ចូលលូចសម្ភារៈក្នុងមន្ទីរពេទ្យត្រូវសន្តិសុខ ចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច

​ភ្នំពេញ​ ៖ ​ជនសង្ស័យម្នាក់ចូលលួចកាបូបលុយ និងទូរស័ព្ទពីរគ្រឿងក្នុងមន្ទីរពេទ្យរុស្ស៊ី ត្រូវក្រុមសន្តិសុខមន្ទីរពេទ្យចាប់ប្រគល់ ឱ្យសមត្ថកិច្ចយកមកសួរនាំ នៅវេលាម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នៅក្នុងមន្ទីរពេទ្យរុស្ស៊ី ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន​។

​សមត្ថកិច្ចនិយាយថា​ ជនរងគ្រោះមានពីរនាក់ទី១-ឈ្មោះ កែវ សុផល ភេទស្រី អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ ជាម្ចាស់កាបូបលុយ បាត់លុយអស់២០ម៉ឺន និង ទី២ឈ្មោះ សំណាង ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅគីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ ជាម្ចាស់ទូរស័ព្ទពីរគ្រឿង។

​បើតាមការរៀបរាប់របស់ជនរងគ្រោះទាំងពីរនាក់បានឱ្យដឹងថា ​នៅមុនពេលកើតហេតុពួកគាត់បានមកមើលថែជំងឺបងប្អូន ដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ហើយដោយយប់ជ្រៅពួកគាត់ បានសម្រាកដោយទុកកាបូបលុយនិងទូរស័ព្ទនៅក្បែខ្លួន។

​ប្រភពបានបន្តថា ក្រោយមកស្រាប់តែឮសន្តិសុខដើរមកសួរថាមានបាត់សម្ភារៈអីឬអត់? ​ពេលឮដូច្នេះជនរងគ្រោះក៏រកមើលស្រាប់តែបាត់អស់កាបូបនិងទូរស័ព្ទ​​។

​ប្រភពព័ត៌មានពីក្រុមសន្តិសុខបានឱ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់បានឃើញជនសង្ស័យម្នាក់ដើរអើតតាមបន្ទប់អ្នកជំងឺគ្រប់បន្ទប់ និងមានស្ពាយកាបូប។ ដោយមានការសង្ស័យទើបឃាត់សួរនាំ និងហៅអ្នកនៅក្នុងបន្ទប់មកសួរទើបដឹងថាបានលួចកាបូប និងទូរស័ព្ទ។

​ក្រោយឃាត់ខ្លួនជនសង្ស័យ ក្រុមសន្តិសុខបានដកហូតម៉ូតូម៉ាកហុងដាឌ្រីម១២៥ស៊េរី០១៨ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1GZ-0385 និងរាយការណ៍ទៅសមត្ថកិច្ចយកជនសង្ស័យទៅសួរនាំកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

adverise with khmeread