លុយមូល ចំពេលអូឡាំពិកជិតមកដល់ទៀត! អ្នកដំណើរ ដែលចាកចេញពីជប៉ុនចាប់ពីឆ្នាំ ២០១៩ ត្រូវបង់ "ពន្ធសាយ័ន្តណារ៉ា" សិនទើបអាចចេញបាន

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍កាលពីថ្ងៃពុធ (១១មេសា) ថា ចាប់ពីខែមករាឆ្នាំ ២០១៩ អ្នកដំណើរដែលចាកចេញពីប្រទេសជប៉ុន នឹងត្រូវបង់ពន្ធចាកចេញចំនួន ១.០០០ យ៉េន (៩,៤ ដុល្លារអាមេរិក)។

សភាជប៉ុនបានអនុម័តច្បាប់នេះនិងដាក់ឈ្មោះច្បាប់នេះថា "ពន្ធសាយ័ន្តណារ៉ា" ហើយគ្រោងនឹងចូលជាធរមាននៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០១៩។

អ្នកដំណើរ ទាំងជនជាតិជប៉ុននិងបរទេស នឹងតម្រូវឱ្យបង់ពន្ធ នៅពេលពួកគេចាកចេញពីប្រទេសជប៉ុនតាមយន្តហោះឬកប៉ាល់ ដោយបន្ថែមលើតម្លៃសំបុត្រយន្តហោះនិងតម្លៃសំបុត្រកប៉ាល់។ កុមារដែលមានអាយុក្រោម ២ ឆ្នាំនិងអ្នកដំណើរឆ្លងកាត់ហើយចាកចេញពីប្រទេសជប៉ុនក្នុងរយៈពេល ២៤ ម៉ោង នៃការមកដល់របស់ពួកគេ នឹងត្រូវបានលើកលែង។

ពន្ធ ដែលគេរំពឹងថានឹងបង្កើនចំណូលប្រហែល ៤៣ ពាន់លានយ៉េនក្នុងមួយឆ្នាំនេះ នឹងត្រូវប្រើដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្ម ដូចជា ការដំឡើងច្រកទ្វារបំពាក់បច្ចេកវិជ្ជាសម្គាល់ផ្ទៃមុខ ព្រមទាំងការផ្តល់មគ្គុទ្ទេសក៍ពហុភាសានៅឧទ្យានជាតិនិងតំបន់វប្បធម៌។

ប្រាក់ចំណូលក៏នឹងត្រូវបានប្រើដើម្បីជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍ផងដែរ។

ប្រទេសជប៉ុនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានឃើញកំណើននៃការមកដល់របស់ភ្ញៀវទេសចរ ដោយចំនួននេះត្រូវគេរំពឹងថានឹងកើនឡើងនៅមុនពេលព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០។ សារព័ត៌មាន Jiji Press បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុនសង្ឃឹមថាភ្ញៀវទេសចរបរទេសនឹងកើនឡើងពីចំនួន ២៨,៦៩ លាននាក់ក្នុងឆ្នាំ ២០១៧ ដល់ ៤០ លាននាក់ក្នុងឆ្នាំ ២០២០៕

adverise with khmeread
Loading ad ...