បុរសកូរ៉េហៅនាងមកដេកជាមួយ, ភ្ញាក់ឡើងបាត់មនុស្សបាត់លុយ

​ភ្នំពេញ​ ៖​ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី១ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់នៅល្ងាចថ្ងៃទី១៩ មេសា ២០១៨ ពីបទលួចកាបូបលុយជនបរទេស ប្រព្រឹត្តកាលពីថ្ងៃទី១៨ មេសា ២០១៨ វេលាម៉ោង០១ នៅចំណុចផ្ទះសំណាក់សុភមង្គលទី១ ទីតាំងផ្ទះលេខ៨អឺ០ ផ្លូវលេខ៥១ ភូមិ​៧ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

​ប៉ូលិសនិយាយថា ស្ត្រីជនសង្ស័យឈ្មោះ ឆន លីនដា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។​ ចំណែក ជនរងគ្រោះឈ្មោះ TOMMY YOON ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិកូរ៉េសញ្ជាតិអាមេរិកកាន់លិខិតឆ្លងដែនលេខ 479599033 មុខរបរទេសចរណ៍ស្នាក់នៅសណ្ឋាគារ MEMASTEN ទីតាំងផ្ទះលេខ៥ ផ្លូវលេខ៩០ ភូមិ ៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

​សម្ភារបាត់បង់៖ លុយអាមេរិកចំនួន ២.៧០០$ (ពីរពាន់ប្រាំពីររយដុល្លារអាមេរិក) និងលុយកូរ៉េចំនួន ៥០.០០០វ៉ុន (ប្រាំម៉ឺនវ៉ុន) ជារបស់ជនរងគ្រោះ។ វត្ថុតាងដកហូត៖​ ថ្នាំម៉ាក BROMALEX ចំនួន២៩គ្រាប់, ខ្សែក លោហៈធាតុពណ៌លឿង ចំនួន០១ខ្សែ, ខ្សែដៃ លោហៈធាតុពណ៌លឿង ចំនួន០១ខ្សែ, កាហ្វេ ម៉ាក Gold Roast ចំនួន០៣កញ្ចប់ និងកាបូបស្ពាយ ពណ៌ខ្មៅ ចំនួន០១។

​ប៉ូលិសបន្តថា​ កាលពីថ្ងៃទី១៧ មេសា ២០១៨ វេលាម៉ោង១រសៀល ជនរងគ្រោះកំពុងដេកក្នុង ផ្ទះសំណាក់សុភមង្គលទី១ ទីតាំងផ្ទះលេខ៨អឺ០ ផ្លូវលេខ ៥១ ភូមិ៧ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។​ ពេលនោះជន រងគ្រោះបានទូរស័ព្ទទៅលេខ ០១៥ ៤០២២០៤ ហៅជនសង្ស័យឱ្យ មកដេកជាមួយខ្លួន។ ពេលជនសង្ស័យមកដល់បន្ទប់របស់ជនរងគ្រោះ ជនសង្ស័យបានឆុងកាហ្វេឱ្យជនរងគ្រោះផឹក​។ បានមួយសន្ទុះជន រងគ្រោះងងុយដេក រួចដេកលក់លែងដឹងខ្លួន រហូតដល់ម៉ោង០១ ឈានចូលថ្ងៃទី១៨ មេសា ២០១៨ ពេលជនរងគ្រោះដឹងខ្លួនវិញ ស្រាប់តែបាត់ជនសង្ស័យ ហើយជនរងគ្រោះក៏ទៅឆែកមើលកាបូប លុយ ទើបដឹងថាជនសង្ស័យបានលួចលុយខ្លួន​។

​​រហូតដល់ម៉ោង០៥ និង៤៥នាទី ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍តែម្តង ។ លុះដល់ថ្ងៃទី១៩ មេសា ២០១៨ វេលាម៉ោង៤ល្ងាច ជនរងគ្រោះក៏បានប្រទះឃើញ ជនសង្ស័យកំពុងជិះម៉ូតូកង់បី នៅចំណុចមុខផ្ទះសំណាក់Hello ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ក៏ឃាត់ខ្លួនជនសង្ស័យនាំមកប្រគល់ជូនសមត្ថកិច្ច ប៉ុស្តិ៍ផ្សារថ្មីទី១​។

​បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌដូនពេញ កសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់​៕

adverise with khmeread