ជនរងគ្រោះ២នាក់ប្តី ប្រពន្ធបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកព្រៃនប់

​ព្រះសីហនុ​ ៖ ជនរងគ្រោះ២នាក់ ជាប្តី ប្រពន្ធ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង៥ និង៣០​នាទីព្រឹកព្រលឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ កើតឡើងលើដងផ្លូវជាតិលេខ៤ចន្លោះគីឡូ២០៨ និង២០៩ ជិតរង្វង់មូលរាមស្ថិតក្នុងឃុំ​រាម ស្រុកព្រៃនប់។

​សមត្ថកិច្ចនិយាយថា​ គ្រោះថ្នាក់ខាងលើនេះ រវាងម៉ូតូ០១គ្រឿង ម៉ាហុងដា១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១BQ ៩៧៨១ ទិសដៅចេញពីក្រុងព្រះសីហនុ។

​លុះ មកដល់ចំណុចកើតហេតុបាន បុកពីក្រោយរថយន្តបែនដឹកដី០១គ្រឿងដែល បែកកង់ហើយកំពុងចតឈប់ដើម្បីប្តូរកង់នៅលើចិញ្ចើមថ្នល់។ រថយន្តនេះពណ៌ខៀវពាក់ស្លាកលេខព្រះសីហនុ ៣A ៣២៥៩ (អ្នកបើកបរគេចបាត់​) បណ្តាលឱ្យភាគីខាងម៉ូតូចំនួន២នាក់ស្លាប់នៅនឹងកន្លែង។

​សមត្ថកិច្ចបន្តថា​ ​ជនរងគ្រោះរួមមាន ទី១- ឈ្មោះ សាន់ ម៉ាន ភេទប្រុស អាយុ៦៣ឆ្នាំ ជាអ្នកបើកបរ (ត្រូវជាប្តី)​ និងទី២ ឈ្មោះ ឃុត លួន ភេទស្រី អាយុ៦៤ឆ្នាំ ជាអ្នករួមដំណើរពីក្រោយ (ជាប្រពន្ធ)។ ជនរងគ្រោះអ្នកទាំងពីរនាក់ មានមុខរបរកម្មករសំណង់ មានទីលំនៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។

​បច្ចុប្បន្នសាកសពទាំងពីរត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី​។ រីឯវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាន ស្រុកព្រៃនប់៕

adverise with khmeread
Loading ad ...