ច្រណែនប្រពន្ធនៅផ្ទះអត់ធ្វើការ ចាំតែសុំលុយប្តីចាយ លបទៅសុំព្រះឱ្យប្តូរវិញ្ញាណគ្នា ស្អែកឡើងបានដូចបំណង តែចុងក្រោយ...ដាច់ផ្ងារ

និទានអប់រំ៖ Mike និង Emma បានរៀបការនឹងគ្នាជាង ១០ ឆ្នាំ ហើយ Mike គឺជាមេគ្រួសាររកប្រាក់ចិញ្ចឹមគ្រួសារទាំងមូល។ ថ្ងៃមួយ Mike មានអារម្មណ៍ថា ខ្លួនឯងពិបាកខ្លាំងណាស់ដែលរកប្រាក់តែម្នាក់ឯង។

គាត់ចាប់ផ្ដើមឈឺ និងហត់នឿយរៀងរាល់ថ្ងៃពេលទៅធ្វើការ ខណៈដែលប្រពន្ធគាត់នៅផ្ទះធ្វើជាស្ដ្រីមេផ្ទះក្នុងផ្ទះដ៏ធំល្វឹងល្វើយ។ 

គាត់ចាប់ផ្ដើមច្រណែនប្រពន្ធរបស់គាត់ ដូច្នេះក៏បានធ្វើការបន់ស្រន់ដោយនិយាយថា "ឱ ព្រះអើយ! ខ្ញុំទៅធ្វើការរកប្រាក់ ៨ ម៉ោងរៀងរាល់ថ្ងៃពេញមួយសប្ដាហ៍ ខណៈប្រពន្ធខ្ញុំនៅផ្ទះរហូត។ ខ្ញុំចង់ឱ្យប្រពន្ធខ្ញុំដឹងថា អ្វីនឹងកើតឡើងនៅពេលនាងក្លាយជាខ្ញុំ។ សូមឱ្យប្រពន្ធខ្ញុំក្លាយជាខ្ញុំ ហើយខ្ញុំក្លាយជាប្រពន្ធខ្ញុំមក"។

ព្រះក៏ធ្វើការតាមបំណងរបស់បុរសជាប្ដីមែន។ នៅព្រឹកបន្ទាប់ Mike បានភ្ញាក់ដោយស្ថិតក្នុងរាងកាយប្រពន្ធ ដែលធ្វើឱ្យគាត់ភ្ញាក់ផ្អើលបំផុត។

គាត់ក៏បានធ្វើអាហារពេលព្រឹក ទាំងញញឹមញញែមរីករាយបំផុត។ គាត់ក៏បានទៅដាស់កូនៗ និងស្លៀកពាក់ខោអាវឱ្យពួកគេទៅរៀន ហើយវេចខ្ចប់អាហារឱ្យពួកគេទៅសាលា បន្ទាប់មកដឹកពួកគេទៅសាលា។

បន្ទាប់ពីនោះគាត់ក៏ចូលទៅកន្លែងបោកអាវដើម្បីយកអាវដែលបានដាក់បោកនៅទីនោះ រួចចូលផ្សារដើម្បីទិញម្ហូប និងត្រឡប់មកវិញរៀបចំអាហារពេលថ្ងៃ។ 

ហើយគាត់នៅងូតទឹកឱ្យសត្វសុនខ និងឆ្មាចិញ្ចឹមទៀតផង។ បន្ទាប់មកនៅម៉ោង១គាត់ប្រញាប់ប្រញាល់ទៅបន្ទប់ដើម្បីរៀបចំគ្រែដេក និងបោសសម្អាតផ្ទះ ជូតផ្ទះ លាងចាន លាងឆ្នាំង ដាំទឹក ជូតចង្ក្រាន ។ល។ ហើយគាត់ប្រញាប់ទៅដឹកកូនពីសាលាវិញ ខណៈដែលកូនឈ្លោះគ្នាដណ្ដើមតុក្កតាគ្នាលេងតាមផ្លូវ។ ពេលឈប់ឈ្លោះគ្នាហើយ នៅលួងកូនផឹកទឹកដោះគោ ញ៉ាំនំទៀត។ ពេលចប់រឿងរបស់លោកកូន គាត់ត្រឡប់ទៅធ្វើម្ហូបវិញ ដើម្បីត្រៀមអាហារពេលល្ងាចឱ្យគ្រួសារ។ ពេលរៀបអាហារលើតុរួច ប្រពន្ធ (ដែលស្ថិតក្នុងរាងកាយប្ដី) ត្រឡប់មកពីធ្វើការវិញ​ បានដោះសម្លៀកបំពាក់ និងចូលមកតុដើម្បីស្រស់ស្រូបអាហារ។

បន្ទាប់ពីបរិភោគអាហារពេលល្ងាចរួច គាត់ក៏បានលាងចាន លាងចង្ក្រាន និងងូតទឹកឱ្យកូន ខណៈដែលប្រពន្ធគាត់កំពុងអង្គុយមើលទូរទស្សន៍ សម្រាកកាយាយ៉ាងរំភើយ។ 

នៅមុនម៉ោង ៩ យប់ឈានមកដល់ គាត់មានអារម្មណ៍ថាអស់កម្លាំងរលីង។ ហើយគាត់នៅមិនទាន់បត់និងអ៊ុតសម្លៀកបំពាក់ ប៉ុន្ដែជំនួសមកវិញគាត់ទៅងូតទឹក រួចទៅគេងលក់ដូចគេវាយឱ្យសន្លប់អ៊ីចឹង។

នៅព្រឹកបន្ទាប់ គាត់ក៏បានធ្វើការបន់ស្រន់ព្រះម្ដងទៀតដោយនិយាយថា "ឱ ព្រះអើយ! ខ្ញុំមិនដឹងថា អ្វីដែលខ្ញុំកំពុងគិតទេ។ ខ្ញុំពិតជាខុសធ្ងន់ណាស់ ដែលទៅច្រណែនប្រពន្ធខ្ញុំថា នៅផ្ទះពេញមួយថ្ងៃ។ ខ្ញុំសូមប្ដូររាងកាយរបស់ខ្ញុំត្រឡប់មកវិញមក"។

ក្រោយមកព្រះក៏បានឆ្លើយតបវិញថា "ឱកូនប្រុសអើយ! យើងដឹងថាកូនបានទទួលមេរៀនមួយ ហើយយើងរីករាយនឹងផ្លាស់ប្ដូររាងកាយរបស់កូនមកវិញ ប៉ុន្ដែ....កូនត្រូវរង់ចាំ ៩ ខែទៀតទើបអាចដូរបាន ដោយសារតែកូនមានផ្ទៃពោះយប់មិញនេះឯង"។

បុរសជាប្ដី ៖ "ចប់"៕

adverise with khmeread