ផឹកស៊ីជាមួយគ្នា, ឈ្លោះគ្នា​, វាយគ្នា​, ម្នាក់ដេកពេទ្យ, ម្នាក់ដេកគុក

​ប៉ៃលិន​ ៖​ មានករណីប្រើអំពើហិង្សាកើតឡើង នៅចំណុចផ្ទះរបស់ឈ្មោះ ​អ៊ូក ភេទប្រុស នៅទល់មុខសណ្ឋាគារ សួន រីករាយ ស្ថិតក្នុងកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីវេលាម៉ោងប្រហែល​៥ និង២០នាទីល្ងាច ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ បណ្តាលឱ្យរបួសម្នាក់និងឃាត់ខ្លួនម្នាក់​ ខណៈផឹកស៊ីជាមួយគ្នាហើយមានទំនាស់ពាក្យសម្តីនឹងគ្នា។

​ប៉ូលិសនិយាយថា​ អំពើហិង្សានេះ បង្កឡើងដោយឈ្មោះ ​ឈីង ចំរ៉ុង (​ហៅ ប្រុស​) ភេទប្រុស អាយុ​២៥ឆ្នាំ មុខរបរ ជាងឈើ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បាន វ៉ៃទៅលើជនរងគ្រោះឈ្មោះ ទេស ចន្នី (​ត្រូវជាមិត្តភក្តិជាមួយជនបង្ក​) ភេទប្រុស អាយុ​២៥ឆ្នាំ មុខរបរជាងកញ្ចក់ រស់នៅភូមិទួលស្រឡៅ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឱ្យរបួសស្រាល (បែកក្បាលលើចញ្ចើមខាងឆ្វេង)។

​បន្ទាប់មកសមត្ថកិច្ចជំនាញបានហៅឈ្មោះ ឈីង ចំរ៉ុង ដើម្បីសាកសួរ លើករណីខាងលើ ហើយឈ្មោះ ​ឈីង ​ចំរ៉ុង បានទទួលស្គាល់​ និងសារភាពនូវកំហុសរបស់ខ្លួនដែលបានប្រព្រឹត្ត។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចាត់ការតាមនីតិវិធី៕

adverise with khmeread