បេះលក់ឯណាទាន់? គ្រាន់តែ Alibaba ចុះកិច្ចព្រមព្រៀងទិញចំណីអាហារពីថៃភ្លាម អតិថិជនចិនកុម្ម៉ង់ទុរេន ៨០.០០០ ផ្លែតាមអនឡាញក្នុងពេលតែ១នាទី

អតិថិជនចិនបានបញ្ជាទិញទុរេន ៨០.០០០ ផ្លែក្នុងពេលតែមួយនាទី ខណៈដែលការផ្សព្វផ្សាយលក់តាមអនឡាញចាប់ផ្តើមបើកផ្សាយបន្តផ្ទាល់ សម្រាប់ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរវាងចិននិងថៃដើម្បីជួយលក់ផលិតផលក្នុងស្រុកនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះតាមរយៈអ៊ីនធឺណេត។

នៅក្នុងកិច្ចព្រមព្រៀងមួយដែលត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ដោយមន្រ្តីចិននិងថៃ រដ្ឋាភិបាលទាំងពីរនឹងធ្វើការជាមួយក្រុមហ៊ុនអេឡិចត្រូនិកយក្ស Alibaba Group ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសថៃ។ ក្រោមកិច្ចព្រមព្រៀងនេះ ទីភ្នាក់ងារនានារបស់រដ្ឋាភិបាលថៃ និងអង្គភាពអាជីវកម្មរបស់ក្រុមហ៊ុន Alibaba នឹងធ្វើការរួមគ្នាក្នុងវិស័យមួយចំនួន រួមមានពាណិជ្ជកម្មអេឡិចត្រូនិច ភស្តុភារឌីជីថល ទេសចរណ៍ និង ការបណ្តុះបណ្តាល។

ទុរេន ៨០.០០០ ផ្លែទម្ងន់ ២០ ម៉ឺនគីឡូក្រាម ត្រូវបានអតិថិជនចិនបញ្ជាទិញនៅលើវេបសាយ Tmall របស់ក្រុមហ៊ុន Alibaba ក្នុងរយៈពេលតែ ៦០ វិនាទីគ្រាន់តែដាក់លក់លើអនឡាញភ្លាម បន្ទាប់ពីក្រុមហ៊ុនអេឡិចត្រូនិកដែលមានមូលដ្ឋាននៅក្រុងហាវចូវមួយនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញទុរេនរយៈពេល ៣ ឆ្នាំ តម្លៃ ៣ ពាន់លានយ័ន (៤៧៨ លានដុល្លារ) ជាមួយរដ្ឋាភិបាលថៃ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន។

លោក Jack Ma ប្រធានប្រតិបត្តិនិងជាសហស្ថាបនិករបស់ក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនមេរបស់វេបសាយព័ត៌មាន South China Morning Post បាននិយាយថា "ប្រទេសចិនកំពុងឆ្ពោះទៅរកការក្លាយជាអ្នកប្រើប្រាស់ធំបំផុតរបស់ពិភពលោក ដែលជំរុញដោយប្រាក់ចំណូលកើនឡើងខ្ពស់ និង កំណើនប្រជាជនថ្នាក់កណ្តាលចំនួន ៣០០ លាននាក់។ គ្មានពេលវេលាណាប្រសើរជាងពេលបច្ចុប្បន្ននោះឡើយសម្រាប់បណ្តាប្រទេសដែលផ្តោតលើពាណិជ្ជកម្មដើម្បីចាប់យកឱកាសនេះដើម្បីនាំចេញទៅកាន់ប្រទេសចិន ខណៈដែលប្រទេសនេះបន្តបើកចំហទ្វាររបស់ខ្លួនសម្រាប់ពាណិជ្ជកម្មសកល"៕ ប្រភព៖បរទេស

adverise with khmeread