខាងជើងក្នុងក្រុងសេអ៊ូល កាលពីខែកុម្ភៈផងដែរ៕

[caption id="attachment_9027" align="alignnone" width="3500"] Members of South Korean K-pop girl group Red Velvet leaves for Pyongyang at the Gimpo International airport in Seoul, South Korea, March 31, 2018. REUTERS/Kim Hong-Ji[/caption]

[caption id="attachment_9030" align="alignnone" width="940"] South Korean K-pop idol singer Seohyun leaves for Pyongyang at the Gimpo International airport in Seoul, South Korea, March 31, 2018. REUTERS/Kim Hong-Ji[/caption]

adverise with khmeread