ចេញពីជក់ថ្នាំញៀន សមត្ថកិច្ចឃាត់សួរនាំ បែរជារត់ចោលម៉ូតូ

​ភ្នំពេញ ៖ យុវជនម្នាក់ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួន បន្ទាប់ចេញពីជក់ថ្នាំញៀន រួចសមត្ថកិច្ចឃាត់សួរនាំ តែបែរជារត់ចោលម៉ូតូ រួចទាក់ទងទៅបងប្អូនថា មានជនសង្ស័យ៣នាក់ប្រដាប់ដោយដាវសាម៉ូរ៉ៃ២ដើម ភ្ជង់ប្លន់ យកម៉ូតូចុងក្រោយ​ជាប់ខ្នោះ។

​ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើង នៅវេលាម៉ោង១២ និង១០នាទី រំលងអធ្រាត្រ​ ឈានចូលថ្ងៃច័ន្ទ​ ទី០២ ខែមេសា​ ឆ្នាំ​២០១៨ នៅចំណុចមុខវត្តចាក់អង្រែក្រោម ផ្លូវជាតិលេខ២ កែងផ្លូវ៣០ម៉ែត្រ​ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​។

​លោក ម៉េង វិមានតារា​ អធិការរងខណ្ឌមានជ័យ​ ទទួលបន្ទុក​យុត្តិធម៌​ បានប្រាប់ឱ្យ​ដឹងថា​ ​ជនសង្ស័យ ឈ្មោះ ធី ប្រណី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលេងភ្លេងសម័យ តាមរោងការ មានទីលំនៅ​ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល​។

​លោកបន្ត​ថា នៅមុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ មានស្លាកលេខ 1H- 5608 ចេញពីតំបន់សំណង់អនាធិបតេយ្យវាលខ្សាច់តាកហ្វាត មហាវិថីសម្ដេចតេជោ (ផ្លូវ៦០ម៉ែត្រ) ទើបកម្លាំង ល្បាតប៉ូលិស ខណ្ឌមានជ័យ ប្រទះឃើញ​។

​ដោយមានការសង្ស័យ សមត្ថកិច្ចក៏ធ្វើការសាកសួរ និងត្រួតពិនិត្យ តែជនសង្ស័យបានដកសោម៉ូតូ រួចរត់គេចខ្លួនទៅតាមច្រកតំបន់វាលខ្សាច់តាក់ហ្វាត នោះបាត់តែម្ដង​។ ដោយរង់ចាំមើល មួយសន្ទុះមិនឃើញ ជនសង្ស័យ ត្រលប់មកវិញ ទើបសមត្ថកិច្ចបានយកម៉ូតូ វីវ៉ា ខាងលើ ទៅរក្សាទុកនៅ​អធិការដ្ឋានខណ្ឌមានជ័យ​ រង់ចាំម្ចាស់ម៉ូតូមានកាគ្រីនិង​ឯកសារ​មកយកម៉ូតូវិញ។

​ក្រោយមកជនសង្ស័យបានទាក់ទងទៅបងប្រុសឱ្យមកយកថា​ មានជនសង្ស័យ៣នាក់ ជិះម៉ូតូឌ្រីម១២៥ មិនចាំស្លាកលេខ ​មួយគ្រឿង​ ប្រដាប់ដោយដាវសាម៉ូរ៉ៃ២ដើម ជិះតាមពីក្រោយ មកដល់ចំណុចមុខវត្តចាក់អង្រែក្រោម រួចដកដាវភ្ជង់ប្លន់ យកម៉ូតូពីខ្លួនបានសម្រេចរួចជិះគេចខ្លួនបាត់ទៅ​។

​បង្កការ ផ្អើលសមត្ថកិច្ចទាំងប៉ូលិសខណ្ឌមានជ័យ និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ​ ចុះស្វែងរកតែមកដល់កន្លែងកើតហេតុនាំទៅប៉ុស្តិ៍ចាក់អង្រែលើ ដើម្បីធ្វើការសាកសួរពីដំណើររឿង និងធ្វើការពិនិត្យទឹកនោមទើបដឹងថា ជនសង្ស័យខាងលើពិតជាបានចូលទៅប្រើប្រាស់គ្រឿងញៀន នៅតំបន់វាលខ្សាច់តាក់ហ្វាត ផ្លូវ៦០ម៉ែត្រនោះពិតប្រាកដមែន​។

​បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ ប៉ុស្តិ៍ចាក់អង្រែលើ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យ ចាត់ការតាមនីតិវិធីច្បាប់​៕

adverise with khmeread