Juventus កំពុងពិចារណាចង់ជួបជុំជាមួយ Morata ឡើងវិញ

ក្រុមយក្សអ៊ីតាលី Juventus កំពុង​ពិចារណា​ចង់នាំយក​ Alvaro Morata ត្រឡប់​មក​ទីក្រុងទូរិនវិញ ស្របពេល​ក្រុម​ Chelsea ​មិនសូវ​ផ្តល់​ឱកាស​ឲ្យ​ខ្សែប្រយុទ្ធ​រូបនេះ បន្ទាប់ពី​ធ្វើ​មិនបាន​ល្អ។

          Morata ដែលបានចូលរួម​ជាមួយ​ក្រុម​​ Chelsea ​ក្នុង​តម្លៃផ្ទេរ​៧០,៦លានផោន​កាល​ពីរដូវក្តៅ​ឆ្នាំ​មុននោះ​ ធ្លាប់បានរីករាយនឹងពេលវេលាជាមួយ​ក្រុម​យក្សអ៊ីតាលី​នេះ​មុន​ពេល​ចាកចេញកាលពីឆ្នាំ​២០១៦។

          បើទោះបីជា​ចាកចេញ​មកចូល​រួម​ជាមួយក្រុម Real Madrid វិញ​នៅ​ដំណាក់​កាលទី​២នៃ​រដូវកាល​ក៏ដោយ ក៏កីឡាករ​រូបនេះ​មិនបានលាក់បាំងពី​បំណងចង់ត្រឡប់​មកកាន់អ៊ីតាលីវិញនាពេលអនាគតដែរ។

          តាមកាសែត Corriere dello Sport បាន​ឲ្យដឹងថា ក្តីសុបិន​នេះ​អាចក្លាយ​ជា​ការពិត​មុន​រដូវកាលក្រោយ​ ខណ:ដែល​ក្រុម Juventus កំពុងតាម​ដានពី​ស្ថាន​ការណ៍​របស់​ Morata នៅក្លឹប Chelsea។

          ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ​រូបនេះ​ហាក់ដូចជាមិន​ទាន់​ទទួលបាន​ការ​គាំទ្រច្រើនទេនៅ​ក្របខណ្ឌ PL បើទោះបីជា​រកបាន​១១គ្រាប់​ក្រោម​ការ​ដឹកនាំ​របស់​លោក Antonio Conte ហើយក៏ដោយ។

          គេជឿថា Morata មិន​សប្បាយចិត្ត​ទេនៅ​អង់គ្លេស​ ហើយខ្សែប្រយុទ្ធរូបនេះក៏​ទំនងជា​មិនសប្បាយចិត្ត​ចំពោះការប៉ះទង្គិច​ជាមួយនឹង​ខ្សែការ​ពារនៅ​ក្របខណ្ឌ PL ផងដែរ។ កីឡាកររូបនេះក៏កំពុង​ប្រឹងប្រែង​ស្វែង​រកកៅអីក្នុងក្រុមជម្រើស​ជាតិ​សម្រាប់វើលខាប់​នៅ​ប្រទេសរុស្ស៊ី​រដូវក្តៅនេះ ហើយ​ប្រសិនបើខកខាននោះ Morata ប្រហែលជាចង់កសាងអាជីពរបស់ខ្លួន​ឡើងវិញ​នៅ​ប្រទេសអ៊ីតាលី៕

adverise with khmeread