Buffon ខឹងពេកនិយាយថា អាជ្ញាកណ្តាលគួរទៅអង្គុយស៊ីដំឡូងមើលបាល់ ល្អជាងមកកាត់សេចក្តីលើទីលាន ក្រោយផ្តល់បាល់ប៉េណាល់ទីទៅ Real នៅនាទីទី ៩៧

Gianluigi Buffon បានបើកការវាយប្រហារដោយពាក្យសម្តីដ៏ធ្ងន់ធ្ងរគួរឱ្យភ្ញាក់ផ្អើលទៅលើលោកអាជ្ញាកណ្តាល Michael Oliver បន្ទាប់ពីក្រុមសេះបង្កង់ Juventus របស់គាត់បានធ្លាក់ចេញពីដំណើរប្រជែងពានអឺរ៉ុប Champions League ក្រោមថ្វីដៃអធិរាជស Real Madrid ។

ក្លឹបយក្សអ៊ីតាលីមួយនេះមានឱកាសតិចតួចណាស់ដើម្បីឡើងទៅវគ្គបន្ទាប់ ក្រោយរងបរាជ័យក្នុងដីរបស់ខ្លួន ៣-០ ក្នុងជើងទីមួយក្នុងទីក្រុងតូរីន ប៉ុន្តែពួកគេបានបង្កើតរឿងដែលគ្មានអ្នករំពឹងទុកមួយ ដោយអាចតាមស្មើលទ្ធផលជើងទីមួយនៅឯកីឡដ្ឋាន Bernabeu នៅរដ្ឋធានីម៉ាឌ្រីត។​

ទោះជាយ៉ាងណាក្តីការប្រកួតវគ្គប្រាំបីក្រុមចុងក្រោយដ៏ជក់ចិត្តនេះត្រូវបានសម្រេចលទ្ធផលទាំងស្រុងនៅឯម៉ោងរបួស ដោយគ្រាប់បាល់ប៉េណាល់ទីរបស់ Cristiano Ronaldo កើតឡើងពីកំហុសរបស់ខ្សែការពារ Mehdi Benatia បានបង្កកំហុសលើ Lucas Vazquez។ ទន្ទឹមនឹងនោះដែរអ្នកចាំទីវ័យ ៤០ឆ្នាំ Buffon បានច្រានចោលទាំងស្រុងទៅលើការសម្រេចចិត្តរបស់លោក​ Oliver ក្នុងការផ្តល់បាល់ពិន័យ ១១ម៉ែត្រនេះ។

គាត់បានសម្តែងការខឹងសម្បារទៅកាន់វេបសាយ Mediaset Premium ថា "គុណភាពរបស់អាជ្ញាកណ្តាលម្នាក់គឺមិនអាចបំផ្លាញក្តីសង្ឃឹមនៃក្រុមមួយ ដែលបានដាក់គ្រប់យ៉ាងលើទីលានសម្រាប់ ៩០នាទីបានឡើយ។ គាត់ចង់សម្តែងនៅក្នុងផ្នែកមួយជាតួអង្គឯក។ មនុស្សពិតប្រាកដម្នាក់មិនអាចផ្លុំកញ្ចែសម្រាប់ឧបទ្ទវហេតុគួរឱ្យសង្ស័យបែបនេះឡើយ បន្ទាប់ពីការប្រកួតមួយដូចជាការប្រកួតបែបនេះ លុះត្រាតែអ្នកមានធុងសំរាមមួយជំនួសបេះដូង។ ប្រសិនបើអ្នកមិនមានបុគ្គលិកលក្ខណៈគ្រប់គ្រាន់ អ្នកគួរតែអង្គុយនៅតំបន់ទស្សនាស៊ីដំឡូងបន្ទះជាមួយនឹងគ្រួសារអ្នកវិញ។ អាជ្ញាកណ្តាលរូបនេះគឺមិនមានភាពក្លាហាន ឬបុគ្គលិកលក្ខណៈសម្រាប់កាត់ក្តីការប្រកួតកម្រិតនេះឡើយ"៕

adverise with khmeread