បុរសម្នាក់ត្រូវបានរថយន្តបុក បណ្តាលឱ្យស្លាប់ចោលប្រពន្ធទាំងនៅក្មេងខ្ចី

​ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងបើកម៉ូតូ ត្រូវរថយន្តមិនស្គាល់ម៉ាកបុកពេញទំហឹង នៅចំណុចមុខបុរីលីមឈាងហាក់ កាលពីវេលា ម៉ោង៩ និង៤០នាទីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិក្រាំងដូនតី សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​។

​ប្រពន្ធជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះ (សព) ឈ្មោះ វន រ័ត្ន ​អាយុ​២៥ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅផ្ទះជួលម្តុំថ្លឹងឡានចាស់ចោមចៅ​ ខណ្ឌពោធិ៍សែ​នជ័យ មានស្រុកកំណើតនៅភូមិគរ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ រីឯគាត់ ( ប្រពន្ធ ) ឈ្មោះ អូន ម៉ាប់ អាយុ​២២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្រុកកំណើតរស់នៅជាមួយប្តីភូមិ ឃុំ ខាងលើ​។ ពួកគាត់បានរៀបការជាមួយគ្នាបាន២ឆ្នាំ មិនទាន់យកកូននៅឡើយ។ តាមសម្តីប្រពន្ធបានប្រាប់ថា ប្តីរបស់គាត់សុំទៅកាត់ចំណងដៃមិត្តភ័ក្តនៅជម្ពូវ័ន្ត ​មិនដឹងថាមកជួបគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវជាតិលេខ៣នេះសោះ។

​ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងគេឃើញយុវជនរងគ្រោះម្នាក់ឯង បានជិះម៉ូតូម៉ាកហុងដាឌ្រីម១២៥ ស៊េរី០១៤ ពណ៌ខ្មៅមានស្លាក លេខបាត់ដំបង1S-3372 ជិះតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង​។

​លុះមកដល់កន្លែងកើតហេតុខាងលើ ក៏មានរថយន្តកាមរីមិនចាំស្លាកលេខ បើកយ៉ាងលឿន តាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បូងបញ្ច្រាស់ទិសគ្នា បានបុក ពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់​ ហើយរថយន្តបើករត់បាត់​។ ជនរងគ្រោះភ្លាមៗត្រូវបានរថយន្តសង្រ្គោះ ដឹកទៅមន្ទីរពេទ្យតែអកុសល បានពាក់កណ្តាលផ្លូវក៏ផុតដង្ហើម ទើបដឹកមកកន្លែងកើតហេតុវិញ​។

​ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ក្រុងមកធ្វើកំណត់ហេតុ និងប្រគល់សពឱ្យប្រពន្ធយកទៅ ស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី​៕

adverise with khmeread