ទេពធីតាឆ្នាំនេះ​ សោយសាច់ព្រៃជាអាហារគឺជាសត្វទ្រាយ ជាសត្វស្ទើរតែដាច់ពូជ

យោងតាមសៀវភៅ «មហាសង្ក្រាន្ត​ ឆ្នាំច​ សំរឹទ្ធិស័ក» បានសរសេរថា​ ទេវធីតាឆ្នាំនេះ​ ព្រះនាម "មហោធរៈទេវី" ជាបុត្រីទី៧​ នៃ​កបិលមហាព្រហ្ម​ទ្រង់ជ្រើសរើសសាច់ព្រៃជាអាហារគឺជាសត្វទ្រាយ ជាសត្វស្ទើរតែដាច់ពូជទៅហើយនៅក្នុងប្រទេសយើង ជាសត្វដែលពិបាកនឹងរក ហើយមនុស្សយើងក៏មិនសូវចូលចិត្តវាប៉ុន្មានដែរ។

បូរាណលោកចង់បញ្ជាក់ថានៅក្នុងឆ្នាំនេះសេដ្ឋកិច្ចជាតិអាចនឹងរីកចម្រើនលូតលាស់បរិបូណ៍ចំពោះមង្សាហារ ផល្លាហារ ធញ្ញាហារ ហូរហៀរមានតម្លៃថោក ព្រោះថាសូម្បីទេពធីតាលោកមិនសោយរបស់ទាំងនេះឡើយ ទេពធីតាលោកបែរជាសោយសាច់សត្វទ្រាយដែលជាសត្វម្រឹកដ៏កម្រហើយវាមិនមែនជាសត្វដែលមនុស្សលោកយើងត្រូវការបរិភោគជាប្រចាំ។

ព្រានព្រៃត្រូវបានឃុំខ្លួន​ ៖​ ការបរបាញ់សត្វព្រៃដែលជាទង្វើខុសច្បាប់រដ្ឋ​។ ជាក់ស្តែង
សមត្ថកិច្ចបានចាប់ខ្លួនព្រានព្រៃ៥នាក់បញ្ជូនទៅតុលាការផ្តន្ទាទោស​ ដែលតែងតែធ្វើសកម្មភាពបរបាញ់សត្វព្រៃ ក្នុងស្រុកឱរ៉ាល់ និងកន្លែងផ្សេងៗទៀត ព្រមទាំងដកហូតឆ្អឹងសត្វបានមួយចំនួន កាលពីឧសភា ២០១៦​ ហើយព្រានព្រៃ៥នាក់នេះត្រូវបានឃុំខ្លួន​។

ក្រោយមកនៅថៃ្ងទី​២២ ខែមីនា ឆ្នាំ២០១៨​ថ្មីៗនេះ សមត្ថកិច្ចបានចាប់ខ្លួនព្រានព្រៃម្នាក់ទៀតដែលបានបាញ់សម្លាប់សត្វទន្សោងគោព្រៃមួយក្បាលមានទម្ងន់​ ១២០គីឡូក្រាមជាសត្វជិត​ផុតពូជរស់​នៅក្នុងព្រៃ​សហគមន៍​ ភ្នំពពួយ​ ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង​ ខេត្តកំពង់ស្ពឺ​ យកសាច់ដើម្បីលក់ ក៏ត្រូវតុលាការឃុំខ្លួន។

​តារាបូលីវូដ​ ល្បីឈ្មោះ​ របស់ប្រទេសឥណ្ឌា​ លោក Salman Khan ត្រូវបានកាត់ទោសឱ្យជាប់គុក ៥ ឆ្នាំ បន្ទាប់ពីរកឃើញថា​ បានសម្លាប់សត្វក្តាន់ដ៏កម្រកាលពី ២០ ឆ្នាំមុន។ តារាសម្ដែងវ័យ ៥២ ឆ្នាំរូបនេះ គឺជាតារាម្នាក់ក្នុងចំណោម ១០ នាក់ដែលទទួលបានប្រាក់ចំណូលបានច្រើនជាងគេលើលោក។ គាត់ត្រូវបានផ្តន្ទាទោសពីបទបាញ់សម្លាប់សត្វក្តាន់ខ្មៅកម្រ២ក្បាលក្នុងប្រទេសឥណ្ឌាក្នុងឆ្នាំ ១៩៩៨។ តុលាការបានផ្តន្ទាទោសតារាសម្ដែងរូបនោះឱ្យជាប់គុកចំនួន ៥ ឆ្នាំ និងផាកពិន័យជាប្រាក់ ១ ម៉ឺនរ៉ូពី (១៥០ ដុល្លារ)។

