កីឡាកររបស់ក្រុម Chelsea មានការយល់ឃើញខុសគ្នាចំពោះពាន FA Cup

ពីរប្រកួតជាប់គ្នាក្នុងក្របខណ្ឌ​ PL ក្រុមរបស់លោក Antonio Conte ខកខានមិនបានរកគ្រាប់បាល់ ដើម្បីយកប្រៀបលើគូប្រជែងរបស់ខ្លួននោះទេ។

 

ស្របពេលខ្សែប្រយុទ្ធ Michy Batshuayi ដែលចាកចេញទៅចូលរួមជាមួយក្រុម Dortmund នោះ រកបាន៧គ្រាប់នៅក្របខណ្ឌ Bundesliga ក្នុង៩ប្រកួតចុងក្រោយ ក្រុម Chelsea អាចរកបាន១គ្រាប់គត់ក្នុងការព្យាយាម២៣លើក អំឡុងពេលប្រកួតជាមួយក្រុម West Ham កាលពីថ្ងៃអាទិត្យ។

 

ស្របពេលឆេលស៊ីមានគម្លាត១០ពិន្ទុពីក្រុមកំពូលទាំងបួន ក្រុមប្រឹក្សានាយកដែលមិនសប្បាយចិត្តបានពិចារណាចាត់វិធានការ មុនពេលសម្រេចចិត្តរក្សាទុកលោក Conte រហូតដល់ដំណាច់រដូវកាលនេះ។

 

ភាពខកចិត្តរបស់គ្រូបង្វឹករូបនេះជាមួយក្រុមប្រឹក្សានាយកត្រូវបានគេមើលឃើញយ៉ាងច្បាស់។ ប៉ុន្តែនៅពេលនេះមានការខ្វែងគំនិតគ្នាក្នុងចំណោមកីឡាករជុំវិញថា តើការលើកពាន FA Cup នេះនឹងអាចសង្គ្រោះរដូវកាលរបស់ពួកគេឬយ៉ាងណា។

 

Eden Hazard ជឿថា ការលើកពាននឹងធ្វើឲ្យពួកគេមានអារម្មណ៍សប្បាយចិត្ត បន្ទាប់ពីយុទ្ធនាការដ៏ខកចិត្ត។

 

Hazard និយាយថា “ខ្ញុំសង្ឃឹមថា យើងអាចសម្រេចបានអ្វីមួយ សម្រាប់អ្នកគាំទ្រ Chelsea និងខ្លួនយើង។ យើងនៅសល់ពាន FA Cup ដែលត្រូវដណ្តើម ដូច្នេះយើងត្រូវនាំយកពាននេះមកកាន់ពហុកីឡាដ្ឋាន Stamford Bridge នៅដំណាច់រដូវកាលនេះ”។

 

ប៉ុន្តែ Cesar Azpilicueta ដែលរកបានគ្រាប់បាល់អំឡុងប្រកួតជាមួយក្រុម West Ham នោះ មិនជឿថា ពាននេះនឹងអាចធ្វើឲ្យពួកគេស្ងប់អារម្មណ៍ឡើយ ដោយសារតែយុទ្ធនាការការពារតំណែងជើងឯកមិនបានល្អ។

 

Cesar បាននិយាយថា “ពាន FA Cup គឺជាពានធំ ហើយមានប្រវត្តិវែងឆ្ងាយ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់សម្រាប់យើងនោះទេ។ យើងនឹងព្យាយាមដណ្តើមពាននេះ ប៉ុន្តែពាននេះ មិនអាចសង្គ្រោះរដូវកាលរបស់យើងបានទេ”៕

adverise with khmeread