GFP ៖ ទ័ពចិនខ្លាំងដាច់គេនៅអាស៊ី, ឥណ្ឌូនេស៊ី វៀតណាម និងថៃ មានទ័ពខ្លាំងលំដាប់កំពូលទាំង ២០ លើលោក

ចិន​និង​បណ្តា​ប្រទេស​អាស៊ី​ ៨ ផ្សេងទៀត ដូចជា ជប៉ុន កូរ៉េខាងត្បូង ប៉ា​គី​ស្ថាន ឥណ្ឌូនេស៊ី វៀតណាម តៃវ៉ាន់ និង​ថៃ គឺ​ស្ថិតក្នុង​ចំណោម​កងទ័ព​ខ្លាំង​បំផុត​ទាំង ២០ ​ក្នុងចំណោម​ប្រទេស​ចំនួន ១៣៣​។​

​ស​ន្ទ​ស្សន៍​កម្លាំងយោធា​សកលលោក (GFP) គឺ​វាស់វែង​កម្លាំងយោធា​រប​ស់ប​ណ្តា​ប្រទេស​នីមួយៗ ដោយ​ផ្អែកលើ​ប៉ារ៉ាម៉ែត្រ​ចំនួន ៥០ រួមទាំង​ធនធាន​យោធា ភាព​ចម្រុះ​នៃ​ប្រព័ន្ធ​អាវុធ ធនធានធម្មជាតិ ឧស្សាហកម្ម និង ទីតាំង​ភូមិសាស្ត្រ ព្រមទាំង​កម្លាំង​ពលកម្ម​ដែលមាន​ស្រាប់​។ ស​ន្ទ​ស្សន៍​នេះ​ដាក់​ចំណាត់ថ្នាក់​ប្រទេស​នីមួយៗ​អាស្រ័យ​លើក​ត្តា​ខាងលើ ជាមួយ​ពិន្ទុ ០,០០០០ ជា​អត្រា​ល្អឥតខ្ចោះ​។​

​កងកម្លាំងប្រដាប់អាវុធ​ចិន​ជាប់​ចំណាត់ថ្នាក់​លេខ ៣ ក្នុងចំណោម​ប្រទេស​ចំនួន ១៣៣ ដោយ​ផ្អែកលើ​សមត្ថភាព​របស់​ពួកគេ​លើដី​គោក អាកាស និង​សមុទ្រ ក៏ដូចជា​សមត្ថភាព​ផ្នែក​ហិរញ្ញវត្ថុ​និង​ប្រព័ន្ធ​សព្វាវុធ​ផ្សេងៗ​។ ចិន​មាន​យន្ដហោះ​និង​នាវាចម្បាំង​ច្រើនជាង​រុស្ស៊ី ប៉ុន្តែ​មាន​រថក្រោះ​តិចជាង​រុស្ស៊ី​ឆ្ងាយ​ណាស់​។ កងកម្លាំងប្រដាប់អាវុធ​ចិន​ទទួលបាន​ពិន្ទុ ០,០៩៤ និង​ត្រូវបាន​នាំមុខ​ដោយ​រុស្ស៊ី​និង​សហរដ្ឋអាមេរិក​។​

ខណៈ​សហរដ្ឋអាមេរិក​មាន​កងទ័ព​ខ្លាំងជាងគេ​នៅលើ​ពិភពលោក​ជាមួយនឹង​បច្ចេកវិជ្ជា​ទំនើបៗ​និង​កម្លាំង​ទ័ព​ទទួល​ការបណ្តុះបណ្តាល​យ៉ាងខ្លាំង​ក្លា​នោះ ចិន​ជា​ប្រទេស​នាំមុខគេ​ខាង​យោធា​នៅក្នុង​តំបន់​អាស៊ី​។ ចិន​បាន​បោះជំហាន​យ៉ាង​ឆាប់រហ័ស​ក្នុងការ​ធ្វើ​ទំនើបកម្ម​កម្មវិធី​យោធា​របស់ខ្លួន ហើយ​ចិន​ក៏មាន​កងទ័ព​ឈរជើង​យូរ​ជាងគេ​បំផុត​នៅលើ​ពិភពលោក​ផងដែរ​។ ប្រទេស​នេះ​បាន​បង្កើន​ថវិកា​យោធា​របស់ខ្លួន​នៅ​ឆ្នាំនេះ​ដើម្បី​បង្កើន​សមត្ថភាព​កងទ័ព​របស់ខ្លួន​។ បច្ចុប្បន្ន ចិន​មាន​កងរថក្រោះ​ធំ​បំផុត​ទី ២ និង​កង​នាវាមុជទឹក​ធំ​បំផុត​ទី ២ នៅលើ​ពិភពលោក​។​

