បញ្ជូនចោរលួចទ្រព្យសម្បត្តិអ្នកជំងឺតាមមន្ទីរពេទ្យម្នាក់ទៅតុលាការ

ភ្នំពេញ​ ៖​ ប៉ូលិសខណ្ឌចំការមនបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការក្នុងថ្ងៃបុណ្យចូលឆ្នាំ​ ក្នុងករណីលួចកាបូបស្ពាយ និងទូរស័ព្ទដៃភូមិ៣សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ​កាលពីថ្ងៃទី១២ មេសា ២០១៨ វេលាម៉ោង​០១ និង២០ រំលងអធ្រាត្រ ត្រង់ចំណុចក្នុងមន្ទីរពេទ្យរុស្ស៊ី បន្ទប់លេខ១៧០ ជាន់ទី១ ផ្លូវលេខ២៧១ ក្រុម២០ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន​។

​ប៉ូលិសនិយាយថា​ ជនសង្ស័យឃាត់ខ្លួនឈ្មោះ សុខ ហេង ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិ លូប្រាំ ផ្លូវ បេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (​ប្រើប្រាស់គ្រឿងញៀន​)​។

​ចំណែកជនរងគ្រោះ(០២នាក់)ឈ្មោះកែវ សុផល ភេទ ស្រី អាយុ ៣៤ ឆ្នាំ ខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ និងជនរងគ្រោះម្នាក់ទៀតឈ្មោះ សេក សំណាង ភេទ ប្រុស អាយុ៤១​ឆ្នាំ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះលេខ ៦ ផ្លូវ គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ​។

​សម្ភារបាត់បង់ កាបូបស្ពាយ ០១ ពណ៌ ខ្មៅ មានលុយ ៩៣,០០០ រៀល​, ប័ណ្ណសំគាល់ខ្លួន ប.ស.ស ០១ សន្លឹក​, ទូរស័ព្ទ ០២ គ្រឿង ម៉ាក សាំសុង ពណ៌ ស និងម៉ាកកាឡាក់ស៊ីណូក ពណ៌ ទឹកមាស ស៊ីមលេខ 069 282727 និងលេខ 086 82 51 23 (​របស់ជនរងគ្រោះ ប្រគល់ជូនម្ចាស់វិញ​)​, ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ ខ្មៅ សេរី ២០១៨ ស្លាលេខ 1GZ-0385 ភ្នំពេញ​, លេខតួ-ម៉ាស៊ីម 5243148​, កាបូបដៃ ០១ គ្រឿង ពណ៌ ខ្មៅ​, នាឡិកាដៃ ០១ (​របស់ជនសង្ស័យ​)​។

​ប៉ូលិសបន្តថា ជនរងគ្រោះ ០២ នាក់ ខាងលើ បានមកកំដរជំងឺ ត្រូវជាសាច់ញាតិ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរុស្ស៊ី ដោយជនរងគ្រោះទាំងពីរ បានយកសម្ភារៈខាងលើ ដាក់នៅលើក្បាលគ្រែអ្នកជំងឺ ហើយ ជនរងគ្រោះទាំងពីរក៏បានដេកលើឥដ្ឋ។

​ពេលនោះត្រូវមានជនសង្ស័យខាងលើ បានលបចូលមកក្នុងបន្ទប់កើតហេតុ លួចយកកាបូប រួមនឹងទូរស័ព្ទរបស់ជនរងគ្រោះ ហើយក៏ចេញមកវិញទៅយកម៉ូតូជិះគេចខ្លួន តែត្រូវបានសន្តិសុខឯកជន ប្រទះឃើញជនសង្ស័យដើរចេញពីបន្ទប់អ្នកជំងឺដោយមានការសង្ស័យក៏ដើរតាមដល់កន្លែងយកម៉ូតូរបស់ជនសង្ស័យ ពេលនោះសន្តិសុខឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរ ហើយជនសង្ស័យបានសារភាពថាខ្លួនពិតជាបានលួចសម្ភារៈមែន​។

​បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងបានឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌរួចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការនីតិវិធី​៕

adverise with khmeread