ការលើកឧទាហរណ៍ខាងលើ​ ខ្មែររីដចង់ទាញអារម្មណ៍មិត្តអ្នកអាន​ កុំព្យាយាមស្វែងរកសត្វព្រៃមកសែន​ ឬ​ បរិភោគក្នុងពិធីបុណ្យចូលឆ្នាំប៉ុណ្ណោះ​។

បុណ្យចូលឆ្នាំនៅពេលណា ៖ បុណ្យចូលឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង គ.ស ២០១៨ ខាងមុខនេះតាមប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរ ឬជាតិសាសន៍ណាក៏ដោយតែងតែមានប្រពៃណីទំនៀមទម្លាប់ទៅតាមជាតិនីមួយៗរៀងខ្លួន។

ដោយប្រទេសកម្ពុជាយើងជាប្រទេសមហានគរ មានវប្បធម៌ខ្ពង់ខ្ពស់ និងអរិយធម៌អស្ចារ្យ និងមានប្រពៃណីយ៉ាងល្អប្រសើរផងដែរ។ នៅក្នុងខែមេសា ថ្ងៃទី ១៤-១៥-១៦ ខាងមុខនេះ ប្រទេសខ្មែរទាំងមូលនឹងនាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះជារៀងរាល់ឆ្នាំ ដើម្បីបានជួបជុំបងប្អូន នាំគ្នាទៅស្រុកកំណើត ជួបជុំសប្បាយជាមួយជាតិមិត្ត ជាដើម។

នៅក្នុងឆ្នាំថ្មីនេះ តើក្នុងរយៈពេលបីថ្ងៃគេបាននាំគ្នាប្រារព្ធពិធីអ្វីខ្លះក្នុងថ្ងៃចូលឆ្នាំថ្មី គ.ស ២០១៨ ៖
-​ ថ្ងៃចូលឆ្នាំថ្ងៃទី១ គឺថ្ងៃវារៈមហាសង្ក្រាន្ត ត្រូវនឹងថ្ងៃសៅរ៍ ១៤ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ.ស ២០១៨ វេលាម៉ោង ៩ និង ១២នាទីព្រឹក ជាថ្ងៃចូលឆ្នាំច សំរឹទ្ធស័ក។
-​ ថ្ងៃទី ២ គឺថ្ងៃ វារៈវ័នបត ត្រូវនឹងថ្ងៃអាទិត្យ ១ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ.ស ២០១៨ ។
-​ ថ្ងៃទី៣ គឺថ្ងៃវារៈឡើងស័ក ត្រូវនឹងថ្ងៃចន្ទ ២ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា គ.ស ២០១៨ វេលាម៉ោង ១២ និង ៥៩នាទី និង២៤ វិនាទី គម្រប់ជាសង្ក្រាន្ត ៣ថ្ងៃ។
មហាសង្ក្រាន្តឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ គ.ស ២០១៨ នឹងចូលមកដល់នៅ ថ្ងៃសៅរ៍ ១៤រោច ខែចែត្រ ត្រូវនឹងទី ១៤ ខែមេសា ឆ្នាំ ២០១៨ វេលាម៉ោង ៩ និង ១២ នាទីព្រឹក។ កាលណាថ្ងៃសង្ក្រាន្តត្រូវនឹងថ្ងៃសៅរ៍ ទេពធីតា ដែលនឹងយាងចុះមកបន្តវេនរក្សាមនុស្សលោកក្នុងឆ្នាំនេះ គឺព្រះនាងមហោធរៈទេវី បុត្រីទី៧ នៃកបិលមហាព្រហ្ម ទ្រង់អម្ពរពណ៌ខៀវ មានផ្កាត្រកៀត សៀតនៅព្រះកាណ៌ សោយ សាច់ទ្រាយ (ជាសត្វព្រៃពពួកឈ្លូស តែតូចជាងឈ្លូស) ជាភក្សាហារ ព្រះហស្តស្តាំកាន់កងចក្រ ព្រះហស្តឆ្វេងកាន់ត្រីសូល៍ គង់លើមយូរ៉ា ឬស្ដេចក្ងោក ជាពាហនៈ។

សូមទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ គ.ស ២០១៨ នឹងចូលមកដល់នៅ ថ្ងៃសៅរ៍ ១៤រោច ខែចែត្រ ត្រូវនឹងទី ១៤ ខែមេសា ឆ្នាំ ២០១៨ វេលាម៉ោង ៩ និង ១២ នាទីព្រឹក ដែលមានព្រះនាង មហោធរៈទេវី ជាបុត្រទី២ ជាបុត្ររបស់កបិលមហាព្រហ្ម ជួយបីបាច់ថែរក្សាការពារឃុំគ្រងដល់ប្រជាជនខ្មែរគ្រប់រូបជួបតែសេចក្ដីសុខគ្រប់ប្រការ ទៅណាមកណាប្រកបដោយសុខសុវត្ថិភាពជារៀងដរាប។