​ឥណ្ឌា​បាន​រក្សា​ជំហរ​របស់ខ្លួន​ក្នុងចំណោម​មហាអំណាច​យោធា​កំពូល​ទាំង​៥​នៅលើ​ពិភពលោក​ក្នុង​បញ្ជី GFP​។ ប្រទេស​ឥណ្ឌា​នាំមុខ​ចិន​ទាក់ទង​ទៅនឹង​ចំនួន​កងកម្លាំងប្រដាប់អាវុធ ដែលមាន​ចំនួន​សរុប​ចំនួន ៤.២០៧.២៥០ នាក់ ទល់នឹង​ទាហាន​ចិន ៣.៧១២.៥០០ នាក់​។ ទោះយ៉ាងណា ប្រទេស​ចិន​នាំមុខ​ខាង​ទាហាន​សកម្ម ដែល​ចំនួន ២.២៦០.០០០ នាក់ ធៀប​នឹង​ឥណ្ឌា​មាន​ចំនួន ១.៣៦២.៥០០ នាក់​។

​ទាំង​ចិន​និង​ឥណ្ឌា​ជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​។ ទោះយ៉ាងណា ស​ន្ទ​ស្សន៍​នេះ​មិនបាន​រាប់បញ្ចូល​នូវ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​សម្រាប់​ដាក់​ចំណាត់ថ្នាក់​នោះទេ ប៉ុន្តែ​បានផ្តល់​ពិន្ទុ​សម្រាប់​សមត្ថភាព​នុយក្លេអ៊ែរ​។

​ជប៉ុន​ជាប់​ចំណាត់ថ្នាក់​លេខ ៧ និង​ទទួលបាន​ពិន្ទុ ០,២១៣៧​។ ថ្វីបើ​យោធា​ជប៉ុន​តូច ក៏ប៉ុន្តែ​យោធា​ជប៉ុន​មាន​ប្រព័ន្ធ​អាវុធ​ទំនើបៗ​។

​កូរ៉េខាងត្បូង​ជាប់​ចំណាត់ថ្នាក់​លេខ ១២ នៅលើ​ពិភពលោក ជាមួយ​ពិន្ទុ ០,២៧៤១​។ ប្រទេស​នេះ​កំពុង​ប្រឈមមុខ​នឹង​ការគំរាមកំហែង​ឈ្លានពាន​ពី​កូរ៉េខាងជើង និង​បាន​ពង្រឹង​កងកម្លាំង​យោធា​របស់ខ្លួន​លើ​គ្រប់ផ្នែក​។​

​ប៉ា​គី​ស្ថាន​ជាប់​ចំណាត់ថ្នាក់​លេខ ១៣ នៅ​ទូទាំង​ពិភពលោក​និង​មាន​ពិន្ទុ ០,៣២៨៧​។​ ​បន្ទាប់មក​គឺ​ប្រទេស​ឥណ្ឌូណេស៊ី​ជាប់​ចំណាត់ថ្នាក់​លេខ ១៤ ជាមួយ​ពិន្ទុ ០,៣៣៤៧ ។ វៀតណាម​ជាប់​ចំណាត់ថ្នាក់​លេខ ១៦ នៅ​ទូទាំង​ពិភពលោក​ជាមួយ​ពិន្ទុ ០,៣៥៨៧​។ កោះ​តៃវ៉ាន់​ជាប់​ចំណាត់ថ្នាក់​លេខ ១៨ នៅ​ទូទាំង​ពិភពលោក​ជាមួយនឹង​ពិន្ទុ ០,៣៧៥៦​។ ប្រទេស​ថៃ​ជាប់​ចំណាត់ថ្នាក់​លេខ ២០ នៅលើ​ពិភពលោក ជាមួយ​ពិន្ទុ ០,៣៨៩២៕

adverise with khmeread
Loading ad ...