CNN ទម្លាយវីដេអូ ទាហានអ៊ីស្រាអែលសើចក្អាកក្អាយ ពេលបាញ់ចំបុរសប៉ាឡេស្ទីន

ខណៈការរិះគន់ជាអន្តរជាតិនៃការវាយបកដ៏ធ្ងន់ធ្ងររបស់អ៊ីស្រាអែលទៅលើអ្នកតវ៉ានៅតំបន់ព្រំដែនទីក្រុងហ្គាហ្សាកំពុងកើនឡើងយ៉ាងសម្បើម វីដេអូមួយបានលេចឡើងកាលពីថ្ងៃចន្ទដោយបង្ហាញពីទាហានបាញ់កាំភ្លើងស៊ីបរបស់កងកម្លាំងការពារជាតិអ៊ីស្រាអែល កំពុងបាញ់បុរសជនជាតិប៉ាឡេស្ទីនមួយរូបកំពុងឈរជិតរបងព្រំដែនដែន។ នេះបើយោងតាមវេបសាយ CNN។

បន្ទាប់ពីបុរសរងគ្រោះជនជាតិប៉ាឡេស្ទីនបានដួលទៅលើដី ទាហានអ៊ីស្រាអែលត្រូវបានគេឮសើចសប្បាយសាទរក្នុងវីដេអូ។ ទាហានមួយរូបបានស្រែកថា "ទិដ្ឋភាពអីក៏អស្ចារ្យយ៉ាងនេះ!"។

វីដេអូដែលចែកចាយយ៉ាងក្តៅគគុកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏មានវិសាលភាពមួយនេះ បានបង្ហាញរបងព្រំដែនហ្គាហ្សា និងវាលនៅពីក្រោយវា។

ទាហានកាំភ្លើងស៊ីបត្រូវបានគេឮកំពុងពិភាក្សាពីការបាញ់សម្លាប់នេះ ជាមួយនឹងទាហាននៅក្បែរដទៃទៀត។

ទាហានមួយរូបបាននិយាយថា "ពេលដែលវាឈប់ បាញ់ឱ្យងាប់ទៅ។ តម្រង់ចំវានៅ?"។

ទាហានស៊ីបបានឆ្លើយតបភ្លាមៗទៅវិញថា "ខ្ញុំមិនអាចបាញ់កើតឡើយ ដោយសារតែរបងបន្លាលោះ"។

ទាហានដទៃទៀតនិយាយបន្ទាប់ពីនោះថា "បាញ់អាមួយអាវពណ៌ផ្កាឈូកនោះទៅ"។

ទាហានការពារជាតិអ៊ីស្រាអែលបានស្រែកសាទរ ខណៈដែលបានឮសំឡេងបាញ់កាំភ្លើង និងឃើញបុរសប៉ាឡេស្ទីនម្នាក់បានដួល។

ទាហានអ៊ីស្រាអែលមួយរូបបានបន្លឺថា "អាចង្រៃ!" ដែលត្រូវបានគេរាយការណ៍ជាអ្នកផ្តិតនូវវីដេអូនេះ។ ទាហានរូបនេះត្រូវបានគេឮស្រែកបន្តទៀតថា "ទិដ្ឋភាពអីក៏អស្ចារ្យយ៉ាងនេះ! ខ្ញុំមិនធ្លាប់បានឃើញទិដ្ឋភាពបែបនេះអស់ពេលជាយូរមកហើយ"។

ហ្វូងជនជាតិប៉ាឡេស្ទីនមួយក្រុមត្រូវបានគេឃើញនៅក្នុងវីដេអូកំពុងរត់សំដៅទៅបុរសរងគ្រោះ និងបានព្យាយាមនាំគាត់ចេញពីតំបន់កើតហេតុភ្លាមៗផងដែរ។

មកទល់នឹងពេលនេះ ជនជាតិប៉ាឡេស្ទីនចំនួន ៣១នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សានៅក្នុងតំបន់ព្រំប្រទល់ទីក្រុងហ្គាហ្សា ចាប់តាំងពីការធ្វើបាតុកម្មដំបូងកើតឡើងនៅតំបន់របងព្រំដែនមួយនេះកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ជុំវិញការទាមទារឱ្យជនចំណាកស្រុកត្រឡប់ទៅកាន់តំបន់កំណើតហ្គាហ្សាស្ទ្រីបរបស់ពួកគេវិញ ដែលបច្ចុប្បន្នស្ថិតនៅក្នុងទឹកដីអ៊ីស្រាអែលដែលមានការទទួលស្គាល់ពីសហរដ្ឋអាមេរិក៕

adverise with khmeread
Loading ad ...