បង្ហាញមុខចិនតៃវ៉ាន់ ២ នាក់ និងខ្មែរ ២ នាក់ផលិតនិងជួញដូរថ្នាំញៀនដ៏ធំ

ភ្នំពេញ​ ៖​ ដោយមានការសម្របសម្រួលអមដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​ ប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋានប៉ូលិស
ជាតិ ដឹកនាំដោយលោក​ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀននៅម៉ោង៩ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ បានធ្វើការសន្និសីទកាសែត បង្ហាញមុខជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធករណី ជួញដូរ ផលិត និងកែច្នៃ គ្រឿងញៀនដោយខុសច្បាប់ ដែលសមត្ថកិច្ចបង្ក្រាបបាននៅចំណុច៣ទីតាំងផ្សេងគ្នា ក្នុងខណ្ឌឬស្សីកែវ និងខណ្ឌចំការមន ដកហូតបានសារធាតុញៀន សរុបទាំងអស់ ២៦.៧៦៨,១៧ ក្រាម​។

​លោក​ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀនបានថ្លែងប្រាប់បណ្តាអ្នកសារព័ត៌មានដឹងថា​ គោលដៅទី១- ធ្វើឡើងនៅចំណុចផ្លូវអង្គរ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កាលពីវេលាម៉ោង៦ និង៥០នាទីល្ងាច ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់គឺទី១-ឈ្មោះ លី ហុងអ៊ី ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កើតឆ្នាំ១៩៨០, ទី២-ឈ្មោះ ស៊ី យ៉ាវហ្វុង ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កើតឆ្នាំ១៩៧៨, ទី៣-ឈ្មោះ ឈរ ប៊ុនឆាយ ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៩០ និងទី៤ឈ្មោះ សំ កុកឈាង ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៩២​​។

​ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបាន សារធាតុប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៦កញ្ចប់ធំ ស្មើទម្ងន់ ៥៩៨៥,៤៦ក្រាម​, ម៉ូតូ១គ្រឿងម៉ាក CPX ស្លាកលេខភ្នំពេញ 1GX-5305, ទូរសព្ទ២គ្រឿង ម៉ាកណូគានិង ស៊ាំស៊ុង និងកាត២សន្លឹក (យកពីឈ្មោះ លី ហុងអ៊ី), ម៉ូតូ១គ្រឿងម៉ាក PCX ពណ៌ស ស្លាកលេខ ភ្នំពេញ 1GN-8343 និងកាត៤សន្លឹក (ដកហូតពីឈ្មោះ ស៊ី យ៉ាវហ្វុង)​, ម៉ូតូ១គ្រឿងម៉ាក Zoomer-X ពណ៌ស ស្លាកលេខភ្នំពេញ 1FW-3717​, ទូរសព្ទ១គ្រឿង ម៉ាកiPhone 5 និងកាត២សន្លឹក (ដកហូតពីឈ្មោះ សំ កុកឈាង)។

​លោកឡឹក​ វណ្ណៈ​ បន្តថា​ នៅគោលដៅទី២- នៅចំណុចផ្ទះលេខ១២២ ផ្លូវលេខ២ ក្នុងបុរីកាំកូស៊ីធី សង្កាត់/ខណ្ឌឬស្សីកែវ។ ដកហូតបាន មេតំហ្វេតាមីន (ICE)១កញ្ចប់ ស្មើទម្ងន់៤៣,៤៦ក្រាម​, ហេរ៉ូអ៊ីន ចំនួន៤កញ្ចប់ស្មើទម្ងន់ ៧,៨២ក្រាម​, កេតាមីន ១កញ្ចប់ស្មើទម្ងន់ ៩,៨១ក្រាម និងកុំព្យូទ័រយួរដៃ១គ្រឿង។

​ចំណែក គោលដៅទី៣- ផ្ទះលេខ១១២E2 ផ្លូវ១៧៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន​។ ដកហូតបាន មេតំហ្វេតាមីន ចំនួន១៤កញ្ចប់ ស្មើទម្ងន់៦៥៣៧,៤៣​ក្រាម​, មេតំហ្វេតាមីន រាវ កន្លះធុងជ័រ ស្មើទម្ងន់ ៥៦០០ក្រា​ម, ហេរ៉ូអ៊ីន ១ដុំស្មើទម្ងន់ ២១០,០១ក្រាម​, កេតាមីន ៦កញ្ចប់ ស្មើទម្ងន់៣៨៤,១៦ក្រាម​, កេតាមីន គ្រាប់១កញ្ចប់ ស្មើទម្ងន់ ៩០,០២ក្រាម​, ម្សៅសង្ស័យកេតាមីនចំនួន១ថង់ធំ ស្មើទម្ងន់ ៧៩០០ក្រាម​, ជញ្ជីងថ្លឹង៣គ្រឿង​, សម្ភារៈវេទខ្ចប់គ្រឿងញៀនមួយចំនួន និងឧបករណ៍សម្រាប់កែច្នៃគ្រឿងញៀនមួយចំនួនធំ​។

​សរុបទាំងអស់ វត្ថុតាងដែលដកហូតបាន មេតំហ្វេតាមីន (ICE) ១៨.១៦៦.៣៥ក្រាម​, ហេរ៉ូអ៊ីន ២១៧,៨៣ក្រាម​, និងកេតាមីន ៨.៣៨៣.៩៩ក្រាម​។ សរុបទាំងអស់គឺ ២៦.៧៦៨,១៧ ក្រាម។

​ក្រោយបញ្ចប់សន្និសីទកាសែត​ ជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការនិងផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

adverise with khmeread
Loading ad ...