រណ្តាប់ទទួលទេវតា​ ៖​ តាមទំនៀមទម្លាប់ពីបុរាណរៀងមក​ ត្រូវរៀបរានទេវតា​នៅខាងមុខផ្ទះ​មួយសម្រាប់តាំង​គ្រឿងពលីការផ្សេងៗ​ ។ ត្រូវរៀបក្រាលសំពត់ពណ៌ស​ ហើយរៀបចំនូវគ្រឿងសក្ការៈបូជាទេវតាមានជាអាទិ៍​ បាយសី៩ថ្នាក់​មួយគូ,​ បាយសី៧ថ្នាក់មួយគូ,​
បាយសី៥ថ្នាក់មួយគូ,​ បាយសី៣ថ្នាក់មួយគូ,​ បាយសីប៉ាឆាមមួយគូ,​ ស្លាធម៌មួយគូ,ទឹកអប់មួយគូ,​ ទៀន៥ធូប៥,​ លាច៥ផ្កា៥,​ ដាក់លើជើងពានមួយគូ,ចេកនួន​ ចេកណាំវ៉ាដាក់លើជើងពានមួយគូ,ផ្លៃឈើ១១មុខដាក់លើជើងពាន១១គូ,ដូងឡៅមួយគូនិងទឹកស្អាត២កែវ។

ចំពោះប្រជារាស្ត្រគួររៀបចំបាយសី៥ថ្នាក់ចុះ​, គ្រឿងសក្ការៈបូជាទៀន៥ធូប៥ស្លា៥ចុះ​,ផ្លៃឈើ៣មុខឬ៥មុខ,ផ្កាភួងម្លិះ​ ដាក់លើជើងពាន​ រៀបទៅតាមធនធានរបស់ខ្លួនមាន​ ។



ស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមក​ ត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះ​ មនស្សកាព្រះរតនៈត្រ័យ​ សមាទានសីល​ ហើយតាំងចិត្តឱ្យបានស្អាត​ បរិសុទ្ធជ្រះស្រឡះ​នូវមន្ទិលទាំងពួង​ តម្កល់រំពឹងចិត្តគិតទៅលើព្រះពុទ្ធ​ ព្រះធម៌​ ព្រះសង្ឃជាទីពឹងលុះចប់ពិធីទទួលទេវតា​ ។

ប្រជារាស្ត្រត្រូវធ្វើអ្វីខ្លះ? ៖​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ប្រជារាស្ត្រដែលគោរពប្រណិបតន៍ព្រះពុទ្ធសាសនាមិនដែលភ្លេចឡើងនូវពិធីមួយ ដែលស្ទើរគ្រប់ផ្ទះទាំងអស់តែងតែធ្វើ នោះគឺ ពិធីស្រង់ព្រះ។

ពិធីស្រង់ព្រះនេះគឺទាក់ទងនឹងការលាងសម្អាតរូបចម្លាក់ព្រះ រូបថតព្រះ និងវត្ថុសាសនាផ្សេងៗ។ ពិធីនេះគឺកើតមានជាយូរយារណាស់មកហើយ និងបន្តធ្វើរហូតមកទល់សព្វថ្ងៃ។ ពិធីនេះនិយមធ្វើឡើងរៀងរាល់ឆ្នាំក្នុងឱកាសចូលឆ្នាំថ្មី។ តាមជំនឿ គេធ្វើពិធីស្រង់ព្រះគឺដើម្បីទទួលបានភាពរីករាយសុខដុមរមនាក្នុងគ្រួសារ នាំមកនូវលាភសំណាង និង រកស៊ីមានបានត្រជាក់ត្រជុំ។ ហើយវាក៏តំណាងឱ្យការគោរពដ៏ជ្រាលជ្រៅចំពោះព្រះពុទ្ធសាសនាផងដែរ។​ ទន្ទឹមនោះគេក៏និយមស្រង់ព្រះរស់​ មានដូចជា​ ជីដូន​ ជីតា​ ឪពុកម្តាយជាដើម​ ។

របៀបស្រង់ព្រះ​ ៖​ រកក្រណាត់ ឬប៉ុងស្អាតមួយ​, ចានដែក​ , ទឹកដែលមានទឹកអប់បាញ់ ឬ ទឹកក្រអូប មានផ្កាក្រអូបផង​ ,​ មុននឹងស្រង់ព្រះ សូមបន់ស្រន់អញ្ជើញព្រះមកស្រង់ទឹក​ , ចំពោះរូបថត គួររកក្រណាត់ជូតឱ្យស្អាតតាមការគួរ​ និងកុំភ្លេចសម្អាតអាសនៈព្រះ រានទេវតា និងហឹងដាក់តាំងបដិមាឬរូបព្រះផង៕

adverise with khmeread
Loading ad ...