អ្នកចាត់ការក្លឹប West Ham លោក David Moyes មានបំណងចង់ជួបជុំជាមួយអតីតខ្សែបម្រើ Shinji Kagawa ឡើងវិញ។ កីឡាករអន្តរជាតិជប៉ុនរូបនេះបានផ្ទេរពីក្លឹប Dortmund មកកាន់ទឹកដី Old Trafford កាលពី៦ឆ្នាំមុន ហើយរកបាន៦គ្រាប់ក្នុងការបង្ហាញមុខ៥៧លើកក្នុងរយៈពេលពីររដូវកាលក្រោមការដឹកនាំរបស់លោក Alex Ferguson និងគ្រូបង្វឹកលោក Moyes។
ប៉ុន្តែ Kagawa បានវិលត្រឡប់ទៅកាន់ក្លឹប Dortmund វិញកាលពីរដូវក្តៅឆ្នាំ២០១៤ ហើយរកបាន៣១គ្រាប់សម្រាប់ការបង្ហាញមុខ១៣៩លើក អំឡុងសម័យកាលទី២របស់ខ្លួន។
ខណ:ដែល West Ham គ្រោងនឹងរុះរើក្រុមរបស់ខ្លួនឡើងវិញនៅរដូវក្តៅនេះ បន្ទាប់ពីធ្លាក់ទៅតំបន់កាត់ចេញនោះ នៅពេលនេះ ពួកគេទំនងជាមានសុវត្ថិភាពឡើងវិញ។ លោក Moyes រំពឹងថា នឹងបន្តការងាររបស់លោកយូរអង្វែងជាមួយក្លឹបនេះរហូតដល់ដំណាច់រដូវកាលបន្ទាប់ពីត្រូវបានតែងតាំងកាលពីខែវិច្ឆិកាឆ្នាំមុន៕
