ខឹងចិត្តរឿងប្រពន្ធអត់ចេះធ្វើម្ហូបហើយពូកែរអ៊ូ ប្តីចំណាយពេល ៨ ឆ្នាំបង្កើតម៉ាស៊ីនធ្វើម្ហូបទាល់តែបាន

ធុញទ្រាន់នឹងរឿងធ្វើម្ហូបមែនទេ? ម៉ាស៊ីនធ្វើម្ហូបឆ្លាតនេះ កំពុងទាក់ទាញចំណាប់អារម្មណ៍មនុស្សនៅពិព័រណ៍បច្ចេកវិជ្ជាអន្តរជាតិចិននៅសៀងហៃ។

លោក He Qing នាយកប្រតិបត្តិក្រុមហ៊ុនសេវាកម្មម្ហូបអាហារនៅសៀងហៃ បានចំណាយពេល ៨ ឆ្នាំបង្កើតម៉ាស៊ីនធ្វើម្ហូបនេះឡើង បន្ទាប់ពីធុញទ្រាន់នឹងប្រពន្ធដែលរអ៊ូរឿងមិនចេះធ្វើម្ហូប។

ទោះបីជួបឧបសគ្គរាប់មិនអស់ ក៏គាត់មិនដែលបោះបង់ចោលការប៉ុនប៉ងស្រាវជ្រាវនិងអភិវឌ្ឍម៉ាស៊ីនធ្វើម្ហូបនោះឡើយ ដោយអះអាងថា ថ្ងៃណាមួយគាត់នឹងអាចរំដោះខ្លួនចេញពីផ្ទះបាយបានជាក់ជាមិនខាន។

បន្ទាប់ពីបង្កើតម៉ាស៊ីនធ្វើម្ហូបបានជោគជ័យ ប្រពន្ធគាត់ក៏លែងរអ៊ូរឿងធ្វើម្ហូប ហើយតាមដឹងគឺគាត់ពេញចិត្តនឹងម៉ាស៊ីនផលិតឡើងដោយដៃស្វាមីខ្លាំងណាស់។

លោក He Qing បានប្រាប់វេបសាយ Pear Video ថា "ម៉ាស៊ីនធ្វើម្ហូបឆ្លាតមិនត្រឹមតែរំដោះខ្ញុំចេញពីផ្ទះបាយប៉ុណ្ណោះទេ ថែមទាំងរំដោះប្រពន្ធខ្ញុំចេញពីផ្ទះបាយផងដែរ"។

អ្នកភ្លក្សអាហារម្នាក់និយាយថា "ម្ហូបគឺមានរសជាតិឆ្ងាញ់ណាស់។ ម៉ាស៊ីនធ្វើម្ហូបនេះពិតជាមានជំនាញពូកែជាងខ្ញុំមែន"។

យោងតាមបុគ្គលិក ម៉ាស៊ីននេះអាចចម្អិនអាហារមួយមុខ ប្រើពេលត្រឹម ៣ ទៅ ៤ នាទីប៉ុណ្ណោះ ហើយវាក៏មានប្រព័ន្ធលាងសម្អាតដោយស្វ័យប្រវត្តិផងដែរ។

បុគ្គលិកនោះបានបន្ថែមថា ម៉ាស៊ីនចម្អិនម្ហូបនេះបច្ចុប្បន្នមានសម្រាប់តែជួលប៉ុណ្ណោះ ហើយត្រូវកក់មុន ១០.០០០ យ័ន (១.៥៥៨ ដុល្លារ) បូកនឹងប្រាក់ ១ យ័ន (០,១៦ ដុល្លារ) សម្រាប់រាល់ម្ហូបចម្អិនបានមួយមុខ៕

adverise with khmeread